Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលទទួលបានសំណើគម្រោងវិនិ​យោគ​​​ ១៤ ជាមួយទុនជាង ១,៣ ប៊ីលានដុល្លារ​ នៅ​ភូមិ​ភាគឦសាន

បានផុស

នៅ

គិតមកដល់ពេលនេះរាជរដ្ឋាភិបាលទទួលបានសំណើរវិនិយោគចំនួន ១៤ គម្រោង​ ដែលមាន​តម្លៃប្រមាណ ១,៣ ប៊ីលាន​ដុល្លារ នៅភូមិភាគឦសាន ដែលនឹងចូលរួមចំណែក​ក្នុងការកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគម្រោងទាំងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងកិច្ច​ប្រជុំផ្ទៃក្នុង​លេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានលោកបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួនរួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី នៅភូមិភាគឦ​សាន​ឆ្នាំ ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទ ០៩ ខែ មេសា ឆ្នាំ២០២៥។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលការស្នើសុំគម្រោងវិនិយោគចំនួន ១៤ គម្រោង ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាងសង់កំពង់ផែពហុបំណង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក។

លោកបណ្ឌិតសភាចារ្យ បានណែនាំ និងកំណត់ទិសដៅក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យខិតខំជំរុញការអនុវត្តកម្មវិធីពិសេសនេះ ឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ដោយមិនត្រូវផ្តោតសំខាន់តែលើកិច្ចការងារសម្របសម្រួល និងការលើកទឹកចិត្តគម្រោងវិនិយោគថ្មីប៉ុណ្ណោះទេ, ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំគម្រោង​វិនិ​យោគរបស់រោងចក្រ សហគ្រាស ដែលមានស្រាប់ក្នុងតំបន់ តាមរយៈការចុះជួបផ្ទាល់ និង ទទួលស្តាប់នូវរាល់កង្វល់ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា របស់ រោងចក្រ សហគ្រាស ក្នុងតំបន់ក្នុងគោលដៅលើកកម្ពស់ផលិតកម្មពិសេស ផលិតផលជំនួស សម្រាប់បំពេញតម្រូវការទីផ្សារ និងឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ និងការណ៍ដែលប្រជាពលរដ្ឋកម្ពុជា មានទំនោរមិនប្រើប្រាស់ផលិតផលថៃ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យក៏បានណែនាំឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត អំពីកម្មវិធីពិសេសនេះ ជាពិសេស តួនាទីរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា “ច្រកចេញចូលតែមួយ” ក្នុងការពិនិត្យ វាយតម្លៃ និងផ្តល់ការលើកទឹកចិត្ត, ជួយសម្របសម្រួល និងធ្វើសាមញ្ញកម្ម នៃនីតិវិធីវិនិយោគទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងធុរជន សំដៅជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃកម្ពុជា៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម