ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គលេខាធិការ UN ៖ កិច្ចសហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ​និង កម្ពុជា ក៏ដូចជា​ជាមួយ​អាស៊ាន​គឺមាន​សារសំខាន់​ខ្លាំងណាស់

ភ្នំពេញ ​៖ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាង​អង្គការសហប្រជាជាតិ​និង​កម្ពុជា​ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​អាស៊ាន​គឺ​ពិត​ជាមាន​សារ សំ ខាន់​ខ្លាំងណាស់។

លោក​បន្ត​ថា ​អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ​ជាមួយ​កម្ពុជា​ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​អាស៊ាន​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ដូច្នេះ កាលពី​រសៀល​ថ្ងៃទី ២៨ ខែកញ្ញា ម៉ោង​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​ឱកាស​ដែល​លោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ជំនួប​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​សំណើរ​ចំនួន​៣​ទៅកាន់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ទទួល​បាន​នូវ​ការ​ឯកភាព​ពី​លោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។

ទី​១-​ពាក់ព័ន្ធ​ទៅ​និង​ការិយាល័យ​អង្គការ​សិទ្ធ​មនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​កម្ពុជា ដែល​គ្រោង​និង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំ​២០១៨​នេះ​ សម្តេច​បាន​អនុញ្ញាត​ឲ្យ​រយៈពេល ២ឆ្នាំ​ទៀត ហើយ​នៅក្នុង​ខែតុលា​ខាងមុខ​នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ នឹងមាន​ការ​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ជាមួយនឹង​តំណាង​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​ពិតជា​មាន​ឆ​ន្ទៈ​ពេញលេញ​ក្នុងការ​បន្តធ្វើ​ការងារ ជាមួយនិង​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធមនុស្ស។

ទី​២-​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ​ស្តីពី​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា។ សម្តេច​មានប្រសាសន៍ថា ​កម្ពុជា​នឹង​បន្តសកម្មភាព​ទាំង នោះ​ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់បាន​អនុវត្តន៍​ពី​ពេលមុនៗ​មានន័យថា អង្គការសហប្រជាជាតិ​បានស្នើ ឲ្យ​កម្ពុជា​បន្ត​បង់​ថវិកា​លើ​ការចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា​ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម​។

ទី​៣- រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​ធំ ថែមទៀត លើ​បេសកកម្ម​នៃ​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដែល​ថា​តើ​ប្រទេស​ណា​ទៀត ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆ័​ត្រ​របស់​អង្គការ​សហ ប្រជាជាតិ។

ជា​ការ​ឆ្លើយតប លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​បន្ត​អាណត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត។

ចំពោះ​ចំណុច​ទី ២ និង​ទី​៣ លោក​អគ្គលេខាធិការ មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយ​ដល់​អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ​ដែល​ពោរពេញ​ទៅដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់ អង្គការសហប្រជាជាតិ។

ក្នុង​ជំនួប​គ្នា​នោះ លោក​អគ្គលេខាធិការ​អង្គការ​ស​ប្រជាជាតិ​មានប្រសាសន៍ថា កិច្ច​សហប្រតិបត្តិការ រវាង​អង្គការសហប្រជាជាតិ​និង​កម្ពុជា​ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​អាស៊ាន​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំងណាស់។ លោក​បន្ត​ថា អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ​ជាមួយ​កម្ពុជា ក៏​ដូច​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​អាស៊ាន ផងដែរ​៕