ព័ត៍មានទាន់​ហេតុការណ៏
Search

កំពែង ខ្មៅ សងសឹក អ៊ូច ធា​រិ​ទ្ធ នៅ​សង្វៀន​ស្ទឹងមានជ័យ

កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម បាន​សុំ​ជួប​សងសឹក​ជាមួយ​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​អាណាចក្រ​គុន​ខ្មែរ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៩​ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ។​គេ​បាន​ជួប​ជាមួយ​កំពែង ខ្មៅ ម្តង​កាលពី​ថ្ងៃទី​៣០​កញ្ញា​២០១៧ ដោយ​កំពែង​ខ្មៅ​វាយ​ចាញ់​អ៊ូច​ធា​រិ​ទ្ធ​ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធា្ល​ប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។

កំពែង ខ្មៅ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​មុន ហើយ​ឥឡូវ​គេ​នៅតែ​ខ្លាំង​ដូច​ពីមុន​ដដែល ដែល​អ្នក​ប្រដាល់​ដែលមាន​ទម្ងន់​ដូចគ្នា ទោះ​ជើងចាស់​ក្តី ជើង​ថ្មី​ក្តី តែង​ញញើត​កំពែង​ខ្មៅ ។​

ទោះជា​យ៉ាងនេះ​ក្តី អ៊ូច ធា​រិ​ទ្ធ ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍​ការសង​សឹក​របស់​កំពែង ខ្មៅ​នោះ គេ​មិនមាន​ការព្រួយបារម្ភ​ឬក៏​ភ័យខ្លាច​ចំពោះ​កំពែង ខ្មៅ​នោះដែរ ទោះបីជា​គេ​ដឹងថា​អ្នក​ប្រដាល់​ថៃ​នេះ វាយ​ខ្លាំង​ក៏ដោយ ។​

​អ៊ូច ធា​រិ​ទ្ធ និង​កំពែង​ខ្មៅ សុទ្ធតែ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ ។ សម្រាប់​ការ​ប៉ះ​ជាមួយ​កំពែង​ខ្មៅ លើក​នេះ មិនដឹងថា អ៊ូច​ធា​រិ​ទ្ធ អាច​យកឈ្នះ​បាន​ទៀត​ឬ​អត់​នោះទេ ? តែ​តាម​ក្រុមអ្នកតាមដាន​ប្រដាល់ ដែល​ពួកគេ​ស្គា​ល់ពី​ថ្វីដៃ​របស់​កំពែង ខ្មៅ​នោះ ពួកគេ​អះអាងថា អ៊ូច ធា​រិ​ទ្ធ ប្រហែលជា​មិនអាច​ឈ្នះ​នោះទេ ព្រោះ​កំពែង ខ្មៅ គេ​មាន​ល្បិចកល​ប្រកួត​ច្រើន​និង​មាន​ផ្លែ​ល្អ​ជាង​ធា​រិ​ទ្ធ​ទៀតផង ។​តែ​យ៉ាងណា អ្នក​ប្រដាល់​អ៊ូច ធា​រិ​ទ្ធ គេ​វាយ​ស៊ូ​មិន​ងាយ​ចុះចាញ់​គូប្រកួត​ងាយៗ​នោះឡើយ ។​

ចៅ ផល​ឌឿ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បានប្រកាស​ឡើង​វាយ ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

នេះ​ជាការ​ជួបគ្នា​លើក​ទី​១ សំរាប់​ពួកគេ​ទាំងពីរ​នាក់​នេះ ។ តាមពិត​ពីមុន​នោះ អូន ចាន់​ឡឹង ពុំមែន​ជា​ដៃគូ​ប្រកួត​របស់​ចៅ ផល​ឌឿ​ទេ ដោយសារ​នៅ​ទម្ងន់​ស្រាល ចៅ ផល​ឌឿ​គេ​វាយ​ខ្លាំង តែ​ពេលនេះ​ផល​ឌឿ​រាង​អន់​បន្តិច​និង​ចាញ់​កម្ពស់​ទៀត ទើប​ចាន់​ឡឹង​គេ​ហ៊ាន​ជួប ។
​អូន ចាន់​ឡឹង គេ​ក៏​វាយ​ខ្លាំង​មិន​ចាញ់​ផល​ឌឿ​ប៉ុន្មាន​នោះទេ ហើយ​គេ​ក៏​វាយ​មិន​សំចៃ​ដៃ​ដូចជា​ចៅ​ផល​ឌឿ​ដែរ ។ ចាន់​ឡឹង ពុំ​ធ្លាប់​ដែល​ជួប​ជើងចាស់​នោះទេ ហេតុនេះ​មិនដឹងថា​ទៅរួច​ជាមួយ​ចៅ ផល​ឌឿ​នោះទេ​? ។​

ចៅ ផល​ឌឿ គេ​ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​និង​កម្រោល វាយ​ត្រូវ​កាលណា កាន់តែ​ដើរចូល​ទៀត ។ កណ្តាប់ដៃ​របស់​ផល​ឌឿ រហ័ស លឿន និង​ខ្លាំង​ថែមទៀត ។ ទោះបីជា​យ៉ាងនេះ​ក្តី ផល​ឌឿ​វាយ​អត់​មាន​ផ្លែ​ល្អ​ឡើយ គឺ​គេ​បានតែ​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​មួយ​មុខ​ប៉ុណ្ណោះ ។​ដោយសារ​បែបនេះហើយ ទើប​ការប្រកួត​របស់គេ​ពី​ទឹក​១​ដល់​ទឹក​៥ គឺ​សម្រុកចូល​វាយ​រហូត បើ​ដៃគូ​ប្រកួត​ទប់​បាន​ឬ​មិនបាន​នឹង​ដឹង​រវាង​ពីរ​ឬ​បី​ទឹក​ដំបូង​នោះ​ហើយ ។

ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ មិនដឹងថា​ចៅ ផល​ឌឿ​អាច​ឈ្នះ អូន ចាន់​ឡឹង បាន​ឬ​អត់​នោះទេ ? ។ ហើយក៏​ពុំ​ដឹងថា អូន ចាន់​ឡឹង អាច​យកឈ្នះ​ចៅ ផល​ឌឿ បាន​ឬ​អត់​ដែរ ? ។​

ចំពោះ​សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ ឡេង ម៉ៅ អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​រីឯ ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​សំណាង ចាន់​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕​