ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​អតីត​ព្រះចៅអធិការ​វត្ត កំពង់​ក្តុល​ទៅ​មណ្ឌល​បន្សាប​ថ្នាំញៀន

ភ្នំពេញ ​៖​ កម្លាំង​សមត្ថកិច្ច​ផ្នែក​គ្រឿងញៀន​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃទី ២០​កញ្ញា ឆ្នាំ​២០១៨​នេះ​ បាន​បញ្ជូន​ខ្លួន​ព្រះចៅ​អធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​ នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ក្រោយពី​សមត្ថកិច្ច​ និង​តុលាការ​រក​ឃើញ​ថា ​អតីត​សង្ឃ​កំហូច​នេះ​ មាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន។

មន្ត្រី​តុលាការ​ថ្លែង​ថា ក្រៅពី​មាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន អតីត​ព្រះចៅអធិការ​វត្ត​មិនមាន​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ទេ ទើប​តំណាង​អយ្យការ​បានសម្រេច​អោយ​នគរបាល​បញ្ជូន​អន្ទិត​គោ​ធាក់​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន។​

ចំពោះ​បទល្មើស​ជាប់​អាបត្តិ​សេព​មេថុន អសុច្ចកៈ​កំរើក​ចាក​ទី គឺជា​អំពើ​ល្មើស​ខាង​ពុទ្ធចក្រ ត្រូវបាន​ផ្នែក​ធម៌​វិន័យ​សម្រេច​ផ្សឹក ​និង​បណ្ដេញ​ចេញពី​វត្ត​រួចហើយ។​

សូម​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន ដាក់គ្នា តាមដាន​តាំងពី​ព្រលប់​រហូតដល់​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែ​កញ្ញា ក៏​ឃើញ​ព្រះ​ចៅអធិការ​វត្ត​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​ស្រី​កំណាន់ចិត្ត​ចេញ ពី​ផ្ទះ​ឆ្ពោះ​មកកាន់​វត្ត​កំពង់​ក្តុល​វិញ ស្រប​ពេល​នោះ ប្រជាពលរដ្ឋ បាន​នាំគ្នា​ចាប់​ព្រះសង្ឃ មា​ជ សុវណ្ណ និង​ស្រី​កំណាន់ចិត្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌដង្កោ​តែម្ដង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រជាពលរដ្ឋ​តាមដាន​ទាន់ និង​មាន​ភស្តុតាង ជាក់ស្តែង ចំពោះ​ទង្វើ​ប្រាសចាក​ពី​ធម៌​ព្រះពុទ្ធ​របស់​ព្រះ​តេជគុណ មា​ជ សុវណ្ណ សមត្ថកិច្ច​សម្រេច ឃាត់ខ្លួន​ប្រគល់​ឲ្យ​អនុគុណ​ និង​មន្ត្រី​ធម្មការ​ខណ្ឌដង្កោ បន្ត​នីតិវិធី​ទៅតាម​ច្បាប់ វិន័យ​ព្រះពុទ្ធសាសនា។

សមត្ថកិច្ច​បន្តទៀតថា ជុំវិញ នឹង​ករណី​ខាងលើនេះ ព្រះចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ បាន​មាន​សង្ឃដីកា​សារភាពថា ព្រះអង្គ​ពិតជា​បាន​ប្រព្រឹត្ត នៅ​ទង្វើ បែបនេះ​មែន ហើយ​ព្រះអង្គ​ក៏​សុំទោស ដល់​ពុទ្ធបរិស័ទ​ទាំងអស់ ដោយ​ព្រះអង្គ​សម្រេច​សឹក​លាចាក​សិក្ខាបទ​ពី​ព្រះពុទ្ធសាសនា ទៅ​រស់នៅ​ធម្មតា​ដូច​ពលរដ្ឋ​ទូទៅវិញ។​

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ​បានបញ្ជាក់​ទៀតថា ទោះបីយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​នៅតែ​សម្រេច​ឃាត់ខ្លួន​បុគ្គល មា​ជ សុវណ្ណ នេះ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ក្រោយ ពី​ពិនិត្យឃើញថា បុគ្គល​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទៀត ហើយ​ចុងក្រោយ​តំណាង​អយ្យការ​បានសម្រេច​បញ្ជូន​អន្ទិត​មាស សុវណ្ណ ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន៕