ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប្រាក់ សុវណ្ណារ៉ា តំណាង​ឲ្យ​កម្ពុជា ទៅ​ចូលរួម​ក្នុង​សន្និសីទ​បាល់ទាត់​កម្រិត​អន្តរជាតិ​នៅ​អង់គ្លេស

លោក ប្រាក់ សុវណ្ណារ៉ា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក Ohara Kazunori នាយក​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​បាល់ទាត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA Football Conference) ដែល​វិភាគ​ទៅលើ​ស្ថិតិ​នានា​ជុំវិញ​ព្រឹត្តិការណ៍ World Cup កន្លងមក​។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ​គ្រូបង្វឹក និង​នាយក​បច្ចេកទេស​មកពី​សមាគម​សមាជិក​ជុំវិញ​ពិភពលោក​ជិត ២០០​នាក់ និង​សហព័ន្ធ​កីឡាបាល់ទាត់​ចំនួន ៦​ទ្វីប​ផ្សេងគ្នា បាន​ទៅ​ចូលរួម​សន្និសីទ​កីឡាបាល់ទាត់​របស់ FIFA ដែល​និ​យា​អំពី​ការរៀបចំ​ក្រុម និង​ការវិភាគ​ទាក់ទង​នឹង​បច្ចេកទេស​របស់​ក្រុម​ដែល​លេង​នៅ World Cup នៅ​រុស្ស៊ី​ហើយ​ជាពិសេស​គឺ​ផ្តោត​លើក​ក្រុម​ចំនួន​៤​ចុងក្រោយ​ដែល​បាន​ឈានទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​។ ជា​មួយ​គ្នា​នេះ តំណាង​សហព័ន្ធ​ទាំងអស់​បាន​ចូលរួម​ការប្រកាស​ជ័យលាភី Best Fifa Football ផងដែរ​។

លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ដោយមាន​វីរនារី Alex Scott និង​វីរបុរស Clarence Seedorf ជា​អ្នកសម្របសម្រួល​។ គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​មាន​ការ​បង្ហាញ​លទ្ធផល​វិភាគ​របស់ ក្រុមការងារ​បច្ចេកទេស​របស់ FIFA លើ​ស្ថិតិ​សំខាន់ៗ​ជុំវិញ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​កន្លងមក​។

​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា បាន​ប្រាប់​មកពី​ទ្វីបអឺរ៉ុប​ថា «​ខ្ញុំ​បាន​រៀន​ច្រើនណាស់​ពី​កម្មវិធី​នេះ ដោយមាន​ការវិវត្តន៍​ផ្នែក​បច្ចេកទេស កលល្បិច​ផ្នែក​ចិត្តសាស្ត្រ និង​ភាពជា​អ្នកដឹកនាំ​ជាដើម ក្នុង​ការ​ប្រកួត​នានា​ដែល​រៀបចំ​លើក​ឆាក​អន្តរជាតិ​ដោយ FIFA​។ សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ គឺ​បាន​ណែនាំ​អំពី​ប្រយោជន៍​នៃ​ការប្រើប្រាស់​វី​ដូ​អូ​ជំនួយការ​អាជ្ញាកណ្តាល (Video assistant referee)»​។

សូម​បញ្ជាក់​ថា លោក ប្រាក់ សុវណ្ណារ៉ា បាន​ចូលខ្លួន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជំនួស​តំណែង​លោក Leonardo Vitorino ដែល​ជា​អតីត​គ្រូបង្វឹក​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បណ្តេញ​ចេញ​កាល​ចុងឆ្នាំ​២០១៧​។ ឆ្លងកាត់​៤​ប្រកួត​កន្លងមក​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាញ់​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ២​ទល់​១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ហើយ​បន្ត​ចាញ់​ក្រុម​ហ្សកដានី ១​ទល់​០ ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី 2019 AFC Asian Cup UAE​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C ខណៈ​យកឈ្នះ​ឡាវ​១​ទល់​០ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ តែ​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ២​ទល់​១ ក្នុង​ប្រកួត​បិទ​វគ្គ​ពូ​ល C​កាលពីពេល​ថ្មីៗ​។

លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​វ័យ​៤៥​ឆ្នាំ​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​លើកដំបូង​លោក​ដឹកនាំ​ចាប់ពី​ខែសីហា ឆ្នាំ​២០០៨ ដល់​ខែឧសភា ឆ្នាំ​២០០៩ ហើយ​លើក​ទី​២​ដឹកនាំ​ពី​ខែធ្នូ ឆ្នាំ​២០១២ ដល់​ខែកញ្ញា ឆ្នាំ​២០១៣​។ ក្រៅពី​ក្រុម​ជម្រើសជាតិ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អាជីព​នៅ​កម្ពុជា ផងដែរ​ដូចជា ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០០៩ ហើយ​ដឹកនាំ​ហ្គា​វើ​ល ២០១៣-២០១៤ គីរីវង់​សុខ​សែនជ័យ នៅចុង​ឆ្នាំ២០១៤ និង​បឹង​កេត​អែហ្វស៊ីពី ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧៕