ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​នាំពាក្យ​តុលាការ​ថា លោក កឹម សុខា មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចេញពីផ្ទះ និង​ជួប​ជាមួយ​មនុស្ស​ដែល​មិន​ស្ថិត​ក្នុង​ការ​ហាម​ប្រាម​រ​បស់​ចៅក្រម

ភ្នំពេញ ​៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពុំមែន​ជា​ករណី​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ហើយ​លោក​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ចេញពីផ្ទះ​តាម​កំណត់ និង​មាន​សិទ្ធិ​ជួប​ជាមួយ​មនុស្ស ដែល​មិន​ស្ថិតក្នុង​ការហាម​ប្រាមរ​បស់​ចៅក្រម​។​

ការចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​មានការ​លើកឡើងថា លោក កឹម សុខា ត្រូវបាន​តុលាការ​យកមក​ឃុំខ្លួន​ក្នុងផ្ទះ ជំនួស​ឱ្យ​ការឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​។ លោក​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ ហើយ​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន ដូចជា​មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។​

តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់ខ្លួន​យ៉ាងនេះ​ថា លោក គឹម សុខា ត្រូវបាន​លោក គី ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ជំនួស​ឱ្យ​វិធានការ​នៃ​ការឃុំខ្លួន​ជា​បណ្ដោះអាសន្ន​។ យោងតាម​ដីកា​សម្រេច​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាកា​ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ របស់លោក​ចៅក្រម គី ប្ញ​ទ្ធី ការសម្រេច​នេះ គឺជា​ផ្នែក​មួយ​ផ្អែកលើ​ហេតុផល​ផ្នែក​សុខភាព​ជន​របស់​ជន​ត្រូវ​ចោទ​។ ផ្អែក​តាម​ដីកា​សម្រេច​នេះ លោក កឹម សុខា ក្នុងឋានៈ​ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ក្តី​នៅ​តុលាការ​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បានដាក់​ឲ្យ​ជាប់​កាតព្វកិច្ច​មួយចំនួន ដើម្បី​បម្រើ​ឲ្យ​ចំណាត់ការ​នីតិវិធី​បន្ត​លើ​សំណុំរឿង​ដោយ​ចៅក្រម។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​គូសបញ្ជាក់​ផងដែរ​ថា ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ខាងលើនេះ​ពុំមែន​ជា​ករណី​នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ​។ ទន្ទឹមនឹងនេះ ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ក្នុងការ​ហាមឃាត់​ជន​ត្រូវ​ចោទ​មិន​ឲ្យ​ចាក​ចេញពី​ព្រំប្រទល់​ដែនដី​ណាមួយ​ជា​កំណត់ គឺជា​សិទ្ធិអំណាច​របស់​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើឡើង​ស្របតាម​មាត្រា​២២៣ កថាខណ្ឌ​ទី​២ ចំណុច​ទី​១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​ផ្អែកលើ​ហេតុផល​ផ្នែក​សន្តិសុខ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានាថា ជន​ត្រូវ​ចោទ​នឹងមិន​រត់គេចខ្លួន​ពី​នីតិវិធីតុលាការ​។ ក្នុងន័យនេះ​ជន​ត្រូវ​ចោទ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ចេញពីផ្ទះ​របស់​ខ្លួន​ក្នុង​ព្រំប្រទល់​ដែនដី​ដែល​កំណត់ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដោយ​មិន​ស្ថិតនៅក្នុង​ក្របខណ្ឌ​បញ្ជី​នៃ​ការហាមឃាត់​របស់​តុលាការ​បាន ពោលគឺ​បុគ្គល​ដែល​អាចមាន​ការពាក់ព័ន្ធ នឹង​សំណុំរឿង​ជាមួយ​ជន​ត្រូវ​ចោទ​ហើយ ដែល​តុលាការ​កំពុងមាន​ចំណាត់ការ​។​

តាម​អ្នកនាំពាក្យ ហេតុផល​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា គឺជា​រឿង​សំខាន់ ដែល​ចាំបាច់​ត្រូវមាន​ការចូល​រួមសហកា​រ​ជាមុន​រវាង​សមត្ថកិច្ច​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា បូករួម​នឹង​ការចូលរួម​របស់​ភាគី​ជន​ត្រូវ​ចោទ​ផងដែរ ដើម្បី​ចៀសវាង​រឿងហេតុ​អាក្រក់​ណាមួយ ផ្នែក​សុវត្ថិភាព​លើ​រូប​ជន​ត្រូវ​ចោទ កឹម សុខា ពី​តួអង្គ​ខាងក្រៅ៕