ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ទោះបី​នៅសល់​១​ប្រកួត​ចុងក្រោយ​ទៀត​ក៏ដោយ

ក្រុមបាល់ទាត់​ណាហ្គា​វើ​ល បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ប្រចាំឆ្នាំ​២០១៨ នេះ​ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​រកបាន​ពិន្ទុ​ច្រើនជាង​ក្រុម​ដទៃ ខណៈ​ពានរង្វាន់​នេះ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​នឹងត្រូវ​បញ្ចប់​។

សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​២១ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឃើញថា​នៅ​ថ្ងៃ​សៅរ៍ ទី​២២​ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្មើគ្នា​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ២​ទល់​២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​ក្រសួងការពារជាតិ ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​០ លើ​ទីលាន​ស្តា​ត​ចាស់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៣​ខែកញ្ញា ឆ្នាំ​២០១៨​វិញ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​ទល់​០ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ស្មើគ្នា​ជាមួយ​ក្រុម​បឹងកេត ២​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀ​រាប និង​ក្រុម​វិសាខា ចាញ់​ក្រុម​ណាហ្គា​វើ​ល ២​ទល់​១​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។

​សម្រាប់​តារាង​ចំណាត់ថ្នាក់​ឃើញ​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ទី​២១​នេះ​ឃើញថា​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​៥៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត​អែ​ហ្វ​ស៊ី មាន​៤៩​ពិន្ទុ ហើយ​ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៤៥​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៩​ពិ​ន្ទ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​៣៣​ពិន្ទុ ក្រុម​លេខ​៦ ព្រះខ័ន​រាជ​ស្វាយរៀង មាន​៣០​ពិន្ទុ ក្រុម​លេខ​៧​អង្គ​រថា​យ​ហ្គឺ​រ មាន​២៧​ពិន្ទុ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​២៧​ពិន្ទុ​ដែរ ក្រុម​លេខ​៩​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៤​ពិន្ទុ​ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៩​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១​មាន​៩​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅសល់​១​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ហើយ ខណៈ​ក្រុម​ណាហ្គា​វើ​ល ជា​ម្ចាស់​ជើងឯក ក្រោយ​មាន​ពិន្ទុ​ច្រើនជាង​ក្រុម​លេខ​២​បឹងកេត រហូតដល់​ទៅ​៤​ពិន្ទុ​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕