ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ បន្ត​នាំ​យក​អំណោយ​ផ្តល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​១០៥​គ្រួសារ​នៅ​សង្កាត់​និរោធ

ភ្នំ​ពេ​ញ ៖ នៅ​រសៀល​ថ្ងៃទី​២៥ ​ខែកញ្ញា​នេះ​ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បន្ត​នាំ​យក​អំណោយ​ជា​អង្ករ​និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្តល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​និរោធ​ចំនួន​១០៥​គ្រួសារ​ ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា​នៅពេល​ថ្មីៗ​នេះ​លោក​បានទទួល​ព័ត​មាន​ពី​លោកស្រី​ចៅសង្កាត់​និរោធ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១០៥​គ្រួសារ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​លិច​ផ្ទះសម្បែង​និង​ដីចំការ​។​ ភ្លាមៗ​នោះ​លោក​អភិបាល​ក៏បាន​រៀបចំ​អំណោយ​នាំ​យក​មក​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដល់ដៃ​ភ្លាមៗ​ដោយ​ពុំ​ពន្យារពេល​ឡើយ​។

ក្នុង​ពេល​នាំ​យក​អំណោយ​ដោយ​ដើរ​ឆ្លង​កាត់ទឹក​ពេញ​ក្នុងភូមិ​លោក​អភិបាលខណ្ឌ​និង​ក្រុមការងារ​សាលា​ខណ្ឌ​បាន​សំដែង​នូវ​ទឹកមុខ​អាណិតអាសូរ​ដល់​បងប្អូន​ដែល​រង​ការ​លិចលង់​លំនៅឋាន​ហើយ​ក្នុង​នោះ​លោក​អភិបាលខណ្ឌ​ក៏បាន​ពិនិត្យមើល​ទីតាំង​ដាក់​ម៉ា​ស៊ី​ន​បូមទឹក​ដើម្បី​រំដោះ​ទឹក​ចេញ​ឲ្យ​បាន​ឆាប់​រីងស្ងួត​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​លោក​រស់នៅ​បាន​សុខ​ស្រួល។

លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា​នៅ​ថ្ងៃស្អែក​នេះ​លោក​អភិបាល​និង​ចាត់​ឲ្យ​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ចុះ​មក​ពិនិត្យ​ជំងឺ​ជូន​បងប្អូន​ដូចជា​ជំងឺ​រាគ​ជំងឺ​រមាស់​ជាដើម​ដោយ​ឥត​យក​ប្រាក់​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​បងប្អូន​មិន​ឲ្យ​លំបាក​ឡើយ​។ គួរ​បញ្ជាក់​ថា​ជា​រៀងរាល់ថ្ងៃ​លោក​អភិបាលខណ្ឌ​និង​លោក​លោកស្រី​អភិបាលរង​តែង​នាំ​យក​អំណោយ​ផ្តល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ទាំង​៨​ដោយ​ពុំ​មាន​ថ្ងៃ​សំរាក​ឡើយ​៕