ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​បដិសេធ​ដំណើរ​ទស្សនកិច្ច​របស់​នាវាចម្បាំង​អាមេរិក​ទៅ​ហុងកុង​ស្រប​ពេល​ភាព​តានតឹង​កើនឡើង​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ចិន​បាន​បដិសេធ​សំណើ​ទស្សនកិច្ច​តាម​ការគ្រោងទុក​របស់​នាវាចម្បាំង​អាមេរិក​ទៅ​ទីក្រុង​ហុងកុង​ហើយ​បាន​លុបចោល​ផែនការ​សម្រាប់​ឧ​ត្ត​ម​សេនីយ៍​កំពូល​ម្នាក់​ដើម្បី​ជួប​ជាមួយ​សម​ភាគី​អាមេរិក​របស់គាត់​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

ការបដិសេធ​នេះ​បាន​កើតឡើង​ចំពេល​ដែល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជ​កម្មបាន​កើនឡើង​រវាង​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​ដែល​នៅ​សប្តាហ៍​នេះ​សហរដ្ឋអាមេរិក​បានអនុម័ត​ពន្ធគយ​ថ្មី​ប្រឆាំងនឹង​ប្រទេស​ចិន​ដែល​គ្របដណ្ដប់​លើ​ការ​នាំចូល​របស់ខ្លួន​ក្នុង​ចំនួន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។​
​នាវាចម្បាំង USS Wasp គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទីក្រុង​ហុងកុង​នៅ​ខែក្រោយ​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក​វរសេនីយ៍ឯក David Eastburn បាន​និយាយថា ចិន​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​។ លោក​បាន​ថ្លែងថា “​រដ្ឋាភិបាល​ចិន​មិនបាន​យល់ស្រប​លើ​សំណើ​ទស្សនកិច្ច​របស់​អាមេរិក​ទៅកាន់​កំពង់ផែ​ក្រុង​ហុងកុង​ដោយ​នាវាចម្បាំង USS Wasp ទេ​”​។​

ការសម្រេចចិត្ត​របស់​ប្រទេស​ចិន​បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​កោះហៅ​ឧត្ដមសេនីយ៍​កំពូល​ម្នាក់​មកវិញ​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។​

មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់ AFP ថា ឧ​ត្ត​មនា​វី​ឯក Shen Jinlong ដែល​ដឹកនាំ​កងទ័ពជើងទឹក​រំដោះប្រជាជន​បាន​ចូលរួម​សន្និសីទ​កងទ័ពជើងទឹក​មួយ​នៅ​កោះ Rhode កាលពី​សប្តាហ៍​មុន​។​

បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ លោក​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​នឹង​រួមមាន​ទាំង​កិច្ចប្រជុំ​នៅ​មន្ទីរ​បញ្ច​កោណ​ជាមួយ​សម​ភាគី​អាមេរិក​គឺប្រធាន​ប្រតិបត្តិការ​កងទ័ពជើងទឹក​លោក​ឧ​ត្ត​មនា​វី​ឯក John Richardson ផងដែរ​។​

គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​នាយកដ្ឋាន​អភិវឌ្ឍន៍​សម្ភារៈ​របស់​ក្រសួងការពារជាតិ​ចិន​និង​អ្នកគ្រប់គ្រង​កំពូល​របស់ខ្លួន​សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង​ធុន Sukhoi Su-35 របស់​រុស្ស៊ី​និង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-400 ។​

ក្រុង​ប៉េកាំង​បាន​ឆ្លើយតប​វិញ​ដោយ​កោះហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ចិន​លោក Terry Branstad ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ខណៈដែល​យោធា​ចិន​បានបង្ហាញ​ការខឹង​សម្បា​និង​ការប្រឆាំង​ជំទាស់​ចំពោះ​ទណ្ឌ​កម្មនេះ​៕ AFP