ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ចិន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ នាទី​ក្រុង​ណា​នី​ង

ភ្នំពេញ​ ៖ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បន្ទាប់ពី​ជំនួប​រវាង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ស្យុ​ង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​ជួប​ជម្រាបលា ក្នុង​ឱកាស​ដែល​លោក​បានបញ្ចប់​អាណ​ត្តិ​ការទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។

នៅក្នុង​ជំនួប​នោះ លោក Xiong Bo បាន​សម្តែង​នូវ​ការ​រីករាយ ចំពោះ​ការ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ចិន ជាមួយនឹង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្រប់​ជាន់ថ្នាក់​យ៉ាង​មមាញឹក ជាពិសេស​ព្រះរាជ​ទស្សនកិច្ច របស់​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី និង​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៅ​ចិន ក៏ដូចជា​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​ប្រធានាធិបតី និង​លោក នាយក​រដ្ឋ​មន្ត្រី​ចិន ដែល​បាន​រឹតចំណង​មិត្តភាព ភាតរភាព ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ រួមទាំង​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​បាន​រួម​ចំណែក ជំរុញ​យ៉ាង​ខ្លាំងក្លា​នូវ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។

លោក Xiong Bo បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់​សារៈសំខាន់​ក្នុង​ការ ជំរុញ​ទំនាក់ទំនង​ចិន​-​កម្ពុជា និង​ដែលមាន​ជំនឿ​ទុកចិត្ត​ជ្រាលជ្រៅ ជាមួយ​ចិន និង​បាន​បន្ថែម​ថា គ្រប់​មជ្ឈដ្ឋាន ថ្នាក់ដឹកនាំ​ចិន​បាន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ ជាពិសេស ចំពោះ​វត្តមាន​នា​ពេល​ថ្មីៗ​នេះ​ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ទីក្រុង​ណា​នី​ង​។ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន សម្តែង​ការ​អបអរសាទរ​ជាថ្មី​ផង​ដែរ ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​សកល កាលពី​ថ្ងៃទី ២៩​ខែកក្កដា ឆ្នាំ២០១៨។

ជា​ការ​ឆ្លើយតប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង និង​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​អាណតិ្ត​ការងារ​នៅ​កម្ពុជា​របស់​លោក Xiong Bo ដែល​បាន​រួម​ចំណែក​រឹត ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ក៏បាន​សម្តែង​ការ​ពេញចិត្ត ដោយ​ឃើញថា ទំនាក់ទំនង​កំរិត​គណបក្ស និង​គណបក្ស រដ្ឋាភិបាល និង​រដ្ឋាភិបាល​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ បាន​បន្ត​ឈាន​ខ្ពស់​ឡើងជា​បន្តបន្ទាប់ ហើយ​សកម្មភាព ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង ការទូត​កម្ពុជា​-​ចិន​ក្នុង​ឆ្នាំ​២០១៨​នេះ បានធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចិន ដែល​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និង​ផ្តល់​ជំនួយ ដ៏​សន្ធឹកសន្ធាប់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ហើយ​ព្រមទាំង​បាន​ផ្តល់​ការ​គាំទ្រ និង​បាន​ចូលរួម ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​សកល​នៅ​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សន្យា​ថា នឹង​បន្ត​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ដល់​ស្ថានទូត​ចិន និង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ចិន ហើយ​ក៏បាន​ត្រៀម​ជាស្រេច ដើម្បី​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន នាពេល​ឆាប់ៗ​ខាងមុខ​៕