ព័ត៍មានទាន់​ហេតុការណ៏
Search

របួស​ជង្គង់​ស្តាំ​របស់​ខ្សែបម្រើ​វ័យក្មេង ស៊ាន ភី​សារ ធ្វើ​ឲ្យ​រូបគេ​សម្រាក​ព្យាបាល​រហូតដល់​ចប់​រដូវ​កាល

កីឡាករ​ខ្សែបម្រើ ស៊ាន ភី​សា សមាជិក​ក្នុង​ក្រុមបាល់ទាត់​វិសាខា​អែ​ហ្វ​ស៊ី ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨ (Metfone Cambodian League 2018) កំពុងតែ​សម្រាក​ព្យាបាល​របួស​ជង្គង់​ស្តាំ​របស់ខ្លួន ខណៈ​របួស​នេះ​ធ្វើឱ្យ​រូបគេ​នៅក្រៅ​ទីលាន​អស់​រយៈពេល​ជាច្រើន​ខែ​ផងដែរ។

កីឡាករ​រូបនេះ​បាន​អះអាង​ជុំវិញ​ស្ថានភាព​របួស​របស់ខ្លួន​ថា «​មែនទែន​ទៅ​ខ្ញុំ​សម្រាក​៣​ខែ​ហើយ​ដើម្បី​ព្យាបាល​របួស​នេះ​ព្រោះតែ​ឥឡូវ​មុខរបួស​ត្រង់​ឆ្អឹង​ដុះ វា​ហើម​តែ​បាន​ធូរ​ប្រមាណ​៧០%​ហើយ​។ ខ្ញុំ​អាច​ចូល​ហាត់​ជាមួយ​គេ​បណ្ដើរៗ​ហើយ តែ​រដូវ​កាល​នេះ​មិនអាច​លេង​បាន​នោះទេ​។ ប្រហែល​រដូវ​កាល​ក្រោយ អាច​ចូល​លេង​ទាន់​ព្រោះ​ជើង​យើង​ត្រូវការ​ហ្វឹកហាត់​សាច់ដុំ កាយសម្បទា​»​។

កីឡាករ ស៊ាន ភី​សា បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​វិសាខា រយៈពេល​១​រដូវ​កាល កាលពី​កុម្ភៈ​ដើមឆ្នាំ ២០១៨​កន្លងទៅ​។ គួរ​រំលឹក​ដែរ​ថា ភី​សារ ជា​អតីត​កីឡាករ​របស់​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត មុន​ផ្លាស់​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​បាន​បន្ត​ផ្លាស់​ទៅ​រួមរស់​ជាមួយ​ក្រសួងការពារជាតិ កាលពី​រដូវ​កាល​មុន​។ កីឡាករ​មកពី​ខេត្តបាត់ដំបង រូបនេះ​ក៏​ជា​អតីត​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​របស់​កម្ពុជា​ផងដែរ​។

ក្រុម​វិសាខា បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា តំណាងរាស្ដ្រ​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​។​បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​បាន ២៥​នាក់​សម្រាប់​ចូលរួម​លី​គ​លំដាប់​ទី​២​របស់​កម្ពុជា​ឆ្នាំនេះ​។ លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួរ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូន​ប្រុស​បង្កើត​ធ្វើ​ជា​គ្រូ​បង្វឹក​៕