ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ជំរុញ​ដល់​ក្រុមគ្រូពេទ្យ​នៅ​ខេត្តស្វាយរៀង​បន្ត​យកចិត្តទុកដាក់​ថែទាំ និង ព្យាបាល​ជូន​អ្នកជំងឺ ដោយ​មិនត្រូវ​រើសអើង

ស្វាយរៀង​ ៖​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ជំរុញ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ខេត្តស្វាយរៀង ​បន្ត​យកចិត្តទុកដាក់​ថែទាំ និង ព្យាបាល​ជូន​អ្នកជំងឺ ដោយ​មិន​ត្រូវ​រើសអើង ឬ​ប្រកាន់វណ្ណៈ​ឡើយ​គឺ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ព្យាបាល​ប្រកបដោយ​គុណភាព​និង​តម្លាភាព។

ការ​ថ្លែង​បែបនេះ​នៅ ក្នុង​ពិធី​សំណេះសំណាល​និង​សម្ពោធ​គម្រោង​ព្យាបាល​ភ្នែក​ឡើងបាយ និង​ភ្នែក​ដុះ​កន្ទុយ​ថ្លែង​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ​ខេ​ម​បូ​ឌា​វី​សិន​អូស្ត្រាលី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលមាន​អ្នកជំងឺ​មក​ពិនិត្យ​និង​ព្យាបាល​ប្រមាណ​ជាង​៣០០០​នាក់​ផងដែរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​បាន​ពាំ​នាំនូវ​ការ​នឹករលឹក និង​ការសួរសុខទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​, អ្នក​ជំងឺ និង​ក្រុមគ្រួសារ​អ្នកជំងឺ​ទាំងអស់។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​នូវ​ការកោតសរសើរ អរគុណ​ដល់​គម្រោង ព្យាបាល​ភ្នែក​ឡើងបាយ និង​ភ្នែក​ដុះ​កន្ទុយថ្លែន​ដោយ​ឥតគិតថ្លៃ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត អង្គការ ខេ​ម​បូ​ឌា​វី​សិន (​អូស្ត្រាលី​)​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​ជា ការចូលរួមចំណែក​ដ៏​សំខាន់​ណាស់ ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង ខេត្តស្វាយរៀង កំពុងតែ​មានការ​ខ្វះខាត។ ទន្ទឹមនឹងនេះ លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​បណ្ដា​កិច្ចសហប្រតិបត្តិការ​នា​នា ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ការជួយ​គាំទ្រ​ពី​អង្គការ​ដៃគូ​​ផ្សេងៗ​ទៀត ដូចជា ​៖ មូលនិធិ​សមធម៌​ក្នុងការ​បង់ថ្លៃ​សេវា​ជួស​ជូន​អ្នក​ជំងឺ​ក្រីក្រ​សម្រាក​ពេទ្យ អង្គការ Eye care Foundation បង់​ជួស​អ្នក​ជំងឺ​ក្រីក្រ វះកាត់​ភ្នែក​ឡើង បាយ អង្គការ​CHC ជួយ​ដល់​ផ្នែក​ជំងឺរបេង​-​អេដស៍ អង្គការ​ដើមត្នោត និង Marie Stop ជួយ​កម្មវិធី​ពន្យារ​កំណើត។​ អង្គការ Operation Smile ជួយ​វះកាត់ មាត់​ឆែប ក្រអូមមាត់​ឆែប។ អង្គការ​JICA បានធ្វើ​ការសាងសង់​អគារ ១​ខ្នង កំពស់​៣​ជាន់​ចំណាយ ថវិកា​ជាង ៩ លាន​ដុល្លា​សហរដ្ឋអាមេរិក និង​បាន​ជួយ​ផ្នែក​ថែទាំ​សុខ​ភាព​មាតា​ហើយ និង​ការ​ជួយ​សង្គ្រោះ​ទារក និង កុមារ ការ​បណ្តុះបណ្តាល មួយចំនួន។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​បាន​បរិច្ចាគ​ឈាម​ជូន ដល់​មន្ទីរពេទ្យ​ខេត្ត​រៀងរាល់​៣​ខែម្តង​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើរ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ត្រូវខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ផ្តល់​ការថែទាំ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ជាប្រចាំ ប្រកបដោយ​គុណភាព​។ ត្រូវ​ពង្រឹង​ការផ្តល់សេវា​ជាប្រចាំ​ការ ២៤​ម៉ោង លើ ២៤​ម៉ោង។ ក្នុងនោះ​ពង្រឹង​ការគោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​អោយបាន​ល្អប្រសើរ និង​មាន​ឥរិយាបថ​រាក់ទាក់ និង​ទន់ភ្លន់​សុភាពរាបសា រាល់ពេល​ផ្តល់ សេវា​ជូន​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត ត្រូវ​ពង្រឹង​ការងារ​អប់រំ​សុខភាព ជាពិសេស​ពន្យល់ និង​ណែនាំ​អ្នកជំងឺ ឱ្យបាន​ច្បាស់លាស់​ក្នុងពេល​ថែទាំ និង​ព្យាបាល​ជំងឺ​ព្រមទាំង​ពង្រឹង​បន្ថែម​ការធ្វើ​អនាម័យ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឱ្យបាន ល្អប្រសើរ។​

បន្ថែម​ពីនេះ ត្រូវ​យកចិត្តទុកដាក់​ការត្រួតពិនិត្យ​ការ​ចំលងរោគ​នៅ​គ្រប់​មូលដ្ឋាន សុខាភិបាល ដែលជា​បញ្ហាសំខាន់​មួយ​ផងដែរ ក្នុង​វិស័យ​សុខាភិបាល នេះ​តែម្ដង៕