ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ រេ​ចូល​ឡាន បុក​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់

បាត់ដំបង​ ៖​ យ៉ាងហោចណាស់​ ក៏​មាន​មនុស្ស​ម្នាក់​ដែរ ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​២ នាក់ ខណៈ​ដែល​ពួកគេ​បើកបរ​ម៉ូតូ​ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​អោយ​រេ​ចង្កូត​ឆ្លង​គំនូស​លឿង ចូល​ទៅ​ខាងឆ្វេង​ ត្រូវ​រថយន្តបុក​តែម្តង។​

ហេតុការណ៍​នេះ​ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦ និង ៣០ នាទី ព្រលប់​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​៥ ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​លុចស៊ីស ពាក់​ស្លាក​លេខ​បាត់ដំបង​2B.0853 ​ ជាមួយ​នឹង​ម៉ូតូ​ហុងដា ពាក់​ស្លាក​លេខ ​បាត់ដំបង​1.AC.0853។

បើ​តាម​ការ​លើកឡើង​ពី​សមត្ថកិច្ច​បានអោយដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺអាច​បង្ក​ ឡើង​ដោយ​ភាគី​ម៉ូតូ ដែល​ទំនងជា​មានការ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​រេ​ចង្កូត​ចូល​ទៅខាង​រថយន្ត ទើបត្រូវ​រថយន្ត​បុក​តែម្តង បណ្តាល​អោយ​ស្លាប់​មនុស្ស​ម្នាក់ ( អ្នក​បើកបរ ) និង​រងរបួស​ធ្ងន់​ម្នាក់ គឺ​អ្នក​រួម​ដំណើរ។

អ្នក​ដែល​ស្លាប់​នោះ​មានឈ្មោះ រៀម រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ចំណែក​អ្នករបួស​មានឈ្មោះ ហាន់ ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ភ្លាមៗ​នោះដែរ នៅ​មុន​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​គឺ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួន​បាត់ស្រមោល​ទៅ​ហើយ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​រៀបចំ​បញ្ជូន​មធ្យោបាយ​ទាំងពីរ ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ក្នុងការ​ចាត់​វិធានកា​រ​តាមផ្លូវ​ច្បាប់ ចំណែក​សព​ក៏ត្រូវ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ៕