ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ រំពឹង​ថា ​នឹងមាន​ការប្រកាស​អំពី​ជំនួប​កំពូល​ថ្មី​ជាមួយ​លោក គីម ក្នុងពេល​ឆាប់ៗ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹងថា កិច្ចប្រជុំ​កំពូល​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នឹងត្រូវ​បានប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​ប៉ុន្តែ​ថា ទីតាំង​នៃ​កិច្ចប្រជុំ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ។

ក្នុង​អំឡុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​អង្គការសហប្រជាជាតិ លោក ត្រាំ បាន​និយាយថា “​លោក​ប្រធាន គីម ពិតជា​បើកចំហ​ហើយ​អស្ចារ្យ​ណាស់​។ ខ្ញុំ​គិតថា គាត់​ចង់ឃើញ​អ្វីមួយ​កើតឡើង”។

លោក មូ​ន បាន​ជួប​ជាមួយ​លោក គីម ជា​លើក​ទី​បី​កាលពី​សប្តាហ៍​មុន​។ លោក​បាន​និយាយថា​លោក​បាន​ពាំ​នាំសារ​ផ្ទាល់ខ្លួន​មួយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​ទៅកាន់​លោក ត្រាំ ដែល​និយាយថា គាត់​សង្ឃឹមថានឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​ជាថ្មី​ម្តងទៀត​ក្នុងពេល​ឆាប់ៗ​នេះ​។​

លោក ត្រាំ និង​លោក គីម បាន​ជួបប្រជុំគ្នា​សម្រាប់​កិច្ចប្រជុំ​កំពូល​ដែល​មិន​ធ្លាប់មាន​ពីមុន​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ហើយ​លោក ត្រាំ បាន​ចាប់អារម្មណ៍​លើ​កិច្ចប្រជុំ​លើក​ទី​២​បើទោះបីជា​មន្ត្រី​អាមេរិក​និង​អ្នកវិភាគ​មួយចំនួនធំ​និយាយថា ក្រុង​ព្យុងយ៉ាង​មិនទាន់បាន​បង្ហាញថា ខ្លួន​ត្រៀម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ដែល​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​ក៏ដោយ​។​

លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​សង្ឃឹមថានឹង​ធ្វើដំណើ​រ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ម្តងទៀត​មុន​ចុង​ឆ្នាំនេះ​ដើម្បី​ធ្វើការ​ត្រៀមលក្ខណៈ​ចុងក្រោយ​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​ពីរ​ដែល​លោក​បាន​ថ្លែងថា លោក​មាន​ទំនុកចិត្ត​ថា​វា​នឹង​កើតឡើង។

លោក Pompeo បាន​និយាយថា លោក​មាន​សុទិដ្ឋិនិយម​ថា លោក គីម នឹង​ផ្តល់នូវ​ការសន្យា​របស់លោក​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ប៉ុន្តែ​រឿងនេះ​ត្រូវការ​ពេលវេលា​។​

គួរ​បញ្ជាក់ថា នៅឯ​ជំនួប​កាលពី​សប្តាហ៍​មុន​ជាមួយ​លោក មូ​ន​, លោក គីម បាន​សន្យាថា​នឹង​រុះរើ​ទីតាំង​មី​ស៊ី​ល​និង​បរិវេណ​នុយក្លេអ៊ែរ​ប្រសិនបើ​សហរដ្ឋអាមេរិក​ចាត់វិធានកា​រ​សមស្រប​៕ REUTERS