ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ក្រយៅ​ដេក​គុក ទោះ​ទើប​ចេញពី​គុក​ ក៏ត្រូវ​ដេក​គុក​វិញ​ដដែល

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​លួច​យ៉ាងសកម្ម ហើយក៏​ជា​មុខសញ្ញា​ ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​ផង​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ដើម្បី​បញ្ជូន​ទៅ​តុលាការ​វិញ បន្ទាប់ពី​ជនសង្ស័យ​ដែល​ជាប់គុក​ស្ទើរតែ​រាប់​ភ្លេច​នេះ បានធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ម្ចាស់​តាម​ទាន់។

ដោយ​អនុវត្តន៍​តាម​ការណែនាំ បញ្ជា​ផ្ទា​ល់ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ ដើម្បីអោយ​កម្លាំង​ពង្រឹង​នូវ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព អោយបាន។ លុះ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣ និង ៣០​នាទី ទៀបភ្លឺ នៅ​ចំណុច ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប ដែល​ដឹកនាំ​ដោយ​លោក ឈឿង គឹម​សុង នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ស្តីអំពី​អំពើចោរកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន។​

ភ្លាមៗ​នោះដែរ លោក​នាយរង បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ទៅកាន់​ចំណុច​ខាងលើ​ ព្រមទាំង​បាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សំ ស៊ី​ណាត ហៅ​ពេក ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​បានធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ដៃ​ចំនួន ០៦​គ្រឿង នៅក្នុង​ផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ ឈូក សុខឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា ខ្លួន​រវល់​មានធុរៈ​គឺ​នៅ​មើលថែទាំ​កូន​ឈឺ​ ទើប​មិនបាន​បិទទ្វារ​ផ្ទះ ដោយបាន​លង់លក់​មួយ​ភាំង លុះ​ពេល​ដឹងខ្លួន​ឡើង​បន្ទាប់ពី​ឮ​សំឡេង​អ្វីមួយ ទើប​ប្រទះឃើញ​ចោរ​ដើរ​ចេញពីផ្ទះ​ខ្លួន​បម្រុង​ផ្លោះ​របង​ចេញ​ពៅ​វិញ​ហើយ ទើប​ខ្លួន​បានរ​ត់ទៅ​ទាញ​ជើង​ហើយ​ក៏បាន​ស្រែក​អោយគេ​ជួយ ទីបំផុត​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​មានការ​តស៊ូ និង​តប ត​មកវិញ ទើប​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ បណ្តាលអោយ​បែក​មាត់​បន្តិចបន្តួច រួច​ក៏​ប្រគល់អោយ​សមត្ថកិច្ច​តែម្តង ។​

​ដោយឡែក​ជនសង្ស័យ​ដែល​គេ​ស្គាល់​ច្បាស់​ថា ធ្លាប់​ជាប់គុក​រាប់​ភ្លេច​ទៅហើយនោះ​បាន​សារភាពថា រូបគេ​ទើបតែ​រួច​ពី​ពន្ធនាគារ លុះ​នៅ​យប់កើតហេតុ​គេ​បាន​ជិះ​ម៉ូតូ​ឆ្លង​ស្ពានថ្ម​ចាស់ យក​ទៅ​ផ្ញើ​គេ​នៅ​ត្រើយ​ខាងកើត រួច​ក៏​ដើរ​ពិនិត្យមើល​តាម​ភូមិសាស្ត្រ​ក៏​ឃើញ​ផ្ទះមួយ​មិនបាន​បិទទ្វារ គេ​ក៏​ផ្លោះ​របង​ចូលទៅ​ប្រមូល​ទូរស័ព្ទដៃ​បាន ៦ គ្រឿង ទើប​ចេញ​មកវិញ ក៏ត្រូវ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​តែម្តង។

បច្ចុប្បន្ន​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បានប្រគល់​ជនសង្ស័យ​អោយ​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី បន្ត​ហើយ ព្រោះ​ក្រយៅ​មនុស្ស​ដែល​ធ្លាប់​ដេក​គុក បើទោះបីជា​ទើបនឹង​រួច​ពី​គុក​ក៏ដោយ ក៏ត្រូវ​តែ​វិល​ចូលទៅ​គុក​វិញ​ដដែល៕