ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន ឈ្នះ​ក្នុង​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់ 2018 Malaysia Cup

​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែល​ទើប​កោះ​ហៅ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺជា​កីឡាករ​តែ​១​រូប​គត់​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨​នៅ​ពេល​នេះ ខណៈ​ក្លិប​របស់​កីឡាករ​រូប​នេះ​ទើបតែ​ដណ្តើម​បាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​ប្រចាំ​យុទ្ធនាកា​ប្រកួត​ក្នុង​ពានរង្វាន់ 2018 Malaysia Cup​។

ពានរង្វាន់ 2018 Malaysia Cup ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​១៦​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល​ដែលមាន​៤​ពូ​ល​។ ជា​រួម​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល​ប្រើ​ពេល​ប្រកួត​ចំនួន​២​ជើង​រួមមាន​ក្រុម Terengganu ជួប​ក្រុម Felda United ហើយ​ក្រុម Johor Darul Ta’zim ជួប​ក្រុម Pahang FA ខណៈ​ក្រុម PKNS ប៉ះ​ក្រុម Perak និង​ក្រុម Sabah ប៉ះ​ក្រុម Kelantan​។

​ចំពោះ​ជើង​ទី​១​នេះ​ក្រុម Terengganu បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Felda United ២​ទល់​១ កាលពីពេល​ថ្មីៗ លើ​ទីលាន​កីឡដ្ឋាន​Tun Abdul Razak Stadium ក្នុង​ទីក្រុង​Jengka​។ ចំណែក​ប្រកួត​ជើង​ទី​២​រវាង​ក្រុម​ទាំង​២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន​Sultan Ismail Nasiruddin Shah Stadium ក្នុង​ទីក្រុង​Kuala Terengganu វិញ​ម្តង​។ ក្រុម​ឈ្នះ​ក្នុង​ប្រកួត​ទាំង​២​នេះ​នឹង​ទទួល​កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ជា​បន្ត​។

​ចំពោះ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទើបតែ​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី វិញ​នោះ​ទេ ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​ម៉ាឡេស៊ី កាលពី​នៅ​ថ្ងៃទី​១០ ខែកញ្ញា ថ្មីៗ​នេះ​។ ប្រកួត​កន្លងមក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រុម Teregganu FA បាន​យកឈ្នះ​លើ​ក្រុម Kuala Lumpur ៥​ទល់​១ ហើយ​បន្ត​ឈ្នះ​លើ​ក្រុម Perak ៤​ទល់​៣ និង​ស្មើគ្នា​ជាមួយ​ក្រុម Felcra ២​ទល់​២​។ ចូលដល់​ជុំ​ទី​២​ក្រុម​នេះ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម Felcra ៤​ទល់​១ មុន​ចាញ់​ក្រុម Perak ២​ទល់​១ វិញ និង​បន្ត​ចាញ់​ក្រុម​Kuala Lumpur៣​ទល់​២​។

សូម​រំលឹក​ថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថាប៊ីន ម្នាក់​ប៉ុណ្ណោះ៕