ព័ត៍មានទាន់​ហេតុការណ៏
Search

ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ឃាត់ខ្លួន​ ​ជនសង្ស័យ​២​នាក់ ដកហូត​បាន​ថ្នាំញៀន​៨​កញ្ចប់​ធំ​និង​តូច

ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់ ​ត្រូវបាន​កម្លាំង​​​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​នៅពេល​ប៉ូលិស​ហៅ​អោយ​ឈប់​និង​ត្រួត​ពិនិត្យឃើញ​មាន​ថ្នាំញៀន​យ៉ាង​សន្ធឹកសន្ធាប់​នៅជាប់​ខ្លួន ទើប​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ ១០​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​លើផ្លូវ លេខ​២១៧ កែង ផ្លូវ​លេខ​២២៣ ក្រុម ទី​២១ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​អោយដឹងថា នៅ​ថ្ងៃ​ពុធ ១០​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦:២០​នាទី កំលាំង​របស់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ បាន​ចុះ​រឹត បន្តឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជាក់ស្ដែង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន ប្រព្រឹត្ត​នៅ​ចំណុច​លើផ្លូវ លេខ​២១៧ កែង ផ្លូវ​លេខ​២២៣ ក្រុម ទី​២១ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ ១-​ឈ្មោះ យិន វណ្ណា​រ័ត្ន ហៅ រ័ត្ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ពុំ​ពិតប្រាកដ មាន​ស្រុកកំណើត ឃុំ​តុង រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​
២-​ឈ្មោះ ឈិ​ត ទេវ ហៅ ទេវ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ មាន​ស្រុកកំណើត ឃុំ​កោះ​រកា ស្រុក​ពាមរ ខេត្តព្រៃវែង។

វត្ថុតាង​ដែល​បាន​ចាប់​យក​មាន​ ៖​ កាបូបដៃ​ពណ៌​ខៀវ​ចំនួន​០១ ក្នុងនោះ​មាន ​៖ ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៨ ក្នុងនោះ​ធំ​០២​កញ្ចប់ និង​តូច​០៦​កញ្ចប់ (​សង្ស័យ​ជា​គ្រឿងញៀន​), ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក Nokia ពណ៌​ខ្មៅ , ខ្សែក​លោហ​:​ធាតុ ពណ៌​លឿង​ស្លេក​មួយ​ខ្សែ​មាន​រូប បន្តោង​ព្រះ​ពណ៌​ស និង ម៉ូតូ​មួយគ្រឿង​ម៉ាក SL ពណ៌​ស លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-9828 ដែលមាន​លេខ​តួ​: 1100007 និង​លេខ​ម៉ាស៊ីន​: 1100028 (​ចាប់យក​ពី​ឈ្មោះ យិន វណ្ណា​រ័ត្ន ) ។​

បច្ចុប្បន្ន​៖ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕