ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកសារ​របស់​អាមេរិក​ បង្ហាញ​ពី​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រក​ឃើញ​ភស្តុតាង​នៃ​អំពើហិង្សា​ជា​ប្រព័ន្ធ​ដែល​ប្រព្រឹត្ត​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​រួមមាន​ទាំង​ការសម្លាប់​រង្គាល​និង​ការ​ចាប់​រំលោភ​ផងដែរ។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចេញផ្សាយរ​បាយ​ការណ៍​នេះ​ខណៈដែល​សហរដ្ឋអាមេរិក​បានប្រកាស​ពី​កញ្ចប់​មូលនិធិ​ថ្មី​ចំនួន​១៨៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា​។​

ការសិក្សា​របស់​ក្រសួងការបរទេស​ដែល​ផ្អែកលើ​បទ​សម្ភាស​កាលពី​ខែមេសា​ជាមួយ​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា​ពេញវ័យ​ចំនួន​១,០២៤​នាក់​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ជិតខាង​គឺ​បាន​អះអាង​ដូច​ទៅនឹង​របាយការណ៍​រប​ស់​ក្រុម​សិទ្ធិមនុស្ស​។​

របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​នៃ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា “​ការស្ទង់មតិ​បានបង្ហាញ​ថា អំពើហិង្សា​នាពេល​ថ្មីៗ​នៅ​រដ្ឋ Rakhine ភាគ​ខាងជើង​គឺមាន​លក្ខណៈ​ធំធេង​ហើយ​វា​ហាក់ដូច​ជាមាន​ទិសដៅ​ឆ្ពោះទៅរក​ការធ្វើ​ឲ្យ​ប្រជាជន​ភ័យរន្ធត់​និង​ការបណ្តេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​”​។​

របាយការណ៍​ដដែល​នេះ​បាន​និយាយថា “​វិសាលភាព​និង​ទំហំ​នៃ​ប្រតិបត្តិការ​យោធា​បាន​បង្ហាញថា ពួកគេ​ត្រូវ​បានរៀបចំ​យ៉ាង​ល្អ​និង​មានការ​សម្របសម្រួល​”​។​

របាយការណ៍​បន្តថា “​នៅក្នុង​តំបន់​ខ្លះ ជនល្មើស​បាន​ប្រើ​យុទ្ធសាស្ត្រ​ដែល​នាំ​ឲ្យ​មានការ​ស្លាប់​និង​របួស​មនុស្ស​យ៉ាងច្រើន​ដូច​ជាការ​ចាក់សោ​មនុស្ស​នៅក្នុង​ផ្ទះ​ដើម្បី​ដុត​ពួកគេ ព័ទ្ធជុំវិញ​ភូមិ​មុនពេល​បាញ់​សំដៅទៅ​ហ្វូងមនុស្ស​ឬ​ពន្លិច​ទូក​ដែលមាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​នាក់​”​។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ជនភៀសខ្លួន​ដែល​ត្រូវបាន​សម្ភាស​ប្រមាណ​៨២​ភាគរយ​គឺ​បានឃើញ​ការសម្លាប់​ផ្ទាល់​ភ្នែក​ហើយ​៥១​ភាគរយ​ទៀត​បាន​រាយការណ៍​ពី​អំពើ​ហិង្សា​ផ្លូវភេទ​។​

គួរ​បញ្ជាក់​ថា អំពើ​ហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​គេ​ស្គាល់​កាលពី​អតីតកាល​ថា “​ភូមា​” បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ផ្លាស់ប្តូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ៕ AFP