ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុលហ្គារី​គាំទ្រ​គោលបំណង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ក្នុងប្រទេស​កម្ពុ​ជា នា​ឆ្នាំ ២០២០

ភ្នំពេញ ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ប៊ួ​យ​កូ បូរី​សូវ (Boyko Borissov)​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី កាលពី​រសៀល​ថ្ងៃទី​២៨ កញ្ញា​នៅ​បុរី​ញូវយ៉ក។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ២៩ កញ្ញា​នេះ។

នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ប៊ុល​ហ្ការី​កាលពី​អតីត​កាលដែល​បាន​ដើរ​តួនាទី​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​នៅពេលដែល​កម្ពុជា បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

ក្នុង​ជំនួប​ពិភាក្សាគ្នា​នោះដែរ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ជំរាបជូន​សម​ភាគី​នាយករដ្ឋមន្ត្រី ប៊ុល​ហ្ការី ដែរ​ថា នៅ​ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ បន្ទាប់ពី​បាន​បិទ​មួយរយៈ ដោយ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ប៊ុល​ហ្ការី​។

​ជា​ការ​ឆ្លើយតប លោក នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី​ដែល​នោះ​គឺជា​ឱកាស​ដែល​សម្តេច​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប៊ុល​ហ្ការី។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ជម្រាប​ជូន​សម​ភាគី ប៊ុល​ហ្ការី ពី​គោលបំណង​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ក្នុងប្រទេស​កម្ពុជា​នា​ឆ្នាំ២០២០ ដែល​ក្នុង​នោះ​បណ្តា​ប្រទេស​អាស៊ាន​បាន​ឯកភាព​រួចហើយ​រួម​ទាំង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ប៊ុល ​ហ្ការី បាន​ឯកភាព​ចំពោះ​សំណើ​របស់​សម្តេច​តេ​ជោ និង​បាន​ចាត់ទុកថា វា​គឺជា​ឱកាស​ឲ្យ​រូបលោក​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា៕