ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្សានុសិស្ស​ចាប់យក​អនាគត ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួតប្រជែង​រ៉ូ​បូត​

​រ៉ូ​បូត​គឺជា​ប្រធានបទ​សម្រាប់​ការប្រកួត ទន្ទឹមនឹង​ការដែល​សិស្សានុសិស្ស​ដែលមាន​បទពិសោធ​បច្ចេកវិទ្យា​ខ្លាំងពូកែ បានធ្វើការ​ប្រកួតប្រជែង​គ្នា នៅក្នុង​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា ។​

ការប្រកួតប្រជែង​រ៉ូ​បូត​លក្ខណៈ​អន្តរជាតិ​មួយ ហៅថា ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា កន្លងទៅនេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ក្នុង​ខណ្ឌទួលគោក​។

ការ​ពាំ​នាំយក​ការប្រកួតប្រជែង​សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ស្នាដៃ​ផ្ដួចផ្ដើម​របស់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ក្រោម​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា ដែលជា​ដៃគូ​ជា​ផ្លូវការ​ចំពោះ​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រួមគ្នា​សហការ​រួចជាស្រេច​ជុំវិញ​ការប្រឡងប្រជែង​វិស័យ​បច្ចេកវិទ្យា លើ​ការដំឡើង​គ្រោង​រ៉ូ​បូត​លក្ខណៈ LEGO Mindstorms Robot​។

ការប្រកួតប្រជែង​នឹងត្រូវ​វិនិច្ឆយ​តាមរយៈ​ការរៀប ឬ​ដំឡើង​រ៉ូ​បូត ដោយ​ស្ថិតក្រោម​ពេលវេលា​កំណត់ និង​ដើម្បី​ប្រកួត​ដណ្ដើម​សិទ្ធិ​ឡើងទៅ​ប្រកួត​នៅ​ជុំ​អន្តរជាតិ​បន្តទៀត​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។​

សិស្សានុសិស្ស​ចំនួន​១៥​ក្រុម មកពី​សាលា​ចំនួន​៥ បាន​ចូលរួម​ការប្រកួតប្រជែង​នេះ លើ​វិញ្ញាសារ​ចំនួន​ពីរ​ដែល​ចែកចេញជា​វិញ្ញាសារ​សម្រាប់​កុមារ​អាយុ​ពី​១៣ ដល់​១៥​ឆ្នាំ និង​យុវជន​អាយុ​ពី​១៥ ដល់​១៩​។ ក្រុម​ប្រកួត​នីមួយៗ​មាន​សមាជិក​ចំនួន​ពីរ ឬ​បីនាក់ ដែល​ត្រៀមខ្លួន​ប្រកួត​ក្រោម​ការណែនាំ​របស់​គ្រូដឹកនាំ​។

ជ័យលាភី​លេខ​១ លើ​វិញ្ញាសារ​សម្រាប់​កុមារ បាន​ទៅលើ​ក្រុម LLA 1 និង​លេខ​២ បាន​ទៅ​ក្រុម LLA 2 ដែល​មកពី​សាលា Liger Leadership Academy​។ រីឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម Rechnology មកពី​សាលា​អង្គការ Cambodian Children’s Fund ។​

ដោយឡែក លើ​វិញ្ញាសារ​សម្រាប់​យុវជន ជ័យលាភី​លេខ​១ បាន​ទៅ​ក្រុម ZIS 1 និង​លេខ​៣ បាន​ទៅ​ក្រុម ZIS 2 ដែល​មកពី​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​។ ចំណែកឯ​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ក្រុម TDM ដែល​មកពី​សាលា​អង្គការ Cambodia Children’s Fund​។

ឆ្លងកាត់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នៅ​វគ្គ​ប្រកួត​ជាច្រើន​ដែល​ត្រូវបាន​រៀបចំឡើង យើង​បាន​ឯកភាព​ថា ព្រឹត្តិការណ៍​នេះ​បានផ្ដល់​នូវ​បទពិសោធន៍​ប្លែក​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែលមាន​វត្តមាន​ចូលរួម​។​

នៅមុន​ការប្រកួត លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​គាំទ្រ​ការប្រកួតប្រជែង​នេះ​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ទទួលស្គាល់ថា លោក​ពុំមាន​ការស្ទាក់ស្ទើរ​អ្វី​ឡើយ​ចំពោះ​ការចូល​រួមសហការ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

លោក​បាន​មានប្រសាសន៍ថា ៖ «​ការដែល​កម្មវិធី​ដ៏​គួរឱ្យ​ទន្ទឹងរង់ចាំ​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ប្រការ​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ ខ្ញុំ​ជឿជាក់ថា ការជួយ​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ជាមួយនឹង​បច្ចេកវិទ្យា​រ៉ូ​បូត​នឹង​ពង្រីក​ភាព​ច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា តាមរយៈ​ចំណេះ​ជំនាញ​ដ៏​ឆ្លាត​វៃ​របស់​ពួកគាត់​។​»

ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​បានក្លាយ​ជាកា​រ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​មួយ​យ៉ាងពិត​ប្រាកដ​សម្រាប់​យុវជន​ដែលមាន​ចំណង់​ចំណូលចិត្ត​ចំពោះ​ការពឹងផ្អែក​ដ៏​ឆាប់រហ័ស​លើ​បច្ចេកវិទ្យា ដែល​ពិភពលោក​កំពុង​ធ្វើជា​សាក្សី​។ ជុំ​ប្រកួត​នានា​នៅក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​បណ្ដា​ប្រទេស​ជាង​៦០ ចាប់ពី​ការចាប់ផ្ដើម​ការប្រកួត រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​វត្តមាន​ប្រកួតប្រជែង​របស់​សិស្សានុសិស្ស​វៃឆ្លាត និង​មានការ​ប្ដេជ្ញាចិត្ត​បំផុត​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល [email protected] ឬ ទូរស័ព្ទ​លេខ ០២៣ ៧២ ៧២ ៦២ ឬ​ចូលទៅ​កាន់​គេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/៕