ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចាំទី អ៊ុំ សេរី​រ័ត្ន ថា​ របួស​ជើង​របស់ខ្លួន​ត្រូវការ​ពេល​ព្យាបាល​ចំនួន​១​ខែ​ទើប​ចូល​ហ្វឹកហាត់​បាន​វិញ

អ្នកចាំទី អ៊ុំ សេរី​រ័ត្ន របស់​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) កំពុងមាន​បញ្ហា​របួស​សរសៃ​ជើង ក្រោយ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) នាពេល​កន្លងទៅ ហើយ​របួស​នេះ​តម្រូវ​ឲ្យ​រូបគេ​សម្រាក​ព្យាបាល​រហូតដល់​ទៅ​១​ខែ​ទើប​អាច​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ឡើងវិញ​។

យោងតាម​ការ​បញ្ជាក់​ពី​សំណាក់​សាមីខ្លួន​បាន​អះអាងថា​ របួស​សរសៃ​ជើង​នេះ​គឺ​កើតឡើង​ទៅលើ​រូប​ខ្លួន​អំឡុង​ក្រោយ​ជួយ​ឲ្យ​ក្រសួងការពារជាតិ ឈ្នះ​ណាហ្គា​វើ​ល ដោយ​លទ្ធផល ៣-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​។ ប៉ុន្តែ​របួស​នេះ​មិនសូវ​ជា​ធ្ងន់​ពេក ប៉ុន្តែ​ក្រោយមក​រូបគេ​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​ក៏​បត់​ជង្គង់​ធ្ងន់ធ្ងរ​តែម្តង​។ កីឡាករ​រូប​នេះ​បន្តថា ​បន្ទាប់ពី​ការប្រកួត​នេះ បាន​ទៅ​ពេទ្យ​ព្យាបាល​ដោយ​ចលនា​ដើម្បី​ត្រួតពិនិត្យ ព្រោះ​របួស​នេះ​អាច​ញាំញី​ខ្លួន​​ឲ្យ​រ៉ាំរ៉ៃ​ផងដែរ​។

​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា រូបនេះ​បញ្ជាក់​ថា «​តាមពិតទៅ​របួស​នេះ​ធ្វើ​ទុក​ខ្ញុំ​ជាង​២០​ថ្ងៃ​ហើយ ដោយ​មិនទាន់​អាច​ហ្វឹកហាត់ ឬ​ធ្វើ​ចលនា​អី​ផ្សេង​បាន​នៅឡើយ តែ​ពេទ្យ​គេ​តម្រូវ​ឲ្យ​ខ្ញុំ​សម្រាក​រយៈពេល​១​ខែ​សិន ដើម្បី​តាមដាន​សិន​។ ខ្ញុំ​នឹង​ត្រូវ​សម្រាក​ព្យាបាល​រហូតដល់​ចប់​រដូវ​កាល​តែម្តង​។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​ដែល​មិន​អាច​ជួយ​ក្រុម​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​»​។

របួស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កៅអី​របស់​កីឡាករ អ៊ុំ សេរី​រ័ត្ន ក្នុង​ក្រុម​ជម្រើសជាតិ​នាពេលខាងមុខ​ដែល​ត្រៀម​ប្រកួត​ប្រចាំ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ រូបគេ​បាន​តាំងចិត្ត​ថែរក្សា​សុខភាព​ដើម្បី​ឱ្យបាន​ជាសះស្បើយ​បាន​លឿន​។ រូបគេ​ត្រូវបាន​ក្លិប​ដាក់​ក្នុង​អ្នកចាំទី​ដៃ​ទី​២ បន្ទាប់ពី​បងប្រុស​បង្កើត​របស់ខ្លួន​គឺ អ៊ុំ វិចិត្រ ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ដៃ​ទី​១​។

​កីឡាករ អ៊ុំ សេរី​រ័ត្ន វិវត្តន៍​ខ្លួន​ចេញពី​ក្រុមយុវជន​ថ្នាល​របស់​ក្រុម​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៣ រូបគេ​ត្រូវ​បាន​លោក ទេព ឡុង​រចនា គ្រូបង្វឹក​នៅ​ជំនាន់​នោះ​ចុះឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ធំ ខណៈ​នៅ​ឆ្នាំ​នោះដែរ​ត្រូវ​បាន​ក្លិប​អាស៊ី​អឺរ៉ុប ខ្ចី​ជើង​ពាក់កណ្ដាល​រដូវ​កាល រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា គិត​តាំងពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៧ ថ្មីៗ​នេះ​ផង​ដែរ​។ អ៊ុំ សេរី​រ័ត្ន ធ្លាប់ជួយ​ក្រុម​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ​២០១៦ ខណៈ​រូបគេ​ធ្លាប់​ឈ្នះ​ស្រោមដៃ​មាស​ទាំង​ក្នុង​លី​គ​និង​ពានរង្វាន់​សម្តេច​តេ​ជោ នៅ​ឆ្នាំ​ដំណាលគ្នា​នោះ​ផងដែរ​៕