ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​នាយករដ្ឋមន្ត្រី​វៀតណាម ចំពោះ​មរណភាព​លោក ត្រាន់ ដាយ​ក្វាង

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ២១ ខែកញ្ញា នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក ង្វៀង សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម​ចំពោះ​មរណភាព​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រាន់ ដាយ​ក្វាង​។

ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា «​មរណភាព​របស់លោក ត្រាន់ ដាយ​ក្វាង នេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង​នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង គួរ​ឲ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស​និង​ប្រជាជន​វៀតណាម​និង​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា។ ក្នុងខណៈ​ដ៏​សោកសង្រេង​នេះ ការ​ឧទ្ទិស​និង​ការ​បួងសួង​របស់ខ្ញុំ​ស្ថិតនៅ​ជាមួយ​លោក​និង​ប្រជាជន​វៀតណាម​ជានិច្ច​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមទៀតថា «​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​និង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នេះ​»​។

ប្រធានាធិបតី​វៀតណាម​លោក ត្រាន ដាយ​ក្វាង (Tran Dai Quang) បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ក្នុង​ជន្មាយុ ៦១ឆ្នាំ​។ យោង​តាម​ការ​ដកស្រង់​ការផ្សាយ​ពី​វិទ្យុ​រដ្ឋ​របស់​ប្រទេស​វៀតណាម ប្រធានាធិបតី​លោក ត្រាន ដាយ​ក្វាង បាន​ទទួល​មរណភាព​បន្ទាប់ពី​លោក​បាន​រង​ការវាយប្រហារ​ដោយ​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​។

ប្រធាន​ផ្នែក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​យោធា​វៀតណាម​លោក Nguyen Quoc Trieu បាន​បញ្ជាក់ថា​ ប្រធានាធិបតី​វៀតណាម​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ម៉ោង​១០និង០៥​នាទី​នៅ​មន្ទីរ​ពេទ្យ​យោធា​នាទី​ក្រុង​ហាណូយ​។

​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​មន្ទីរពេទ្យ​ខាងលើ​នេះ ប្រមុខរដ្ឋ​វៀតណាម​រូប​នេះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​យូរហើយ ហើយ​លោក​ក៏បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ទាំង​ក្នុងស្រុក និង បរទេស​ដែរ មុន​ទទួលមរណភាព​នេះ។ ប៉ុន្តែ​មិនមាន​ការ​បញ្ជាក់​ពី​ខាង​មន្ទីរពេទ្យ​ឡើយ​ជុំវិញ​ប្រភេទ​ជំងឺ​របស់​ប្រធានាធិបតី​រូបនេះ​។

លោក Dai Quang បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​នៅក្នុង​ខែមេសា ឆ្នាំ​២០១៦ ដោយ​ជំនួស​តំណែង​លោក Truong Tan Sang​។ លោក​ក៏​ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​តំណែង​។

លោក Dai Quang បានកើត​នៅក្នុង​ឆ្នាំ​១៩៥៦ នៅ​ភូមិ Quang Thien នៃ​ខេត្ត​ភាគ​ខាងជើង Ninh Binh​។ លោក​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នគរបាល​ប្រជាជន​វៀតណាម និង​សាលា​ភាសាបរទេស​ក្រោម​ក្រសួងមហាផ្ទៃ ដែល​បច្ចុប្បន្ន​ជា​ក្រសួង​សន្តិសុខ​សាធារណៈ​។

​លោក​ក៏​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​ដោយមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ច្បាប់ មុននឹង​ចូលកាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។​បន្តម​កទៀត​លោក​បាន​ក្លាយជា​អនុរដ្ឋមន្ត្រី​សន្តិសុខ សាធារណៈ​នៅ​ឆ្នាំ ២០០៦ ។ ក្នុង​ខែសីហា​ឆ្នាំ ២០១១ លោក Dai Quang ត្រូវបាន​ដំឡើង​តំណែង​ទៅជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៦​មុន​ក្លាយជា​ប្រធានាធិបតី៕