ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​គូ​បូ​តា​ជុំ​ទី​៣ ៖​ ចាន់ សាន់ ជួប Plangthip , ប៊ុន សុធា ជួប Kaoreanghorn

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ​១​គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នៅ​យប់​ថ្ងៃ​សុក្រ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​សម្រាប់​សប្តាហ៍​ទី​៧ ដែលមាន​អ្នក​ប្រដាល់​៤​រូប ខ្មែរ​២​និង​ថៃ​២​រូប ដែល​ត្រូវ​ជួប​ប្រកួត​គ្នា។

សម្រាប់​ជំនួប​ជុំ​ទី​៣​នេះ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Plangthip Por.Yuthphumi ហើយ​មួយគូ​ទៀត​ជាការ​ជួបគ្នា​រវាង​ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ជួប​អ្នក​ប្រដាល់​ថៃ Kaoreanghom Pctchchinda ។​

រវាង ចាន់ សាន់ និង Plangthip មិនដែល​ប៉ះគ្នា​ទេ​កន្លងមក ។ តែ​យ៉ាងណា ចាន់ សាន់​ប្រហែលជា​មិន​ពិបាក​ដូច​កាល​ជំនួប​លើក​ទី​១​និង​លើក​ទី​២ ជាមួយ​អ្នក​ប្រដាល់​ថៃ​Anuntasak និង Kaoreanghorn នោះឡើយ។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​រវាង​ចាន់ សាន់ និង Plangthip នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាចមាន​អ្នកណាម្នាក់​មើលស្រាល​គ្នា​បានដែរ។

Plangthip នេះ ជា​អ្នក​ប្រដាល់​ថៃ​មិនសូវ​ខ្លាំង​ប៉ុន្មាន​ដែរ​ទេ ។​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ដែរ​ហើយ ដែល​លទ្ធផល​មាន​ឈ្នះ មាន​ចាញ់ ។ ការប្រកួត​ពីរ​ជុំ​កន្លងមក Plangthip ជួប​សំណាងអាក្រក់ ដោយ​វាយ​ចាញ់​ទាំងពីរ​ប្រកួត ទទួលបាន​២​ពិន្ទុ​ប៉ុណ្ណោះ។

ចាន់ សាន់ គេ​ក៏​ជួប​សំណាងអាក្រក់​ដែរ ក្នុង​ការឡើង​ប្រកួត​ពីរលើក​កន្លងមក​ដោយ វាយ​ចាញ់​ទាំងពីរ​ប្រកួត​ដែរ ។​ហេតុនេះ​សម្រាប់​ជំនួប​លើក​ទី​៣​នេះ គេ​ដាច់ខាត​ត្រូវតែ​យកឈ្នះ Plangthip អោយបាន ដើម្បី​សន្សំ​ពិន្ទុ​ឡើងវិញ។

ចាន់ សាន់ ពីរ​ប្រកួត​កន្លងមក​គេ​វាយ​ចាញ់​ទាំងពីរ​ប្រកួត ទទួលបាន​២​ពិន្ទុ ។ ពេលនេះ ប៉ះ​ជាមួយ Plangthip គេ​មានសង្ឃឹម​ឈ្នះ​ច្រើន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​មិនសូវ​ខ្លាំង​ប៉ុន្មាន​ទេ ។​
​ចំពោះ ប៊ុន សុធា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Kaoreanghom Pctchchinda ។ រវាង ប៊ុន សុធា និង Kaoreanghom មិនដែល​ប៉ះគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា ប៊ុន សុធា ប្រហែលជា​មានការ​លំបាក​ក្នុងការ​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ហើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ Kaoreanghom​នេះ គេ​ល្អ​និង​ខ្លាំង​គួរសម​ដែរ ។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​រវាង​ប៊ុន សុធា និង Kaoreanghom នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាចមាន​អ្នកណាម្នាក់​មើលស្រាល​គ្នា​បានដែរ ។​

Kaoreanghom នេះ ជា​អ្នក​ប្រដាល់​ថៃ​មានឈ្មោះ​ល្បី​គួរសម​ដែរ​នៅ​ស្រុកថៃ ។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក​។ ក្នុងការ​ប្រកួត​ពីរ​ប្រកួត​កន្លងមកនេះ គេ​វាយ​ឈ្នះ​១ ចាញ់​១​ប្រកួត មាន​៤​ពិន្ទុ ។

ប៊ុន សុធា អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា គេ​ក៏​មិនធម្មតា​នោះដែរ គេ​មាន​ផ្លែ​ល្អ ពិសេស​កែង​និង​ជង្គង់ ដែល​ក្នុង​ការប្រកួត​ជម្រុះ​ពីរលើក​កន្លងមក គេ​វាយ​ឈ្នះ​ទាំង​២​ប្រកួត ទទួលបាន​៦​ពិន្ទុ​ក្នុង​ដៃ​ហើយ។

សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៥​រូប​របស់​កម្ពុជា​នោះ គឺ​ចាន់ សាន់ ក្លិប​និរោធ​មានជ័យ​-​ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ – ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា – ប៊ុន សុធា សមាគម​កីឡា​ក្រសួងការពារជាតិ និង រិ​ទ្ធ អាទិត្យ ក្លិប​អាណាចក្រ​គុន​ខ្មែរ ។​អ្នក​ប្រដាល់​ទាំង​៥​រូបនេះ សុទ្ធតែ​ចម្រាញ់​ចេញពី​ក្នុងចំណោម​កីឡាករ​៨​រូប ក្នុងការ​ប្រកួត​ជម្រុះ​កន្លងមក ។​

ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ មាន Anuntasak Site Phukhorngyus , Kaoreanghom Pctchchinda និង Plangthip Por.Yuthphumi ហើយ​អ្នក​ប្រដាល់​ឡាវ មាន Wangngeun Rungreankilanakom Phattom និង Seang Suriyak Site Torkah kart ។

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៤ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕ ​