ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ពី​ទស្សនៈ​ខ្លួន​មុន​ពេល​ជួប​ម្ចាស់ផ្ទះ​ទ័ព លើក​ទី​៤​ក្នុង​ឆ្នាំ​២០១៨​នេះ

ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២​ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លើ​ទីលាន​មជ្ឈមណ្ឌល​កងយោធពល​ខេ​ម​រិ​ភូមិន្ទ (​ស្តា​ត​ចាស់​) ក្នុង​សប្ដាហ៍​ទី​២១​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ នេះ​ជា​ជំនួប​លើក​ទី​៤​ហើយ​របស់​ក្រុម​ទាំង ខណៈ​ប្រកួត​៣​លើក​កន្លងមក​ក្រុម​ទាំង​២​ប៉ះគ្នា​២​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប៉ះគ្នា​១​លើក​ទៀត​កាលពី​ជើង​ទី​១​ក្នុង​ខែមិថុនា កន្លងទៅ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។

លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លើក​ឡើង​មុន​ការប្រកួត​នេះ​មកដល់​ថា «​ជំនួប​ជាមួយ​ក្លិប ក្រសួងការពារជាតិ ពួក​យើង​ត្រូវតែ​រត់​៩០​នាទី​ដោយសារ​ពួកគេ​លេង​ជាមួយ​ការតាំង​ចិត្ត​ខ្ពស់​។ ដោយ​យើង​ត្រូវតែ​ផ្តោត​ប្រមូល​ផ្តុំ​អារម្មណ៍ ពីព្រោះ​ពួកគេ​ប្រើប្រាស់​កីឡាករ​ច្រើន​ឡើង​មក​តំបន់​ប្រយុទ្ធ​។ បើសិនជា​យើង​អាចធ្វើ​បាន​យើង​នឹង​ដឹង​ថា ​កីឡាករ​រូប​ណា​អាច​បង្កើត​ឱកាស​នាំ​ជ័យជម្នះ​ដល់​ក្រុម​»​។

​សូម​បញ្ជាក់​ថា ​ប្រធាន​ក្រុម​ខ្សែបម្រើ ជា សំណាង នឹង​អវត្តមាន​ដោយសារ​ជាប់​ពិន័យ​១​ប្រកួត​បន្ទាប់ពី​ទទួល​បាន​កាត​លឿង​៣​ដង ស្រប​ពេល​បម្រើ​ស្លាប​ជនជាតិ​អង់គ្លេស Harley Willard រង​របួស​ក្រលៀន អាច​នឹង​មិនទាន់​ច្បាស់​ថា​អាច​លេង​បាន ឬ មិនបាន​ដូច ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​អវត្តមាន​ជំនួប​ជាមួយ​ក្លិប សូល​ទី​ឡូ​អង្គរ កន្លងទៅ​ផងដែរ។

លោក Conor Nestor ដឹកនាំ​ក្រុម​ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២០​លើក ឈ្នះ​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​។

នៅក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ដំណាក់កាល​២​ថ្មីៗ​នេះ ក្លិប​បាន​ដោះដូរ​កីឡាករ​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ UEFA A License រូបនេះ​រំពឹងថា​ ក្រុម​នឹងមាន​គុណភាព​មួយកម្រិត​ថែមទៀត​៕