ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មាធិការ​រៀបចំ​ដែនដី​ថ្នាក់ជាតិ អំពាវនាវ​ឲ្យ​អ្នកទិញ​ដី​ពុះ​ឡូត៍ ទាំងអស់ ពិនិត្យមើល​កម្ម​សិទ្ធ​ឲ្យ​បាន​ច្បាស់លាស់

ភ្នំពេញ​ ៖ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ (​គ​.​ដ​.​ន​.​ជ​) បាន​អំពាវនាវ​ឲ្យ​អ្នកទិញ​ដីឡូត៍ ពុះ​លក់​ទាំងអស់ ពិនិត្យមើល​កម្ម​សិទ្ធិ​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​ដី​នោះ​មានកម្ម​សិទ្ធិ ចុះបញ្ជី​ត្រឹមត្រូវ​ដែរ ឬ​អត់ ? ដើម្បី​ជៀសវាង​មាន​បញ្ហា។

លោក ប៉ែន សុផល អំពាវនាវ​បែបនេះ ជា​ការ​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន ខណៈ​លោក​ចូលរួម​ជា​អធិបតី​នៅក្នុង​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការ​អភិវឌ្ឍ​ដី កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ប៉ែន សុផល មាន​ប្រសាសន៍​ថា ប្រកាស​ស្តីពី​ការ​អភិវឌ្ឍ​ដី ជា​គោល​ការសំខាន់​របស់​ក្រសួង ដើម្បី​ធានា​ការគ្រប់គ្រង​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព និង​សមធម៌​។ ពីព្រោះ​ជាទូទៅ​នៅក្នុង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេល​មានការ​អភិវឌ្ឍ​ន៍​ដី ត្រូវ​រៀបចំ​ឲ្យ​ចំ​គោល​ការ​ណ៍​បច្ចេកទេស​នៃ​ការ​អភិវឌ្ឍ​ន៍​ដី ហើយ​ការ​អភិវឌ្ឍ​ន៍​ដី​នេះ មាន​រហូតដល់​១២​ប្រភេទ​។

ចំណែក​ទាក់ទង​ការ​ពុះ​ដី​ឡូត៍​លក់ ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹក​គ្រេង​នោះ លោក ប៉ែន សុផល អះអាង​ថា “​ឥឡូវនេះ​ក្រសួង​បាន​អនុម័ត​ប្រកាស​នេះ​ហើយ និង​ដាក់​ឲ្យ​អនុវត្ត ហើយ​សិក្ខាសាលា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត ចឹ​ង​បន្ទាប់ពី​ប្រកាស​នេះ​ត្រូវ​បាន​អនុវត្ត ការអភិវឌ្ឍ​ន៍​ដី​ទាំងអស់​រួមជាមួយ​ការ​ពុះ​ដី​ឡូ​ត៏​លក់​នេះ ជា​គំរូ​មួយ​នៅ​ការអភិវឌ្ឍ​ន៍​ដី ក៏​ត្រូវតែ​សុំច្បាប់​អនុញ្ញាតិ ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពី​សាលា​រាជធានី ខេត្ត ឬ​ពី​សាលាក្រុង ស្រុក ខណ្ឌ ទៅតាម​ទំហំ​សមត្ថកិច្ច ហើយ​តាមពិត​ប្រកាស​នេះ ជាការ​លំអិត​បន្ថែម​ទៅលើ​អនុ​ក្រឹត្យ​លេខ​៤២ ស្តីពី​នគរូបនីយកម្ម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ថ្ងៃទី​០៣ ខែ​បួន ឆ្នាំ​២០១៥​មក​ម្ល៉េះ។ ចឹ​ង​ជាការ​លំអិត​បន្ថែម​អំពី​លក្ខណៈ​បច្ចេកទេស និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​រាជធានី ខេត្ត និង​ទីប្រជុំជន​”​។

លោក ប៉ែន សុផល អះអាងថា អ្នក​ទាំងអស់ ទាំង​ឯកជន និង​អ្នករកស៊ី ត្រូវតែ​គោរព​តាម​គោល​ការ​ណ៏​ច្បាប់​គតិយុត្តិ​ជា​ធរមាន ហើយ​ក្នុងករណី​មិន​គោរព​តាម ក្រសួង​នឹង​ដាក់​ទណ្ឌកម្ម ឬ​ផាកពិន័យ​។ លោក​បញ្ជាក់ថា “​អញ្ចឹង​ហើយ​បានជា​ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពីព្រោះ​ជាទូទៅ​ច្បាប់​ភូមិបាល​បាន​កំណត់​ច្បាស់លាស់ ជាគោលការណ៍ ហើយ​រដ្ឋាភិបាល​បានរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ ដែល​ទូទៅ គោលដៅ​អនុវត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែ​ពិនិត្យមើល មុននឹង​ទិញ ថា​តើ​ដី​នោះ​ពិតជា​មានការ​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ជា​ដី​កម្មសិទ្ធិ​របស់​អ្នកលក់​នោះ ពិតប្រាកដ​មែន ឬ​យ៉ាងណា ហើយ​ជាទូទៅ​អ្នក​ដែល​យក​ដី​របស់ខ្លួន​ល​ក់​ឲ្យ​អ្នកនេះ ហើយ​បន្ត​ឲ្យ​អ្នកនោះ​ទៀត​នោះ គឺ​ត្រូវតែ​មានទោស ទាំង​ច្បាប់​ភូមិបាល និង​ក្រមព្រហ្មទណ្ឌ​ក៏មាន​ចែង​អំពី​បញ្ហា​នេះដែរ នេះ​ជាការ​អនុវត្ត​តាមច្បាប់ ដូច្នេះ​អ្នក​ទៅ​ទិញ​ត្រូវតែ​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ និង​បច្ចេកទេស​”​។​

សូមបញ្ជាក់ថា សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការរៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​ចំ​ទិសដៅ ដើម្បី​ធានា​ការអភិវឌ្ឍន៍​ដែនដី ប្រកបដោយ​ចិរភាព​តុល្យភាព និង​ប្រសិទ្ធភាព​។ ម្យ៉ាងទៀត ដើម្បី​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​ដី បំបែក​ក្បាលដី ឬ​ការ​បង្រួម​ក្បាលដី ទៅជា​ដីឡូត៍​សំរាប់​លក់ និង​សាងសង់​លំនៅឋាន​ឧស្សាហកម្ម​អគារ​ឧស្សាហកម្ម​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម​៕