ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន UnionPay ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ប្រាក់ តាមរយៈ QR កូដ និង​តាម​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ សេវាកម្ម​ទូទាត់​ប្រាក់​តាមរយៈ QR កូដ និង​តាម​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត ត្រូវបាន​ក្រុមហ៊ុន UnionPay ប្រកាស​ដាក់​ឲ្យ​ដំណើរការ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ Mekong Bank Public Limited (MekongBank) និង​ក្រុមហ៊ុន Bongloy Playment Plc កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ការដាក់​ឲ្យ​ដំណើរការ សេវាកម្ម​ទូទាត់​ប្រាក់​នេះ គឺជា​ការផ្តួចផ្តើម​រប​ស់ ក្រុមហ៊ុន UnionPay ក្នុងការ​ឆ្លើយតប ទៅនឹង​ការ​លោត​ផ្លោះ នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​កំពុងតែ​តំរង់ទិស​ទៅកាន់ “​សេដ្ឋកិច្ច​ឌីជីថល​” ជាពិសេស​ការរួមចំណែក ក្នុងការ​អភិវឌ្ឍន៍ នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ការធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (​លក់ទំនិញ​អន​ឡាញ​) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​។​

​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៨​នេះ ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​រហូតដល់​ទៅ ១២​លាន​នាក់ ដែល​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ត្រឹមតែ ១០,៨​លាន​អ្នក​ប៉ុណ្ណោះ​។ ប្រជាជនមាន​អាយុ​ក្រោម ៣០​ឆ្នាំ មាន​ចំនួន​៦៥% នៃ​ចំនួន​ប្រជាជន​សរុប ហើយ ៨០% នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប មាន​អាយុ​ក្រោម ៣៥​ឆ្នាំ​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា ស្ថិតិ​នៃ​ប្រជាសាស្ត្រ​នេះ បាន​ចូលរួមចំណែក​ដល់​ប្រព័ន្ធ​អេកូ (ecosystem) សម្រាប់​អ្នក​ដែល​អាច​ទទួលយកបាន​ដំបូង នូវ​បច្ចេកវិទ្យា​ហិ​រញ្ញា​វត្ថុ​នេះ​។​

​លោក សឺ វិ​ន​ចាវ (Shi Wenchao) ប្រធាន​ក្រុមហ៊ុន China UnionPay និង​ជា​អនុប្រធាន ក្រុមហ៊ុន UnionPay International បាន​មាន​ឲ្យ​ដឹងថា “​ជាមួយនឹង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ទៅជា​សង្គម​មួយ​ ដែល​ធ្វើការ​ទូទាត់​ប្រាក់ ដោយ​ពុំ​ប្រើ​ក្រដាស់ប្រាក់ ក្រុមហ៊ុន UnionPay បាន​នឹង​កំពុង​រួសរាន់​បញ្ចេញ នូវ​សេវាកម្ម​ទូទាត់​ប្រាក់ តាមរយៈ QR កូដ និង​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម អាច​ទទួលយក​នូវ​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​។ អ្នកលក់ដូរ​តាម​អ៊ី​ន​ធើ​ណែ​ត រួមទាំង​គេហទំព័រ ពាណិជ្ជកម្ម​អេឡិចត្រូនិក​, កម្មវិធី​ធ្វើដំណើរ​, កម្មវិធី​ទូរស័ព្ទ​ចល័ត​, ផ្សារ​ទំនើប​, ភោជនីយដ្ឋាន​, ហាង​កាហ្វេ និង​ហាង​លក់ដូរ អាច​ទទួលយក​ការទូទាត់ ប្រាក់​តាមរយៈ UnionPay QR Code និង UnionPay Online Payments បាន​។​”

(រូបភាព៖ លោក សឺ វិ​ន​ចាវ (Shi Wenchao) ប្រធាន​ក្រុមហ៊ុន China UnionPay)

​ចំណែក លោក ខូវ ប៊ុន​ឆាយ (Khov Boun Chhay) ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​មេគង្គ បាន​លើកឡើងថា “​ការចាប់ផ្ដើម​ដំណើរការ ជា​លើកដំបូង​នៅ​កម្ពុជា នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម UnionPay QR Code នឹង​នាំមក​នូវ​វិធីសាស្ត្រ​ទូទាត់​ប្រាក់ ជំនាន់​ក្រោយ​គេ​បំផុត ទៅកាន់​ឈ្មួញ និង​អ្នករស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា រួមទាំង​ជួយ​សម្រួល​ដល់​សេវាកម្ម ទូទាត់​ប្រា​ក់នៅ​កម្ពុជា ប្រកបដោយ​ភាព​ច្នៃប្រឌិត​ផងដែរ​។ ប្រទេស​កម្ពុជា​កំពុង​បង្កើនល្បឿន នៅក្នុង​ការបង្កើត​បរិ​យា​កាស នៃ​ការទូត​ទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​។ ក្នុងនោះ គេ​ជឿជាក់ថា ការបង់ប្រាក់​តាម​ប្រព័ន្ធ QR Code នឹង​ផ្តល់ជូន​អ្នកប្រើប្រាស់ នូវ​ភាពងាយស្រួល​ក្នុងការ​ទូទាត់ មិន​ត្រឹមតែ​ឆាប់រហ័ស និង​ងាយស្រួល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សុវត្ថិភាព​ទៀតផង ហើយ​វា​គឺជា​កំលាំងចលករ ខណៈពេលដែល​វា​នឹង​ពង្រីក ដល់​ចំណែក​ផ្សេងទៀត នាពេល​អនាគត​។​”​

ជាមួយគ្នានេះដែរ លោក ប៉ែន ចាន់​ដា នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក របស់​ក្រុមហ៊ុន Bongloy Payment ក៏បាន​ឲ្យ​ដឹង​ដែរ​ថា “​យើង​រីករាយ​ណាស់ ដែល​បាន​ធ្វើជា​ដៃគូ ជាមួយ​ក្រុមហ៊ុន UnionPay នៅ​កម្ពុជា​។ API របស់​យើង គឺជា​ម៉ាស៊ីន ដែល​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម ចាប់ពី​អាជីវកម្ម​ទើប​បង្កើត​ថ្មី រហូតដល់​ស្ថាប័នហិរញ្ញវត្ថុ ដែល​អាចឱ្យ​ពួកគេ​ទទួលបាន​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​របស់​ក្រុមហ៊ុន UnionPay តាមរយៈ​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​របស់​ពួកគេ​។ តាមរយៈ​ភាពជា​ដៃគូ​នេះ វា​នឹង​ជំរុញ​ការផ្លាស់ប្តូរ​តាមរយៈ ការណែនាំ​ផលិតផល ដែល​ផ្តល់ជូន​នូវ​ការទូទាត់​ប្រាក់ កាន់តែ​ងាយស្រួល​មួយកំរិត​ទៀត សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន UnionPay ។​”

​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លោក សឺ វិ​ន​ចាវ ក៏បាន​ជួប​សំដែង​ការគួរសម ជាមួយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយបាន​ធ្វើការ​ផ្លាស់ប្តូ​រ​បទពិសោធ​ន៏​គ្នា​ទៅវិញទៅមក លើ​ការអភិវឌ្ឍន៍​ប្រទេស ជាមួយ​ទំនើបភាវូបនីយកម្ម បច្ចេកវិទ្យា​ព័ត៌មាន ឌីជីថល និង​ការសាងសង់​រដ្ឋាភិបាល​វៃឆ្លាត​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក ក៏បាន​ជួប​ជាមួយ លោកជំទាវ ណាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន UnionPay និង​វឌ្ឍនភាព​ថ្មីៗ ក្នុង​ការជួយ​ប្រទេសជិតខាង​កម្ពុជា ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​។ ​

ភាគី​ទាំងពីរ ក៏បាន​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ ដែលមាន​សក្តានុពល​នៅលើ​ប្រទេស​កម្ពុជា​ផងដែរ (Shared Switch, CSS QR កូដ​សម្រាប់​ការទូទាត់ និង​ការតភ្ជាប់​នាពេល​អនាគត​ជាមួយ​បណ្តាញ​ទូទាត់​អាស៊ី (APN) ជាពិសេស​នៅពេលដែល UnionPay Chip ស្តង់ដារ ត្រូវបាន​អនុម័ត​សម្រាប់ APN៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684