ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​បាន​ស្លាប់​បាត់​បង់ជីវិត​ព្រោះ​បើក​ម៉ូតូ​ហួស​ល្បឿន​កំណត់​ជ្រុល​ទៅ​បុក​រថយន្ត​ ដែល​បើក​បញ្ច្រាស​ទិស​គ្នា

តាកែវ​ ៖​ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង ​ដោយ​ការ​ធ្វេសប្រហែស ​ដោយ​បាន​បុក​រថយន្ត​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញ​ទំហឹង​ ខណៈ​មាន​រថយន្ត​១​គ្រឿង​ខូច​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​បើក​ម៉ូតូ​គេច​រថយន្ត​ខូច​នោះ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ពេញ​ទំហឹង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​លេខ​១២៩E ស្ថិតនៅ​ភូមិ​ស៊ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្តែត ខេត្តតាកែវ។

លោក​ជាល សុផាត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​រថយន្ត​កូរ៉េ ​តែ​មិនបាន​ស្គាល់​ពិតប្រាកដ​ទេ ព្រោះ​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​បាត់​ហើយ រហូតមកដល់​ពេលនេះ ស្រាវជ្រាវ​តាម​រក​មិនទាន់​បានឃើញ​នៅឡើយ​ទេ។ លោក​បន្តថា រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​ បើក​ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​បើក​បញ្ច្រាស​ផ្លូវ​គ្នា ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1N-9028 បើកបរ​ដោយ​ឈ្មោះ លឹម គឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ។​

លោកនាយ​ការិយាល័យ​បាន​បន្ថែមថា ដោយមាន​រថយន្ត​កូរ៉េ​១,២៥ តោន​ខូច​នៅ​ទីនោះ ជនរងគ្រោះ​បើក​ម៉ូតូ​គេច​រថយន្ត​ដែល​ខូច​នោះ ដោយ​មិនបាន​មើលមុខ​ក្រោយ ក៏ត្រូវ​រថយន្តបុក​ស្លាប់​តែម្តងទៅ​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​អណ្តែត រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕