ព័ត៍មានទាន់​ហេតុការណ៏
Search

របួស​សរសៃ​ពួរ​ជង្គង់​របស់​ខ្សែការពារ រស់ សំអឿន ក្នុង​ក្រុម​វិសាខា វះ​កាត់​ដោយ​ជោគជ័យ​តែ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​យូរ

ខ្សែការពារ រស់ សំអឿន ដែល​ជា​សមាជិក​ក្នុង​ក្រុម​វិសាខា ដែលជា​បេក្ខភាព​កំពុង​ប្រជែង​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) រដូវ​កាល​នេះ បាន​វះ​កាត់​របួស​ស​សៃ​ពួរ​ជង្គង់​របស់ខ្លួន​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ ខណៈ​មុខរបួស​នេះ​ការ​ពេល​សម្រាក​ព្យាបាល​រយៈពេល​យូរ​អង្វែង​មួយ​។

​របួស​របស់​កីឡាករ រស់ សំអឿន តាំង​ពី​ដើម​ជើង​ទី​២​មក​ម្ល៉េះ​នៅពេល​ហ្វឹកហាត់​ជាមួយ​ក្រុម ហើយ​ស្ថានភាព​របួស​នេះ​គឺ​វា​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រុម​ក្នុងការ​ប្រជែង​ទាំង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​ផងដែរ​។ ក្រោយ​វៈ​កាត់​កីឡាករ រស់ សំអឿន បាន​លើក​ឡើង​ថា​ របួស​របស់​ខ្លួន​ត្រូវការ​ពេល​សម្រាក​ចន្លោះ​ចាប់ពី​៨​ទៅ​១២​ខែ​ទើប​អាច​ជា​សះស្បើយ​និង​ចូល​ទីលាន​ប្រកួត​បាន​ឡើងវិញ​។ របួស​នេះ​បាន​ធ្វើ​ឲ្យ​រូបគេ​ស្ថិតនៅ​ក្រៅបញ្ជី​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ។

​កីឡាករ រស់ សំអឿន បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុម​បឹងកេត ក្រោយ​ផុត​សុពលភាព​នៃ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ កាលពី​ដើមឆ្នាំ​២០១៨ កន្លងទៅ ដោយ​សម្រេច​ចេញ​មក​ចូលរួម​ជាមួយ​ក្រុម​វិសាខា​។ រូបគេ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ក្នុងចំណោម​កីឡាករ​ឆ្នើម​ជាច្រើនរូប​ដែល​ក្លិប​វិសាខា ចុះកិច្ចសន្យា​បានសម្រេច​បូក​ទាំង​កីឡាករ កែវ សុខ​ផេង​, ទិ​ត្យ ឌី​ណា​,​សុខ សុវណ្ណ និង​កីឡាករ​កូរ៉េខាងជើង​៥​នាក់​ផ្សេងទៀត​ជាដើម​។

សូម​បញ្ជាក់​កីឡាករ រស់ សំអឿន បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​ឆ្លាម​សមុទ្រ (​រំសាយ​) នៅ​ឆ្នាំ​២០១៣ ខណៈ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ បាន​រួមរស់​ជាមួយ​បឹងកេត​អែ​ហ្វ​ស៊ី (​ចំការកៅស៊ូ​បឹងកេត​) និង​ឆ្នាំ​២០១៨ នេះ​ចូល​វិសាខា​។ ចំណែក​ក្នុង​ជម្រើសជាតិ​កម្ពុជា វិញ​កីឡាករ​មកពី​ខេត្តកណ្ដាល រូប​នេះ​បានជា​ប់​ក្នុង​បញ្ជី​ជម្រើសជាតិ U23 ជម្រើសជាតិ​កម្ពុជា ពី​ឆ្នាំ​២០១៣ ដល់​២០១៥ និង​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​បច្ចុប្បន្ន​រូបគេ​ក៏​ជាប់​ក្នុង​ជម្រើសជាតិ​ឈុត​ធំ​ផងដែរ​។

ក្រោយ​ឆ្លាម​សមុទ្រ ធ្លាក់​ចេញទៅ​ក្របខ័ណ្ឌ​ក​១ នៅ​ជំនាន់​នោះ រស់ សំអឿន បាន​ចេញមក​បឹងកេត ដោយ​ធ្លាប់​ជោគជ័យ​ជាច្រើន​ជាមួយ​ក្លិប​នេះ​ក្នុង​នោះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៦ និង​២០១៧ ពានរង្វាន់​បើក​រដូវ​កាល CNCC Cup 2017 និង​ជា​ក្រុម​ជើងឯក​រង​ពានរង្វាន់​ក្លិបអាជីព​តាម​ដង​ទន្លេងមេគង្គ​ Toyota Mekong Club Championship នៅឆ្នាំ២០១៥ ផងដែរ៕