ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ប៉េអិម បើករថយន្ត​ពី​ភ្នំពេញ ទៅបុក​ជនជាតិ​គ្រឹ​ង​ម្នាក់ ក្នុង​ខេត្តរតនគិរី រង​របួស​ធ្ងន់​

រតនគិរី ​៖​ បុរស​វ័យ​ចំណាស់​ជនជាតិ​គ្រឹង​ម្នាក់ បាន​រង​របួស​ធ្ងន់ ខណៈ​រូប​គាត់​កំពុង​ជិះ​ម៉ូតូ ឆ្លងផ្លូវ​មិន​បាន​ប្រុងប្រយ័ត្ន​ ក៏​ត្រូវ​រថយន្ត​ធុន​ត្រា​បុក បណ្ដាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​ផ្លូវថ្នល់។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី កែង​មន្ទីរ​ទេសចរណ៍​ខេត្ត ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា រថយន្ដ​ម៉ាក​១​គ្រឿង​តូ​យូ​តា​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-9896 អ្នកបើកបរ​ឈ្មោះ ញ៉ែម ស៊ី​ណាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ទីលំនៅ​បច្ចុប្បន្ន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បាន​រង​ការខូចខាត​រថយន្ត​ផ្នែក​ខាងស្តាំ​បែក​កញ្ចក់​មួយ​ចំហៀង​។

រីឯ​អ្នកបើកបរ​ម៉ូតូ​ម៉ា​ហុងដា​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ មានឈ្មោះ ឃុ​ត ចា​ឡឹង​ខ្លឹង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ សឹក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្ត​រត​គិរី (​រងរបួស​ធ្ងន់​) ជិះ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​ឆ្លងផ្លូវ​ទៅ​ឆៀង​ខាងលិច​មិនបាន​ប្រុងប្រយ័ត្ន​ក៏​រថយន្តបុក​តែម្តង​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​ស្នងការ​នគរបាល​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

ចំណែក​រថយន្ត និង​ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕