ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ខៀវ កាញារីទ្ធ រំលឹក​ពី​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​១៩៩៨

ភ្នំពេញ ​៖ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ គឺជា​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើឃាត​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រឹត្តិការ​ណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៥២​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ ដែល​ពេលនោះ មាន​គ្រាប់​រ៉ុក្កែត បេ​៤០ មួយ​គ្រាប់​ក្នុងចំណោម​៤​គ្រាប់ បាន​ហោះ​សំដៅ​រថយន្ត​របស់​សម្តេច តែ​មិនបាន​ត្រូវ​ទេ ហើយ​បាន​ហោះ​ទៅបុក​ផ្ទះ​ប្រជាជន​នៅ​ម្ខាង​ផ្លូវ ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​ត្រូវរបួស​ជា​ទម្ងន់​។​

ទាក់ទង​បញ្ហា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​រំលឹក​ពី​ការប៉ុនប៉ង​ធ្វើឃាត​នោះ ដោយ​លោក​បាន​អះអាងថា ពេលនោះ​លោក​ស្ថិតនៅក្នុង​ព្រឹត្តិការ​ណ៍ ហើយ​ពិត​សំណាង​ណាស់ ដោយសារ​តែ​ទេវតា​ជួយ បើ​មិន​ដូច្នេះ​ទេ សម្តេច​ពិតជា​ខ្ទេច​គ្មាន​សល់​អី​ទេ ពីព្រោះ​រថយន្ត​របស់​សម្តេច​ជិះ​នាពេលនោះ ជា​រថយន្ត Land Cruiser ធម្មតា អត់​មាន​ពាស​ដែក​ទេ​។​

លោក ខៀវ កាញារីទ្ធ បាន​រៀបរាប់​យ៉ាងនេះ​ថា ខ្ញុំ​សូម​អនុញ្ញាត​រំលឹក​រឿងនេះ ព្រោះ​កាលនោះ​ខ្ញុំ​នៅជាប់​នឹង​ការងារ​នេះ​។ ហើយ​បើ​និយាយ​រឿងនេះ ខ្ញុំ​នៅតែ​ព្រឺព្រួច​នឹកឃើញ​សំដី​លោក ជីវ​តាក្វាន់ ពេលដែល​លោក​មក​ប្រទេស​ខ្មែរ​សម័យអង្គរ​។ ពិតមែនតែ​សម័យ​លោក ជីវ​តាក្វាន់ មកដល់​ស្រុក​ខ្មែរ ប្រទេស​យើង​ចាប់ផ្តើម​ទន់ខ្សោយ​ខ្លះ​ហើយ​ក្តី ក៏ប៉ុន្តែ​ចំណុច​មួយ​ដែល​លោក ជីវ​តាក្វាន់ កត់សំគាល់​គឺ “​ទេវតា​រក្សាស្រុក​នេះ​ខ្លាំងពូកែ​ណាស់​”​។​

ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ​កំណត់​ជា​ថ្ងៃ​គណបក្ស ដែល​បាន​ទទួល​អាសនៈ​ក្នុង​សភា​ចូលប្រជុំ​នៅ​សៀមរាប​និង​ទៅ​ស្បថ​នៅមុខ​អង្គរ​។ យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃទី​២៣ ខែកញ្ញា (​សម័យ​នោះ មិនមាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិនមាន​សុវត្ថិភាព​១០០% ដូច​ពេល​នេះដែរ​)​។ នៅ​រសៀល​ថ្ងៃទី​២៣ សម្តេច​តេ​ជោ នឹង​មកដល់​ជុំ​ជាមួយ​ពួកយើង​ដែល​សំរាក​នៅ​សណ្ឋាគារ​លោក សៀង ណាំ​។ តែ​នៅ​យប់​ថ្ងៃទី​២២ កញ្ញា សម្តេច​បាន​យល់សប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ​នៅ​វត្ត​ព្រះអង្គ​ខ្មៅ​។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ​នៅឯណា​ទេ​។ លុះ​ព្រឹក​ថ្ងៃទី​២៣ លោក​បាន​អោយ​គេ​សួរ​ទើប​ដឹងថា វត្ត​ព្រះអង្គ​ខ្មៅ​នេះ​នៅក្នុង​អង្គរធំ តាមផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង​។ នៅ​រសៀល​ថ្ងៃទី​២៣ នោះ សម្តេច​និង​សមាជិក​ជាប់ឆ្នោត​ជាស​ភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់​បាន​ជិះ​រថយន្តក្រុង​រួមគ្នា​មួយ (​រួមទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ​។ ក្រុម​អភិរក្ស​អង្គរ​បានអោយដឹងថា ហេតុ​បានជា​វត្ត​នេះ មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុងសម័យ​សង្គ្រាម​សាសនា​ក្រោយ​អង្គរ រវាង​ព្រហ្មញ្ញ និង​ពុទ្ធសាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល​ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​អោយ​ឈ្មោះ​វត្ត​នេះ​រហូត​មក​។

តាម​លោក ខៀវ កាញារីទ្ធ ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិសត្វ​ប្រសូត​នៅក្នុង​រាជវង្ស តែ​ព្រះអង្គ​មិនមាន​បន្ទូល​អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូតដល់​ព្រះ​បី​តា​ទ្រាំលែងបាន​បញ្ជា​អោយ​យកទៅ​សំលាប់ចោល តែ​មិន​សុគត ។ គម្ពីរ​បានចែង​ថា “​មានការ​លំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​” ។ សម្តេច​តេ​ជោ បាន​មើលឃើញ​ការប្រជុំ​នៅ​ថ្ងៃស្អែក​ទី​២៤ កញ្ញា គឺមាន​ន័យ​ដូច​គម្ពីរ​ថា “​ដល់​ក្រោយ​ល្អ​ណាស់​” នោះឯង ។ នៅក្នុង​រថយន្ត​សម្តេច​សួរថា “​អ្នកណា​ចង់ទៅ​ណា ទាន់​អញ​មាន​លុយ ?” (​សម្តេច​តែងមាន​ទំលាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា “​បង​ជា​នាយករដ្ឋមន្ត្រី នៅតែ​មួយកន្លែង​ទៅ លុយ​ទុកអោយ​ខ្ញុំ​ដើរ​ចាយ​វិញ​”​។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ភ្លឺ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេ​ជោ​។​

លោក ខៀវ កាញារីទ្ធ រៀបរាប​ទៀតថា ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ម៉ោង​៦​ព្រឹក ទើប​ដាច់​។ ខ្ញុំ​ក៏​ចេញទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន “​បន្ទាយស្រី​” ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅជា​មួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ អស់​៩០​ដុល្លារ​) ។ ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាងខ្លាំង​មកទៀត (​នៅ​ម៉ោង​ជិត​៧)​។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​) ។ តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុនេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច ជា ស៊ីម ជា​ប្រធាន​បក្ស​ទៅទៀត​) ។ សម្តេច​ជិះ​រថយន្ត​ទី​២ បន្ទាប់ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជិះ​រថយន្ត​តូច​បន្ត​។ ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ បន្ត​ពីក្រោយ​ឡានតូច​។ ដោយ​ខ្ញុំ​ចង់​ថតរូប​បានល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើកឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុនេះ​ខ្ញុំ​អង្គុយ​ខ្ពស់ជាង​ឡានតូចៗ​ដែល​នៅមុខ ។ យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង ។ ខ្ញុំ​សំលឹងមើល​ទៅមុខ ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិនដឹង​មានរឿង​អី​ទេ​។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេលនោះ​សម្តេច​កំពុង​អោន​ជូត​វ៉ែនតា ហើយ​បន្ទាប់ពីនោះ​ភ្លាម លោក​សួរថា មានអី​គេ​ណឹ​ង ? ទាំងអស់គ្នា អត់​ដឹងថា ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នកណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​) ហើយ​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ ។ ពេល​ឡាន​ខ្ញុំ​មកដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិនបាន​មើលទៅ​ផ្ទះ ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មានផ្ទះ​ថ្មី​ទេ​)​។ ដោយ​ឃើញ​ម្តុំ​នោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួមទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា ជាការ​ផ្ទុះ​បំពង់ខ្យល់ ហើយក៏​និយាយ​លេង​ប្រាប់​គ្នា​ថា “​ពី​សម័យមុន តែ​ផ្ទុះ​បែបនេះ​ច្បាស់​ជា​កំបុតក​ហើយ​”​។ ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយមាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួកយើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវគេ​ដាក់អោយ​អង្គុយ​តាម​កន្លែង​ទៅតាម​អាយុ​។ សម្តេច សខេង មាន​អាយុ​ស្មើ​ខ្ញុំ ហេតុនេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ​។​

លោក ខៀវ កាញារីទ្ធ លើកឡើង​ទៀតថា ក្នុងសម័យ​ប្រជុំ​ទីមួយ​សភា ប្រធាន​បក្ស​នានា ដែលមាន​អាសនៈ​ក្នុង​សភា អង្គុយ​កៅអី​ជួរមុខ​ទាំងអស់គ្នា​។ នៅពេលនោះ ទើប​សម្តេច ស ខេង (​នៅ​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​) បានទទួល​ទូរ​សព្ទ​មក​ថា មានការ​បង្កៃគ្រាប់​បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កាក្រដាស​អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​។ សំណាង​ដោយសារ​យប់នោះ មាន​ភ្លៀង​ធ្វើអោយ​សើម​ប្រព័ន្ធ​ត​ខ្សែ​ទើប ផ្ទុះ​តែមួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង​៤​គ្រាប់ សម្តេច​តេ​ជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា​មិនមែន​ពាស​ដែក​ទេ​)​។ នៅក្នុង​សម័យ​នោះ បញ្ឆិត​ទល់មុខ​កន្លែង​បង្កៃគ្រាប់ គឺជា​រង្គសាល​ដែលមាន​រាំរែក​រហូត​ជិត​ភ្លឺ ហើយ​កន្លែង​ទល់មុខ រួមទាំង​កន្លែង​បង្កៃគ្រាប់ (​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​) ជា​កន្លែង​ដែល​តែងមាន​អ្នក​ម៉ូតូឌុប​នៅ​រង់ចាំ​ភ្ញៀវ ហេតុនេះ​ពួកគេ​អាច​សំងំ​បង្កៃគ្រាប់​បាន​។ សម្តេច ស ខេង អោយ​ខ្ញុំ​ទៅ​រាយការណ៍​ជូន​សម្តេច​នៅ​ជួរមុខ​។ សម្តេច​នៅ​ស្ងៀម​។ ខ្ញុំ​ក៏​ត្រលប់មក​អង្គុយ​វិញ​។ បន្តិច​មកទៀត ក្រុម​សន្តិសុខ បាន​លើក​សំនួរ​មួយទៀត​។ នោះ​គឺថា តើ​សម្តេច​គួរ​បន្តទៅ​ស្បថ​នៅ​អង្គរវត្ត​ទេ ? (​តាមផ្លូវ​ទៅ​អង្គរវត្ត​សុទ្ធតែ​ព្រៃ​ក្រាស់ មិន​ដូច​ពេលនេះ​ទេ​) ព្រោះ​មិនបាន​ត្រៀម​មាន​បញ្ហា​នេះ​កើតឡើង ពោលគឺ​ត្រៀមកំឡាំង​សន្តិសុខ (​តែបើ​មិន​ទៅ​ស្បថ គឺ​មិន​ពេញ​សិទ្ធិ​ជា​តំណាងរាស្ត្រ​ទេ​) ។ សម្តេច ស ខេង អោយ​ខ្ញុំ​ទៅ​សួរ​សម្តេច​តេ​ជោ​ម្តងទៀត​។ ខ្ញុំ​ដើរទៅ​សួរ​សម្តេច​តេ​ជោ ជា​លើក​ទី​២ ។ សម្តេច​គិត​មួយសន្ទុះ ទើប​មានប្រសាសន៍ថា “​ទៅ​” រួច​សម្តេច​ពន្យល់​ខ្ញុំ​ថា “​នៅពេល​បាញ់​ទីមួយ គេ​អាច​ធ្វើបាន​ព្រោះ​គេ​កំនត់​ម៉ោង​អោយ​យើង​ដើរ តែ​ពេល​ទៅ​ស្បថ​អត់​មាន​កំនត់ថា អ្នកណា​ទៅមុន ទៅក្រោយ​ទេ ហេតុនេះ​លទ្ធភាព ចុងក្រោយ ខ្ញុំ​ដើរទៅ​សួរ​សម្តេច​តេ​ជោ ជា​លើក​ទី​២​។ សម្តេច​គិត​មួយសន្ទុះ ទើប​មានប្រសាសន៍ថា “​ទៅ​” រួច​សម្តេច​ពន្យល់​ខ្ញុំ​ថា “​នៅពេល​បាញ់​ទីមួយ គេ​អាច​ធ្វើបាន ព្រោះ​គេ​កំនត់​ម៉ោង​អោយ​យើង​ដើរ តែ​ពេល​ទៅ​ស្បថ​អត់​មាន​កំនត់ថា​អ្នកណា​ទៅមុន​ទៅក្រោយ​ទេ ហេតុនេះ​លទ្ធភាព​វាយប្រហារ​មាន​តិច​បំផុត​” ។ សម្តេច​ពិតជា​មេទ័ព​ពូកែ​មែន​។ យើង​ក៏បាន​ចេញទៅ​ស្បថ​ដោយ​សុវត្ថិភាព​។ នៅពេល​ត្រលប់​មកពី​ស្បថ យើង​មក​សណ្ឋាគារ​វិញ ពេលនោះ​ទើប​ដំណឹង​ពី​រឿង​គ្រាប់​បង្កៃ​នេះ បានចាប់ផ្តើម​សាយភាយ​។​

លោក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា នៅ​ម៉ោង​បាយ សម្តេច​បាន​ហៅ​ខ្ញុំ​ទៅ​ជួប​នៅក្នុង​បន្ទប់​សំរាក​របស់លោក​។ យើង​នៅតែ​ពីរ​នាក់​។ អ្វីដែល​ខ្ញុំ​ចាំ​ជាងគេ គឺ​ម្ហូប​សម្ល​បែប​ខ្មែរ មួយ​ថាស ក្នុងនោះ​មានកូន​ចាន​ដាក់​ទឹកត្រី​សុទ្ធ​មួយ ហើយ​សម្តេច​អង្គុយ​សំលឹង​ជ្រប់​មើល​សម្ល​នេះ ។ នៅពេលដែល​សម្តេច​សំលឹងមើល​ខ្ញុំៗ​គិតថា បើ​លោក​ស្រក់​ទឹកភ្នែក គឺ​ពិតជា​តំណក់ឈាម​ហើយ​។ លោក​មិនមែន​ក្តៅក្រហាយ​រឿង​គេ​ប៉ង​សម្លាប់​លោក​ទេ តែ​គឺ​លោក​ឈឺចិត្ត ដែល​លោក​បាន​ប្រឹងប្រែង​អោយចេញ​ជា​សភា​រួច និយាយ​គ្នារ​កសុខ​អោយ​ខ្មែរ តែ​ទីបំផុត​បែរជា​ប៉ុនប៉ង​សំលាប់​លោក​ទៅវិញ​។ នេះ​ជា​ទឹកមុខ​ដែល​ខ្ញុំ​ចាំ​រហូត​៕