ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​នាំ​កូន​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​ដែល​បានទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​អន្តរជាតិ​ដោយសារតែ​ការ​សម្រាលកូន​ខណៈ​កំពុងកាន់​តំណែង​បាន​នាំ​កូនស្រី​អាយុ​៣​ខែ​របស់​នាង​ចូលក្នុង​សាលប្រជុំ​នៃ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ។

លោកស្រី Jacinda Ardern អាយុ​៣៨​ឆ្នាំ​គឺជា​មេដឹកនាំ​ពិភពលោក​ទី​២​ដែល​បាន​សម្រាលកូន​ខណៈពេល​កំពុងកាន់​អំណាច​។ ទី​១​គឺ​លោកស្រី Benazir Bhutto ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នៅពេលដែល​កូនស្រី​របស់​នាង​បានកើត​នៅក្នុង​ឆ្នាំ​១៩៩០។

នាយករដ្ឋមន្ត្រី​រូបនេះ​ត្រូវបាន​គេ​ថតរូប​ខ​ខណៈ​ថើប​និង​ពកូន​ស្រី​ឈ្មោះ Neve នៅក្នុង​សាលប្រជុំ​ធំ​នៅក្បែរ​ដៃគូ​របស់​នាង​ឈ្មោះ Clarke Gayford អំឡុង​កិច្ចប្រជុំពេញអង្គ​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កិច្ចប្រជុំ​កំពូល​សន្តិភាព Nelson Mandela ដែល​លោកស្រី​ក៏បាន​ថ្លែង​សុន្ទរកថា​ផងដែរ​។​

លោក Gayford ដែលជា​ពិធីករ​កម្មវិធី​នេសាទ​តាម​ទូរទស្សន៍​ហើយ​មាន​គម្រោង​ធ្វើជា​អ្នកថែរក្សា​ដ៏​សំខាន់​សម្រាប់​កូនស្រី​របស់​ពួកគេ​នោះបាន​បង្ហោះ​រូបថត​នៅ​អង្គការសហប្រជាជាតិ​ហើយ​បាន​ហៅ​កូន​ថា​ជា “​ទារក​ទីមួយ​របស់​នូ​វែ​ល​ហ្សេ​ឡង់​”​។​

លោកស្រី Ardern បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ខែតុលា​ក្នុង​រយៈពេល​ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ចូលកាន់​កាប់​គណបក្ស​ការងារ​។ លោកស្រី​បាន​ត្រឡប់​ទៅធ្វើ​ការ​វិញ​កាលពី​ខែ​មុន​បន្ទាប់ពី​ឈប់សម្រាក​សម្រាលកូនរ​យៈ​ពេល​៦​សប្តាហ៍​។​

លោកស្រី​បានប្រកាស​រួចទៅហើយ​ថា ពួកគេ​នឹងធ្វើ​ដំណើរ​ជា​គ្រួសារ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ជាទី​ដែល​លោកស្រី​នឹង​ថ្លែង​ទៅកាន់​មហាសន្និបាត​។ កាលពី​ថ្ងៃ​ចន្ទ លោកស្រី​បាន​និយាយ​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ “​សប្តាហ៍​អាកាសធាតុ​” ប្រចាំឆ្នាំ​៕ AFP