ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង​ ចាប់ផ្តើម​ដក​មីន​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​កំពែង​រឹងមាំ

នៅ​ថ្ងៃ​ចន្ទ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា ទាហាន​មកពី​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ដក​មីន​នៅតាម​បណ្តោយ​ព្រំដែន​ដ៏​រឹងមាំ​របស់ខ្លួន​ដែលជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​និង​កសាង​ទំនុកចិត្ត​លើ​ឧបទ្វីប​ដែល​បែងចែក​មួយ​នេះ​។​

ព័ត៌មាន​លម្អិត​របស់​គំរោង​នេះ​ត្រូវបាន​ព្រមព្រៀង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​កាលពី​ខែ​មុន​នៅ​ទីក្រុង​ព្យុងយ៉ាង​រវាង​មេដឹកនាំ​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​បាន​និយាយថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដកចេញ​នូវ​គ្រាប់មីន​ទាំងអស់​នៅក្នុង​តំបន់​សន្តិសុខ​រួម (JSA) នៅ​ភូមិ Panmunjom ក្នុង​រយៈពេល​២០ ថ្ងៃ​ខាងមុខ​ខណៈ​វិស្វករ​យោធា​បានធ្វើ​កិច្ចការ​ដ៏​គ្រោះថ្នាក់​នេះ​នៅ​ខាង​កូរ៉េខាងត្បូង​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការបញ្ជាក់​ភ្លាមៗ​ពី​កូរ៉េខាងជើង​ទេ​ថា កងទ័ព​របស់ខ្លួន​បានចាប់ផ្តើម​ដំណើរការ​នេះ​។​

កិច្ចព្រមព្រៀង​នេះ​ក៏មាន​ចែង​ផងដែរ​អំពី​ការដក​ប៉ុស្តិ៍​ត្រួតពិនិត្យ​និង​អាវុធ​ពី JSA ក្រោយ​ការដក​មីន​ខណៈ​កងទ័ព​ដែល​នៅ​សេសសល់​ត្រូវ​ទុក​នៅ​ទីនោះ​ដោយ​មិនមាន​អាវុធ​។​
JSA គឺជា​កន្លែង​តែមួយគត់​នៅតាម​បណ្តោយ​តំបន់​គ្មាន​យោធា (DMZ) ចម្ងាយ​២៥០​គីឡូម៉ែត្រ​ដែលជា​កន្លែង​កងទ័ព​មកពី​ប្រទេស​កូរ៉េ​ទាំងពីរ​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​ហើយ​វា​ក៏មាន​បុគ្គលិក​កងទ័ព​អង្គការសហប្រជាជាតិ​ផងដែរ​។​

នៅឯ​ជំនួប​កំពូល​កាលពី​ខែមេសា កូរ៉េ​ទាំងពីរ​បានប្រកាស​ពី​ចេតនា​របស់ខ្លួន​ក្នុងការ​បង្វែរ DMZ ដែលជា​និមិត្តរូប​នៃ​ភាព​តានតឹង​និង​ការបែងចែក​ឲ្យ​ក្លាយទៅជា “​តំបន់​សន្តិភាព​”​។​
​ពួកគេ​បាន​រុះរើ​ឧបករណ៍​បំពង​សំឡេង​និង​ប៉ុស្តិ៍​យាម​ខ្លះ​នៅតាម​ព្រំដែន​។​

ក្រសួង​បាន​បន្ថែមថា គំរោង​ដោះមីន​ក៏​នឹង​ចាប់ផ្តើម​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ខេត្ត Gangwon ភាគ​ខាងកើត​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ស្រាវជ្រាវ​រក​អដ្ឋិធាតុ​ទាហាន​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114