ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី ព្រឹទ្ធសភា

ភ្នំពេញ ​៖ នៅវេលា​ព្រឹក​ថ្ងៃទី​២ ខែតុលា​ឆ្នាំ ២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូល​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៅ​គេហដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ​៣៩១ ផ្លូវ​ប៉ូ​ឡា​រី​ស​បូរី​ប៉េង​ហួត​បឹង​ស្នោ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​រប​ស់​ឯកឧត្តម នៃ ប៉េ​ណា​ដែលមាន​ខ្លឹមសារ​ជាអាទិ៍​ថា តាងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​លោកជំទាវ មាឃ ឡាញ់ នៃ ប៉េ​ណា និង​ក្រុមគ្រួសារ​សាច់ញាតិ ចំពោះ​មរណភាព​របស់​ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា ដោយ​រោគាពាធ។ មរណភាព​របស់​ឯក​ឧ​ត្ត​ម នៃ ប៉េ​ណា មិន​ត្រឹមតែ​បាត់បង់​ស្វាមី បិតា ជីតា​ជាទីគោរព​ប្រកបដោយ​ព្រហ្ម​វិហារធម៌​មួយរូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បាត់បង់​នូវ ឥស្សរជន ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​មាតុភូមិ​ផង​ដែរ។

ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ បាន​ឧទ្ទិស​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េ​ណា ចាប់កំណើត​កើត​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។

គួរ​បញ្ជាក់​ថា ឯកឧត្តម នៃ ប៉េ​ណា លោក​ប្រធាន​ទី​១ ព្រឹទ្ធសភា​បាន​ទទួល​មរណភាព​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ៥ រោច​ខែភទ្របទ ឆ្នាំច​សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ ២០១៨ ក្នុង​ជន្មាយុ ៧៤ ឆ្នាំ​ដោយ​រោគាពាធ៕