ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សុក វាសនា​,​ហុក សុ​ជី​វ័​ន្ត និង ហៅ សុជាតិ ស្ថិត​ក្នុង​បញ្ជី​ចុងក្រោយ​ត្រៀម​ដណ្តើម​ពានរង្វាន់​គ្រូបង្វឹក​ប្រជាប្រិយភាព​ជាងគេ

ក្នុងចំណោម​គ្រូបង្វឹក​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ដាក់​ឲ្យ​មហាជន​បោះឆ្នោត​គាំទ្រ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អស់​រយៈពេល​កន្លងមក នៅពេលនេះ ​បានបញ្ចប់​ដំណាក់កាល​ជម្រុះ​ទី​១​ហើយដោយ គេ​ឃើញថា​មានតែ​គ្រូបង្វឹក​ចំនួន​៣​រូប​ប៉ុណ្ណោះ ដែល​ទទួលបាន​ចំនួន​គាំទ្រ​ច្រើនជាងគេ​នៅក្នុង​ពានរង្វាន់​« គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​»​។

ពានរង្វាន់​នេះ​នឹង​ប្រកាស​លទ្ធផល​នៅក្នុង​កម្មវិធី CAMBODIAN FOOTBALL AWARD នៅ​ចុងរដូវ​កាល​នេះ​។ ជា​លទ្ធផល​គ្រូបង្វឹក​៣​នាក់​ចុងក្រោយ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ប្រចាំ​ឆ្នាំនេះ​មាន​លោក សុក វាសនា គ្រូបង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​ក្រុម​វិសាខា និង​លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត​។

​សូម​បញ្ជាក់​ថា ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខភាព​គ្រូបង្វឹក ​«​គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​» ដំណាក់កាល​ទី​២​នេះ នឹង​ចាប់​ផ្តើមធ្វើ​ពីថ្ងៃ​ទី​២១ ខែកញ្ញា ដល់ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៨​។ គ្រូបង្វឹក​ទាំង​៣​ដែលមាន​អ្នក Like បាន​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​លើ​ហ្វេ​ស​ប៊ុ​ក​តែ​ម្នាក់​គត់​នឹង​ទទួល​បាន​ពានរង្វាន់​នេះ​។

គេ​ចាំ​នៅក្នុង​ថ្ងៃ​នៅក្នុង​ព្រឹត្តិការណ៍ «​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ប្រចាំឆ្នាំ (Cambodia Football Award» ដែល​រៀបចំឡើង​ដោយ CNCC កាលពីដើមឆ្នាំ​បាន​ចែក​ពានរង្វាន់​ជាច្រើន​ដល់​ម្ចាស់​ជយលាភី​ដែល​ពាក់ព័ន្ធ​ខណៈ​លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល គឺជា​ម្ចាស់​ពានរង្វាន់​« គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​» នេះ​។

លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការ​របស់ CNCC ធ្លាប់​បាន​បញ្ជាក់​ជុំវិញ​កម្មវិធី CAMBODIAN FOOTBALL AWARD ថា «​យោងតាម​ថ្នាក់ដឹកនាំ ការបង្កើត​ពានរង្វាន់​នេះ​ឡើង​ដើម្បី​លើកទឹកចិត្ត​និង​ផ្ដល់​តម្លៃ​ដល់​កីឡាករ ក្លិប​នីមួយៗ គ្រូបង្វឹក មន្ត្រី​រៀបចំ​ការប្រកួត​និង​អ្នកពាក់ព័ន្ធ​ផង​ផ្សេងទៀត ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​កន្លងមក​ដល់​ដើម្បី​បាល់ទាត់​យើង​។ ព្រឹត្តិការណ៍​នេះ​យក​លំ​អាន​តាម​លំ​អាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ខណៈ​យើង​រំពឹងថា​នឹង​វិវត្តន៍​ឱ្យ​កាន់តែ​រីកចម្រើន​នៅ​ថ្ងៃ​ខាងមុខ​»៕