ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កម្ពុជា ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ផ្សារភ្ជាប់​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែល​ផ្តោត​ខ្លាំង​ទៅលើ​ឌីជីថល​រូបនីយកម្ម

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​វិធានការ​គន្លឹះៗ មួយចំនួន​ដើម្បី​ផ្សារភ្ជាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែល​ផ្តោត​ខ្លាំង​ទៅលើ​ឌីជីថល​រូបនីយកម្ម។

នេះ​បើ​យោងទៅតាម​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិស័យ​ទេសចរណ៍​និង​និន្នាការ​ផ្លាស់ប្ដូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​» របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី​២៥ ខែកញ្ញា។

ក្នុង​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ស្មារតី​ដើម្បី​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជា​មាន និង​កាត់បន្ថយ​កង្វល់ និង​ធានា​ឲ្យ​បាន​នូវ​ទស្សនទាន «​បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍ វិស័យ​ទេសចរណ៍​សម្រាប់​បច្ចេក​វិទ្យា​ទំនើប » ឬ​អាច​ហៅ​បាន​ថា «​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​វៃឆ្លាត » រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចតទៅ​៖ ទី​១-​ផ្សារភ្ជាប់​ចក្ខុវិស័យ​ទេសចរណ៍​ឆ្នាំ​២០៣០ រួមជាមួយ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បរិ​យា​ប័ន្ន ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រដ្ឋសភា​អាណត្តិ​ទី​៦​ព្រមទាំង​រួមបញ្ចូល​កម្មវិធី​អភិវឌ្ឍន៍​សំខាន់ៗ លើ​ផ្នែក​បច្ចេកវិទ្យា​ការ​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សំដៅ​ធានា​ឲ្យ​បាន​ថា «​ការប្រើប្រាស់​នវានុវត្តន៍ និង​ភាព​​ជឿនលឿន​បច្ចេកវិទ្យា​និង​ផ្ដល់​ឲ្យ​វិស័យ​ទេសចរណ៍​នូវ​កាលានុវត្តភាព​ដល់​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​វិស័យ​ទេសចរណ៍ ការជំរុញ​បរិ​យា​ប័ន្ន ភាព​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ការ​លើកកម្ពស់​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​និង​ការ​គ្រប់ គ្រង​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចូលរួម​សម្រេចបាន​នូវ​របៀបវារៈ​ផ្សេងៗ​ទៀត​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ១៥ លាន​នាក់ នៅ​ឆ្នាំ២០៣០​។

ទី​២-​រៀបចំ​កម្មវិធី​ពង្រឹង​សមត្ថភាព​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​ការ​លើកកម្ពស់ ជា​គុណភាព​នៃ​ការអប់រំ​កម្រិត​ខ្ពស់​ការបណ្ដុះបណ្ដាល​ជំនាញ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទេសចរណ៍​ឱ្យ​ស្របតាម​និន្នាការ​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​និង​ឌីជីថល​រូបនីយកម្ម​។

ទី​៣-​លើកកម្ពស់​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ពង្រឹង​នូវ​សមត្ថភាព​សហគ្រិនភាព ក្នុង​ការ​រៀបចំ​គំរូ​ធុរកិច្ច បង្កើត​ការងារ​ថ្មី និង​តម្រង់ទិស​ថ្មី​របស់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់​យក​នូវ​ប្រយោជន៍​ដែល​កើត​ចេញពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយហេតុថា​៖ ទី​១-​ភាគលាភ​ប្រជាសាស្ត្រ​ដោយសារ​ការ​កើនឡើង​នូវ​ចំនួន​យុវជន​មាន​ចំណេះដឹង និង​និន្នាការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​លឿន​។​ទី​២-​ការ​កើនឡើង​លឿន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត និង​ទូ​ស័ព្ទ​វៃឆ្លាត​ជាមួយ​អត្រា​ប្រើប្រាស់​ទូរស័ព្ទដៃ​ខ្ពស់​។​ទី​៣-​លំហូរ​នៃ​ការ​វិនិយោគ​ក្រៅប្រទេស​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​។ ទី​៤-​ឌីជីថល​រូបនីយកម្ម​បាន​នឹងកំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យសេដ្ឋកិច្ច​សំខាន់ៗ តួយ៉ាង​ដូចជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក ស្រប​ពេលដែល​ភ្ញៀវទេសចរ​កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរៗ ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទាំងនេះ​។

នៅក្នុង​សារលិខិត​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ន័យនេះ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង ដៃគូ​អភិវឌ្ឍន៍​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ឲ្យ​បាន​សកម្ម​និង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​និង​ត្រៀមខ្លួន​ចាប់​យក​កាលានុវត្តភាព​នៃ​ឧស្សាហកម្ម​ជំនាន់​ទី​៤ ក្នុង​ធុរកិច្ច ក្នុង​វិស័យ​ទេសចរណ៍។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​បាននឹងកំពុង​ដាក់​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដីពី “​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ វៃឆ្លាត​” (smart-turism) ដោយ​កំពុង​ដាក់ចេញ​នូវ​ការចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ,​ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​តាម​online,​ប្រព័ន្ធ​គ្រប់គ្រង​មគ្គុទេស​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ,​ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រលង​ប៉ុន្មាន “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” តាម​ប្រព័ន្ធ QR Code និង​ប្រព័ន្ធ​ទូរស័ព្ទ​វៃឆ្លាត​( mobile app)​ព្រម​ជាមួយនឹង​ការ​រីកចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ QR Code,​មធ្យោបាយ​ដឹកជញ្ជូន​វៃឆ្លាត (Pass app ,Grape..)​ក្នុង​វិស័យ​ទេសចរណ៍​។

សម្តេច​តេ​ជោ​បាន​បន្តថា ចំណុច​ទាំងអស់​នេះ​នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​លើ​គ្រប់​ទិដ្ឋភាព​រាប់ទាំង​ការគ្រប់គ្រង​ការ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​កម្ពុជា​ជាដើម​៕