ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ម៉ាឡេស៊ី​និយាយថា អតីត​នាយករដ្ឋមន្ត្រី Najib នឹង​ប្រឈម​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​២១​ករណី​ទៀត

ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​សរុប​ចំនួន​២១​ករណី​នឹងត្រូវ​ដាក់​លើ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ពាក់ព័ន្ធ​ទឹកប្រាក់​ចំនួន ៦៨១​លាន​ដុល្លារ​ដែល​ផ្ទេរ​ចូលក្នុង​គណនី​ធនាគារ​របស់លោក​ដោយ​លុយ​នោះ​ត្រូវបាន​គេ​សង្ស័យថា​គឺ​មកពី​មូលនិធិ​រដ្ឋ 1MDB ដែល​ញាំញី​ដោយ​រឿងអាស្រូវ​។​

អគ្គ​អធិការ​ប៉ូលិស​រង​លោក Noor Rashid Ibrahim បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​នេះ​គឺ​រួមមាន​ការទទួលបាន​ប្រាក់​ខុសច្បាប់​ចំនួន​ប្រាំបួន​ករណី ប្រើប្រាស់​ប្រាក់​ខុសច្បាប់​ប្រាំ​ករណី​និង​ការផ្ទេរ​ប្រាក់​ទៅ​ឲ្យ​អង្គភាព​ដទៃទៀត​ចំនួន​ប្រាំពីរ​ករណី​។

លោក Najib ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បាន​ចោទប្រកាន់​ក្នុង​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​លើ​ការផ្ទេរ​ប្រាក់​ចូលទៅក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក​។ ករណីនេះ​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង​ការបាត់​បង់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ 1End Malaysia Development Berhad (1MDB) ។​

លោក Najib ដែល​បាន​បង្កើត 1MDB ក្នុង​ឆ្នាំ​២០០៩​បាន​ប្រឈម​នឹង​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ចាប់តាំងពី​ការ​ចាញ់ឆ្នោត​ទាំង​មិន​នឹកស្មាន​ដល់​កាលពី​ខែឧសភា​ក្រោម​ថ្វីដៃ​លោក Mahathir Mohamad ដែល​បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ការចោទប្រកាន់ថា ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Noor មិនបាន​និយាយ​ទេ​ថា​តើ​ការចោទប្រកាន់​អំពី​ការលាង​លុយកខ្វក់​ចំនួន​២១​ករណីនេះ​មាន​ជាប់ទាក់ទង​ទៅនឹង 1MDB ដែរ​ឬក៏​អត់​ប៉ុន្តែ​ពាក្យបណ្តឹង​ដែល​ដាក់​ដោយ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា ទឹកប្រាក់​៦៨១​លាន​ដុល្លារ​បាន​ចូលទៅក្នុង​គណនី​របស់​លោក Najib ពី​មូលនិធិ​នេះ​។​

ការចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នឹង​ក្លាយជា​ការចោទប្រកាន់​ទី​២​ដែល​ប្រឆាំងនឹង​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ចំពោះ​បទល្មើស​ដែល​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង 1MDB ។​

លោក Najib ត្រូវ​រង​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់ រំលោភ​លើ​សេចក្តីទុកចិត្ត​និង​រំលោភបំពាន​អំណាច​កាលពី​ខែកក្កដា​និង​សីហា​ទាក់ទង​ទៅនឹង​មូលនិធិ​ប្រហែល​៤២​លាន​រីង​ហ្គី​ត (១០.១៤​លាន​ដុល្លារ​អាមេរិក​) ចេញពី SRC International ដែលជា​អតីត​អង្គភាព​របស់ 1MDB ចូលទៅក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក​៕ REUTERS