ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ ពួតដៃ​ជាមួយ មាស សាលី បង្កើត​អាជីព​ថ្មី​រួមគ្នា

ភ្នំពេញ​ ៖​ អតីត​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​ចូលចិត្ត​បញ្ចេញ​ក្បាច់​រាំ​ប្លែកៗ​អង្រួន​ឆាក​តន្ត្រី​លោក ជុំ លី​ណូ ស្រប​ពេលដែល​ទីផ្សា​ចម្រៀង​ក្នុងស្រុក​នៅតែ​រក្សាបាន​ប្រជាប្រិយភាព​និង​ទទួលបាន​ការគាំទ្រ​ពី​សំ​ណាក់​ទស្សនិកជន ពិសេស​មិត្តៗ​យុវវ័យ​នោះ ​កាលពី​ថ្មីៗ​កន្លងមកនេះ​លោក​ក៏​ក្តាប់បាន​ឱកាស​ចេញទៅ​កើប​លុយ​នៅ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​ផងដែរ។

បន្ទាប់ពី​ការវិលត្រឡប់​មកពី​ច្រៀង​និង​សម្តែង​ចែកជូន​បងប្អូន​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​បាន​កម្សាន្ត​សប្បាយរីករាយ​ហើយ​នោះ​ តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ អំឡុងពេល​កំពុងស្នាក់នៅ​ស្រុក​ខ្មែរ​នេះដែរ​ ​​ក៏​នៅតែ​ទទួល​បាន​ទីផ្សារ​ចេញ​ចម្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ដូចដើម​។

ទន្ទឹមគ្នា​ដែល​ទីផ្សា​សិល្បៈ​កាន់តែ​ទទួលបាន​ការគាំទ្រ​និង មាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់​នេះដែរ​តារាចម្រៀង​លោក ជុំ លី​ណូ ថ្មីៗ​នេះ​ក៏​ស្រាប់តែ​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​អំពី​គម្រោង​នៃ​ការ​បើកមុខ​អាជីព​ថ្មី​ដែល​ជាការ​រួមដៃគ្នា​ជាមួយ​តារា​ប្រុស​លោក មាស សាលី បន្ថែម​លើ​ការងារ​ច្រៀង​នៅតាម ឆាក​ទូរទស្សន៍​និង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ផលិតផល​នានា​។​

​លោក ជុំ លី​ណូ បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា​ដំណឹង​ថ្មីៗ​ខ្ញុំបាទ​(​ជុំ លី​ណូ​)​និង​លោក មាស សាលី បាន​បើកឆាក​ប្រគំ​តន្ត្រី​ដើម្បី​ប្រគំ​ជូន​គ្រប់​កម្មវិធី​មង្គលការ ជប់លៀង ឡើង​គេហដ្ឋាន ភូមិគ្រឹះ​ខ្នាតតូច ខ្នាត​ធំ និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​ទៅតាម​តម្រូវការ​របស់លោក​អ្នក​។​ពិសេស​ជាង​នេះ​ក្រុម​យើងខ្ញុំ​មាន​ទទួល​ធ្វើខ​នស​ស៊ឺ​ត​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ឬ​សេ​វ៉ា​កម្ម​ផ្សេងៗ​ផងដែរ​។​

​តារាចម្រៀង​លោក ជុំ លី​ណូ និយាយទៀតថា កាន់តែ​ពិសេស​ទៀត​នោះ​បើ​លោកអ្នក​ចង់បាន​តារា​ល្បីៗ​ជាច្រើន​ទៀត​ដើម្បី​សម្តែង​ជូន​ក្នុង​កម្មវិធី​សប្បាយៗ​របស់លោក​អ្នក​គឺ​លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​ក្រុម​តន្ត្រី​យើងខ្ញុំ​បាន​ផងដែរ​។​រីករាយ​ទទួល​ស្វាគមន៍​លោកអ្នក ២៤ ម៉ោង​។​សូមកុំ​ភ្លេច​ណា​សប្បាយរីករាយ​ជាមួយ​ក្រុម​តន្ត្រី​(​មាស សាលី​+ ជុំ លី​ណូ​)​យើងខ្ញុំ​នឹង​បម្រើ​ជូន​នូវ​ភាពសប្បាយ​រីករាយ ជូន​ដល់​លោកអ្នក​មិនអោយ​ខកបំណង​ឡើយ​។

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ថា​លោក​និង​លោក មាស សាលី ពិតជា​សហការ​ចូល​ដើមទុន​ជាមួយគ្នា​ដើម្បី​បើក​អាជីព​ថ្មី​នេះ​ប្រាកដ​មែន​ព្រោះ​យល់​ថាបើ​ចាំតែ​អាជីព​ចម្រៀង​មួយ​មុខ​គឺ​មិន​អាចមាន​ចំណូល​ខ្ពស់ជាង​នេះឡើយ​។​ដូច្នេះ​ជាការ​ស្រឡាញ់​និង​ចង់​បង្កើត​អាជីព​ថ្មី​ខ្លួនឯង​ទើប​សម្រេច​គ្នា​ជាមួយ​លោក មាស សាលី ម្តង​ទៅ​៕