ព័ត៍មានទាន់​ហេតុការណ៏
Search

សូល​ទី​ឡូ​អង្គរ ប៉ះ​អគ្គីសនី​កម្ពុជា ខណៈ​ប៉ូលីស ជួប​អាស៊ី​អឺរ៉ុប​និង​ទ័ព​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​សៅរ៍​នេះ

ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា ខណៈ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប​និង​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​)​ទទួល​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​សប្ដាហ៍​ទី​២១ នៃ​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​។

*​សូល​ទី​ឡូ​អង្គរ ប៉ះ​អគ្គីសនី​កម្ពុជា​
ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះគ្នា​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​តាម CNCC ផងដែរ​។ ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda កំពុងតែ​ត្រូវការ​ពិន្ទុ​គេច​ឱ្យ​ផុតពី​តំបន់​គ្រោះថ្នាក់​។ គ្រូបង្វឹក​រូបនេះ​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី កាលពីដើមឆ្នាំ​។ ២០​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​៤​លើក ស្មើគ្នា​៤​លើក​និង​ចាញ់​ដល់​ទៅ​១២​លើក​។

​សម្រាប់​ក្រុម​អគ្គីសនី​កម្ពុជា វិញ​មិនទាន់​គេច​ផុតពី​តំបន់​បាត​តារាង​នៅឡើយ​នោះ​ទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​៣​លើក និង​ចាញ់​១៥​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​អាស៊ី​អឺរ៉ុប​
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ផងដែរ​។ ក្រុម​ប៉ូលីស កំពុង​ឈរ​លេខ​៩​ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៧​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​១០​លើក​។ លោក សារ៉េត ស៊ីដន គ្រូបង្វឹក​ថ្មី​ក្នុង​ក្រុម​នេះ​រំពឹងថា​កូនក្រុម​នឹងធ្វើ​បានល្អ​បន្ថែមទៀត​ក្នុង​ប្រកួត​នៅពេល​ខាងមុខៗ ស្របពេល​មាន​កីឡាករ​ស្ទើរតែ​ពាក់កណ្ដាល​ក្រុម ទើបតែ​បញ្ចប់​បំពេញ​កាតព្វកិច្ច​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​។ ម្យ៉ាងទៀត​ក្លិប​មាន​កីឡាករ​សំខាន់​ម្នាក់​បាន​ផ្ទេរចេញ​គឺ ទិ​ត្យ ឌី​ណា ទៅ​ចូលរួម​ក្រុម​វិសាខា ខណៈ​ក្លិប​បាន​បន្ថែម​កម្លាំង​ចំនួន​២​នាក់​វិញ​គឺ សុះ ប្រុស​ហ៊ីម និង​កីឡាករ​កូរ៉េខាងត្បូង No Dae-ho​។​

ចំពោះ​ក្រុម​អាស៊ី​អឺរ៉ុប វិញ​កំពុងតែ​ស្រោចស្រង់​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ដោយសារតែ​ទឹកជំនន់​បណ្តាលឱ្យ​បាក់​ទំនប់​ហើយ​ទឹក​ហូរ​ចូល​ពេញ​បរិវេណ​កីឡដ្ឋាន​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៩ បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​២០​លើក ឈ្នះ​បាន​៧​លើក ស្មើគ្នា​៥​លើក និង​ចាញ់​៨​លើក មាន​២៦​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​២២​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។​

*​ក្រសួងការពារជាតិ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​
​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​មជ្ឍមណ្ឌល​កងយោធពល​ខេ​ម​រិ​ភូមិន្ទ (​ស្តា​ត​ចាស់​) ស្របពេល​ប៉ុស្តិ៍ BTV News នឹង​ផ្សាយ​ផ្ទាល់​ពី​ការប្រកួត​នេះ​។ កីឡាករ​របួស​និង​កីឡាករ​មួយចំនួន​ចាកចេញ​ជា​បញ្ហា​ប្រឈម​របស់​ក្រុម​ក្រសួងការពារជាតិ នាពេល​បច្ចុប្បន្ន​។ ក្នុង​ជើង​ទី​២​នេះ​ក្លិប​បាន​បន្ថែម​កីឡាករ​សំខាន់ៗ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​របូត​ពិន្ទុ​ពី​ដៃ ខណៈ​ក្រុម​នេះ​បាន​អស់​ឱកាស​ប្រជែង​កំពូល​តារាង​ហើយ​។ ងាក​ទៅ​មើល​២០​ប្រកួត​មកនេះ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​១២​លើក ស្មើ​៣​លើក​និង​ចាញ់​៥​លើក ឈរ​លេខ​៤ បណ្តោះអាសន្ន​។​

សម្រាប់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ មួយរយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​បញ្ហា​រឿង​កីឡាករ​របួស​និង​កីឡាករ​សំខាន់ៗ​ជាប់​ពិន័យ​ពី​សំណាក់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សរសើរ​កូនក្រុម​ក្នុង​ប្រកួត​ចុងក្រោយ​ដែល​ធ្វើ​បានល្អ​។ យ៉ាងណា​លោក​បាន​ដោះដូរ​កីឡាករ​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដើម្បី​ត្រៀម​ជើង​ទី​២​នេះ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៨​លើក​ស្មើគ្នា​៣​លើក​និង​ចាញ់​៩​លើក​៕