ព័ត៍មានទាន់​ហេតុការណ៏
Search

សាច់​មាន់​ខូចគុណភាព​ជាង​១​តោន ត្រូវ​ជំនាញ​ដុត​បំផ្លាញ​ចោល

បាត់ដំបង ៖ សាច់មាន់ និង ចំណីអាហារ ដែល​នាំ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា សរុប​ប្រមាណ ជាង ១ តោន តាម​ច្រក​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ត្រូវបាន​កម្លាំង​ជំនាញ​របស់​សាខា​កាំកុងត្រូល ដែល​ឈរជើង​តាម​បណ្តា​ប៉ុស្តិ៍​នានា លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ចាប់បាន ព្រមទាំង​បាន​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​ផង​ដែរ។

យោងតាម​របាយការណ៍ ​ដែល​អះអាង​ដោយ​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា កាំកុងត្រូល​ប្រចាំខេត្ត​បាត់ដំបង បាន​លើកឡើងថា មួយរយៈ​នេះ​ កម្លាំង​របស់លោក បានធ្វើការ​រឹតបន្តឹង​នូវ​ទំនិញ​នានា​ដែល​នាំចូល​មកពី​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ទៅលើ​គុណភាព​ និង​ទប់ស្កាត់​អោយបាន​នូវ​របស់​ដែល​ខូចគុណភាព ព្រោះ​វា​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យកទៅ​ពិសា។​

ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ដែល​ឈរជើង​ប្រចាំ ប៉ុស្ដិ៍ អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក​បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ នាំចូល ពី​ប្រទេស​ថៃ នៅ​មាត់ច្រក ដោយ​ចាប់បាន នូវ​ចំណីអាហារ​ដែល​ខូចគុណភាព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ក្រុម​ឈ្មួញ​បានដាក់​បង្កប់​នៅ​ពីក្រោម​រទេះ​ដែល​ដឹក​ផ្លែឈើ។​

ទំនិញ​ទាំងនោះ​រួមមាន សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹង​មាន់ ដែល​សុទ្ធសឹង​ជា​ទំនិញ​ខូចគុណភាព សរុប ទម្ងន់ ១,០៥៥ គីឡូក្រាម និង នំ ចម្រុះ ខូចគុណភាព ៥០ គីឡូក្រាម ក្រោយពី​បាន​ចាប់យក​ទំនិញ​ទាំងនេះ​រួចមក នៅ​ព្រឹក​ថ្ងៃទី ២០ ខែ ឆ្នាំ ដដែល កំលាំង​ជំនាញ​របស់​សាខា​កាំកុងត្រូល បានធ្វើ​ការដុត​កម្ទេច​ចោ​ល នៅ​នឹង​ព្រំដែន​នោះ​តែម្តង ​ដោ​យ​មាន ការចូលរួម​ពី លោក អភិបាលរង​ស្រុក ភ្នំព្រឹក និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា កំលាំង​គយ និង​ប៉ូលិស ស្នាក់ការ ជាដើម៕