ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ស្វាគមន៍ និង​គាំទ្រ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​លោក ដូ​ណា​ល់ ត្រាំ

ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស បានប្រកាស​ស្វា​គម​ន៍ និង​គាំទ្រ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​អះអាងថា លោក​រីករាយ នឹងធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កាន់តែ​ស៊ីជម្រៅ ហើយ​លោក​ប្រធានាធិបតី ក៏បាន​សម្តែង​ការភ្ញាក់ផ្អើល ចំពោះ​ការរីក​ចម្រើ​ន និង​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ទៅកាន់​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អាមេរិក កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​។

លោក សុខ ឥសាន ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វាគមន៍ និង​គាំទ្រ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​លោក​ប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ថ្លែង​នៅ​ចំពោះមុខ ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដែលថា លោក​រីករាយ នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កាន់តែ​ស៊ីជម្រៅ​។ ទន្ទឹម​នឹង​នេះ លោក​ប្រធានាធិបតី ក៏បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ចំពោះ​ការ​រីកចម្រើន​នៃ​កិច្ច​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ​។

តាម​លោក សុខ ឥសាន “​ការ​មាន​ប្រសា​ស​ន៍ ដ៏​មាន​អត្ថន័យ និង​មានតម្លៃ​ចំពោះ​សភាព​ការណ៍​កម្ពុជា ដែល​លោក​ប្រធាណាធិបតី មាន​ឆន្ទៈ​ចង់​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​កម្ពុជា កាន់តែ​ស៊ីជម្រៅ​នោះ គឺជា​ការផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​តាម​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​ពិត​ប្រាកដ​។

គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​លោក​ប្រធានាធិបតី​សរ​អា​នា​ពេល​នេះ ផ្ទុយស្រឡះ​ពី​សំដី និង​ការផ្សាយ​របស់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​តែងតែ​បំភ្លៃ​ការពិត និង​មួលបង្កាច់​សភាព​ការ​ណ៍​កម្ពុជា ធ្វើខ្លួន​ជា​ខ្មាំងសត្រូវ​របស់​កម្ពុជា និង​ធ្វើខ្លួន​ជា​អាមេរិក​ជាង​អាមេរិក​ទៅទៀត ផ្ទុយ​ពី​ជំហរ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​”​។

ជា​មួយ​គ្នា​នោះ​ លោក សុខ ឥសាន ក៏បាន​ប្រសិទ្ធពរ​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​អាមេរិក កាន់តែ​ត្រូវ​បាន​ពង្រឹងពង្រីក រឹងមាំ ឥតឈប់ឈរ សម​ស្របតាម​បំណងប្រាថ្នា​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ។

សូម​បញ្ជាក់​ថា លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ទទួល​ជួប​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អាមេរិក ហើយ​នៅក្នុង ជំនួប​នោះ លោក​បាន​លើក​ឡើង​ថា ការ​អញ្ជើញ​មកដល់​របស់​ឯកអគ្គ​រាជទូត​កម្ពុជា នៅ​ទីក្រុង​វ៉ាស៊ីនតោន ពិត​ជា​មាន​សារៈសំខាន់​នៅក្នុង​កម្រិត​ជាច្រើន​។ វា​មាន​អត្ថន័យ​បញ្ជាក់​អំពី​ទំនាក់ទំនង ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ក្នុង​រយៈកាល​ជាង​២៥​ឆ្នាំ ដែល​យើង​ទទួល​បាន បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

លោក​បញ្ជាក់​ថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ក្នុង​ពេលនេះ គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ហើយ​សហរដ្ឋអាមេរិក មាន​មោទនភាព ដែលជា​ដៃគូ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​នេះ​។​
​លោក ដូ​ណា​ល់​ត្រាំ​លើកឡើង​ទៀតថា “​យើង​ដឹងថា កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​កិច្ចអភិវឌ្ឍន៍​ធំធេង​ជាង​នេះ នៅក្នុង​អនាគត ហើយ​យើង​មាន​ក្តី​រីករាយ​ធ្វើការ​ជាមួយគ្នា​។ នៅ​ចំពោះ​មុខការ​ប្រឈម និង​កាលានុវត្តភាព​ជាច្រើន​អនេក​។ យើង​មានការ​រំពឹងថា នឹងមាន​ការរីកចម្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី និង​ត្រឹមត្រូវ សន្តិសុខ​តំបន់ និង​អភិបាលកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រជាធិបតេយ្យ ហើយ​យើង នឹង​ខិតខំ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខាភិបាល​ទូទៅ​។ ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​លោក ដើម្បី​ជំរុញ​របៀបវារៈ​រួម​របស់​យើង ហើយ​និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​”៕