ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក អា​បេ បើកចំហ​ចំពោះ​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក គីម ជុង​អ៊ុន

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដែលជា​អ្នក​ប្រកាន់​ជំហរ​រឹងមាំ​ជា​យូរ​មកហើយ​លើ​ប្រទេស​កូរ៉េខាងជើង​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​មាន​ឆន្ទៈ​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ។

លោក អា​បេ បាន​ព្រមាន​នៅ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំមុន​ថា បង្អួច​ការទូត​ជាមួយ​កូរ៉េខាងជើង​កំពុង​បិទ​ហើយ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លោក​បាន​និយាយថា ជំនួប​កំពូល​ណាមួយ​នឹង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​ជម្លោះ​រយៈពេល​ច្រើន​ទសវត្សរ៍​ជុំវិញ​ការចាប់​ពង្រត់​ជន​ស៊ីវិល​ជប៉ុន​ដែលជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់​សាធារណជន​ជប៉ុន​។​

លោក អា​បេ បាន​និយាយ​ក្នុង​សុន្ទរកថា​អង្គការសហប្រជាជាតិរ​បស់​គាត់​ថា “​ដើម្បី​ដោះស្រាយ​បញ្ហា​ចាប់ពង្រត់ ខ្ញុំ​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បំបែក​នូវ​ការមិនទុកចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​កូរ៉េខាងជើង​ផងដែរ​ដើម្បី​ឈានទៅរក​ការចាប់ផ្តើម​ថ្មី​និង​ជួប​ជាមួយ​លោក​ប្រធាន​គីម​ជុង​អ៊ុន​”​។​

កូរ៉េខាងជើង​បាន​ចាប់ពង្រត់​ពលរដ្ឋ​ជប៉ុន​ជាច្រើន​នាក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​និង​១៩៨០​ដើម្បី​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយជា​អ្នកស៊ើប​ការណ៍​របស់រ​បប​ក្នុង​ភាសា​និង​វប្បធម៌​ជប៉ុន​។​

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi បានធ្វើ​ដំណើរ​ពីរដង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ស្វែងរក​ទំនាក់ទំនង​ថ្មី​ជាមួយ​ឪពុក​របស់​មេដឹកនាំ​បច្ចុប្បន្ន​គឺ​លោក​គីម​ជុងអ៊ីល​និង​ត្រូវបាន​ប្រាប់​ដោយ​កូរ៉េខាងជើង​ថា ជន​ត្រូវ​ចាប់ពង្រត់​ដែល​នៅ​សេសសល់​គឺ​បាន​ស្លាប់​ហើយ​ដែល​នេះ​ជា​ជំហរ​មួយ​ត្រូវបាន​ច្រានចោល​ដោយ​សមាជិកគ្រួសារ​និង​អ្នកធ្វើ​យុទ្ធនាការ​របស់​ជប៉ុន​។​

មានការ​រំពឹងទុក​យ៉ាងខ្លាំង​ថា​តើ​លោក អា​បេ អាច​ជួប​ជាមួយ​លោក គីម ដែរ​ឬក៏​អត់​។​
ខណៈដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ក៏​កំពុង​ល្បួង​លោក គីម ផងដែរ​នោះ ការព្រួយបារម្ភ​បាន​កើនឡើង​នៅក្នុង​ប្រទេស​ជប៉ុន​ថា ខ្លួន​អាច​នៅក្រៅ​សេចក្តីសម្រេច​ណាមួយ​លើ​បញ្ហា​ប្រទេស​កូរ៉េខាងជើង​បើសិនជា​ប្រទេស​នេះ​បដិសេធ​ការចរចា​៕ AFP