ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ដង្ហែ​សព និង បូជាសព លោក​នៃ ប៉េ​ណា អនុប្រធាន​ទី​១ ព្រឹទ្ធសភា

ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ស្រាងៗ នៅ​ថ្ងៃទី​០៣​ខែតុលា ឆ្នាំ​២០១៨​នេះ ពិធី​ដង្ហែ​សព​លោក នៃ ប៉េ​ណា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​ចាប់ផ្តើម​ដង្ហែ​ចេញពី​ភូមិគ្រឹះ​លេខ ៣៩១ ផ្លូវ ប៉ូ​ឡា​វី​ស ច្រកទ្វារ​ទី​២ នៃ​បុរី​ប៉េង​ហួស (​បឹង​ស្នោរ​) សង្កាត់​និរោធ​ន៍ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​១ ឆ្លងស្ពាន​ព្រះមុនីវង្ស បត​ស្តាំ​មក​មហាវិថី​ព្រះ​នរោត្តម ដល់​រង្វង់​មូល​វិមានឯករាជ្យ បត់​ស្តាំ​មក​មហាវិថី​ព្រះសីហនុ បន្ទាប់មក​បត​ឆ្វេង​តាម​វិថី​សុធារស​ឆ្ពោះទៅកាន់​ឈាបនដ្ឋាន​មុខ​វត្ត​បទុម​វ​តី​។ ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ផងដែរ​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បូជាសព​ឯកឧត្ដម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​។ នៅលើ​ពន្លាជ័យ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាច្រើនរូប​បាន​ចូលរួម​យ៉ាង​កុះករ។

លោក​ទេព ង​ន ប្រធាន​ស្តី​ទី​ព្រឹទ្ធសភា​បាន​អាន​វិយោគកថា​ដោយ​ក្តី​ក្តុកក្តួល​ថា លោក​នៃ ប៉េ​ណា ប៉ុន្មាន​នាទី​ទៀត​នេះ​សព​លោក​នឹង​រលាយ​បាត់​សូន្យ​ពី​យើងខ្ញុំ​ទាំងអស់គ្នា​ហើយ​យើងខ្ញុំ​ទាំងអស់គ្នា​សូម​គោរព​អញ្ជើញ​វិញ្ញាណក្ខន្ធ​របស់​លោក​ទៅកាន់​សុគតិភព​ជាទី​បរមសុខ​ជា​រៀង​រហូត​តទៅ​។ ប៉ុន្តែ​អ្វី​ដែល​បន្សល់ទុក​នៅឡើយ​មិន​រលត់​សូន្យ​បង់​តាម​រូប​កាយ​របស់​លោក​នោះ​គឺ សេចក្តី​ល្អ​អំពើ​ជា​កុសល សេចក្តី​ថ្លៃថ្នូរ សកម្មភាព​តស៊ូ អំណត់​ព្យាយាម ភាព​ម៉ឺងម៉ាត់ ក្នុង​ការងារ ភក្តីភាព និង​ឧ​ត្ត​ម​គតិ ស្នាដៃ​ដ៏​ធំធេង​របស់​លោក​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះ​សង្គមជាតិ ចំពោះ​ព្រះពុទ្ធសាសនា និង​ចំពោះ​ប្រជាពលរដ្ឋ និង ក្រុមគ្រួសារ​។ គុណធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ​នឹង​មិន​បាត់បង់​ឡើយ​ហើយនឹង​ស្ថិតនៅ​ជា​អមតៈ​អស់កាល​ជា​ដរាប​តរៀង​ទៅ​។ យើងខ្ញុំ​ទាំងអស់គ្នា​សូម​ប្តេជ្ញា​បន្ត​ថែរក្សា​និង​ពង្រីក​នូវ​ឧ​ត្ត​ម​គតិ​ជាតិ​មនសិការ​ស្នេហា​ជាតិ​វីរភាព និង​បទពិសោធន៍​របស់​លោក​ឲ្យ​ស្ថិតស្ថេរ​និង​រីកចម្រើន​ជានិច្ច​និរន្តរ៍​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​បាន​អញ្ជើញ ផ្តល់​ព្រះ​អគ្គិ​ដល់​សព​ពី​ពន្លាជ័យ​នា​ម៉ោង​៨​និង​៤៥ នាទី​។ សម្លេង​ទ្រហោយំ​នៃ​ក្រុមគ្រួសារ និង ញាតិមិត្ត​បងប្អូន​កូនចៅ​របស់លោក នៃ ប៉េ​ណា បាន​បន្លឺឡើង​លាយឡំ​ជាមួយ​សម្លេង​រោទិ៍​នៃ​រំសេវ​ផ្ទុះ​បាន​បង្ក​នូវ​បរិយាកាស​ដ៏​ស្រងេះស្រងោច​មួយ​ធ្វើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ពោរពេញ​ទៅដោយ ក្តី​ក្តុកក្តួល​រំជួល​ចិត្ត សម្រាប់​ការ​លាគ្នា​ជា​ចុងក្រោយ​ដែល​លា​ជា​រៀង​រហូត​។

លោក​នៃ ប៉េ​ណា កើត​នៅ​ថ្ងៃទី ៨ ខែឧសភា​ឆ្នាំ ១៩៤៤ នៅ​ភូមិ​រវៀង ឃុំ​គ្រួស ស្រុក​ស្វាយរៀង ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ដែលមាន​ឪពុក​ឈ្មោះ​នៃ ផៃ និង​អ្នក​ម្ដាយ​ឈ្មោះ កា ឈឹង។

លោក​នៃ ប៉េ​ណា មាន​បងប្អូន​បង្កើត ៣ នាក់​(​ប្រុស ១ ស្រី ២ នាក់​)​។ លោក​ជា​កូនច្បង​ក្នុង​គ្រួសារ​ដែល​ត្រូវ​ទទួល​ភារកិច្ច​ដ៏​ធំ​និង​គ្រួសារ​ដើម្បី​ជួយ​ដល់​ពុក​ខាន់ៗ​ក្នុងការ​មើលថែ​ប្អូនស្រី​ទាំង​២ នាក់​។

ក្នុង​វ័យ​កុមារភាព​យុវ​កុមារ​នៃ ប៉េ​ណា បាន​អត់ធន់​ទ្រាំទ្រ​ការ​លំបាក​ណាស់​។​ ខិតខំ​រៀនសូត្រ​ប្រឡង​ជាប់​ឡើងជា​បន្តបន្ទាប់​រហូត​បា​ន​ចូលរៀន​នៅ​អនុវិទ្យាល័យ​ព្រះ​សូ​រិ​យ​វង្ស​ក្នុង​ខេត្តស្វាយរៀង​នៅ​ចុង​ទសវត្សរ៍ ៥០ ។ ដោយ​ការខិតខំ​ប្រឹងប្រែង​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ជំនះ​ការ​លំបាក​គ្រប់បែបយ៉ាង​នៅ​ចុង​ទសវត្សរ៍​ទី​៦០ យុវជន​នៃ​ប៉េ​ណា​បាន​ប្រឡង​ជាប់​ធ្វើជា​គ្រូបង្រៀន​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំងមូល​មាន​សេចក្តីសោមនស្ស​រីករាយ​និង​មោទនភាព​ក្រៃលែង​ហើយ​ក្រោយមក​បានចេញ​ទៅ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​ខេត្តព្រះវិហារ​រហូតដល់​ពេល​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​។

នៅ​ខែមេសា​ឆ្នាំ ១៩៧០ ឯកឧត្ដម នៃ ប៉េ​ណា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី មាឃ ឡាញ់ ហើយ​ទទួលបាន​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​៨ នាក់​ក្នុង​នោះ​កូនប្រុស​ស្រី​ចំនួន ៤ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៩៣ ។ បច្ចុប្បន្ន​លោក​នៅសល់​កូនប្រុស​ស្រី​ចំនួន ៤ នាក់​។

ដោយសារតែ​ប្រទេសជាតិ​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ទសវត្សរ៍​ឆ្នាំ​១៩៧០ ស្ថានភាព​សង្គម​នា​សម័យ​នោះបាន​ប្រឈម​នឹង​ភាពវឹកវរ​គ្មាន​ស្ថេរភាព​បានធ្វើឱ្យ​ឯកឧត្ដម​នៃ ប៉េ​ណា និង​លោកជំទាវ​ត្រូវ​ព្រាត់​ឆ្ងាយ​ចេញពី​ស្រុកកំណើត​ពី​ឪពុក​និង​ម្ដាយ​ជាទីគោរព​ពី​បងប្អូន​បង្កើតជា​ទីស្រលាញ់​រហូតដល់​ថ្ងៃ​រំដោះ ៧ មករា​ឆ្នាំ ២៩៧៩​។

ឋានៈ​និង​តំណែង​ការងារ​ដែរ​លោក​នៃ ប៉េ​ណា​ធ្លាប់​បាន​បំពេញ​មាន​ដូចតទៅ​៖ មុន​ឆ្នាំ ១៩៧០ ជា​គ្រូបង្រៀន​នៅ​ខេត្តព្រះវិហារ​។ ឆ្នាំ ១៩៧៥ ជា​ទាសករ​ក្នុង​របស់​ប្រល័យពូជសាសន៍​នៅ​ភូមិ​បឹង ឃុំ​របៀប​ស្រុក​រវៀង​ខេត្តព្រះវិហារ​។ ខែមករា​ឆ្នាំ ១៩៧៩ ជា​ប្រធានភូមិ​បឹង ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ ហើយ​បាន​ក្លាយជា​សមាជិក​ឃុំ​របៀប ស្រុករ​វៀង​ខេត្តព្រះវិហារ បន្ទាប់មក​ក្លាយជា​ប្រធាន​នគរបាល​ស្រុក​រវៀង​ខេត្តព្រះវិហារ​។

​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៨២ សមាជិក​គណៈ​អភិបាល​កិច្ចការបក្ស​ខេត្តព្រះវិហារ​ទទួលបន្ទុក​សន្តិសុខ​។ ពី​ឆ្នាំ ១៩៨២ ដល់​ឆ្នាំ ១៩៨៣ ជា​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្តព្រះវិហារ​។ ឆ្នាំ ១៩៨៣ ដល់ ១៩៨៤ លេខា​គណៈ​អភិបាល​កិច្ចការបក្ស​ខេត្តព្រះវិហារ​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​។ នៅ​ខែតុលា​ឆ្នាំ ១៩៨៥ ជាប់ឆ្នោត​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​សមា​ជិ​ក​គណៈ​លេខា​មជ្ឈិមបក្ស និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ពី​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩០​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​និង​ជា​ប្រធាន​គណៈ​ឃោសនាអប់រំ​មជ្ឈិមបក្ស ។ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ សមាជិក​គណៈកម្មាធិកា​រ​ចិ​ន្ត្រៃ​យ៍​នៃ​គណៈកម្មាធិការ​កណ្តាល​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គណៈកម្មាធិការ​កណ្ដាល​។ ពី​ឆ្នាំ ១៩៩៣​ដល់​ឆ្នាំ ២០១២ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​អ​នុ​ប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គណៈកម្មាធិការ​កណ្ដាល​និង​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពត​។ ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៥ សមាជិក​គណៈ​ប្រចាំការ​គណៈ អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​អ​នុ​ប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្ដាល​និង​ជា​ប្រធាន​គណៈកម្មការ​ទី ៧ នៃ​ព្រឹទ្ធសភា​.​។ ខែមិថុនា​ឆ្នាំ ២០១៥ រហូតមកដល់​បច្ចុប្បន្ន​សមាជិក​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្តាល​និង​ជា​អនុប្រធាន​ទី ១ ព្រឹទ្ធសភា​។

លោក​នៃ ប៉េ​ណា ជា​វិ​រ​ជន​ស្មោះត្រង់​នឹង​ជាតិ​មាតុភូមិ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សច្ចធម៌​និង​មាន​ក្តី​អំណត់​ព្រមទាំង​ការ​លះបង់​ខ្ពស់​ក្នុង​ការងារ​បម្រើ​ប្រទេសជាតិ​និង​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ​ទូទៅ ។ តាមរយៈ​វីរភាព និង​ស្នាដៃ​ដ៏​ធំធេង​ខាងលើ​ធ្វើ​ឲ្យ​លោក​នៃ ប៉េ​ណា ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស​ជា​បន្តបន្ទាប់​ដូចតទៅ ១.​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​, ២.​មេដៃ​មាស​ស្ថាបនា​ជាតិ ,៣.​គ្រឿង​ឥស្សរិយយស​សុវត្ថា​រា​ថ្នាក់​មហាសេនា​,៤.​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,៥.​គ្រឿង​ឥស្សរិយយស​សុវត្ថា​រា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,៦​រឿង​ឥស្សរិយយស​ជា​តូប​កា​,៧.​គ្រឿង​ឥស្សរិយ​យ ស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​,៨.​មេដាយ​ឯករាជ្យ​ជាតិ​,៩.​គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះមហា​ក្ស​ត្រី​យា​នី​ព្រះស៊ីសុវត្ថិ​មុនី​វង្ស​កុសុមៈ​នារីរ័ត្ន​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជាតិ​កិ​ច្ចប​ច្ឆា​មរណៈ​។ ក្រៅពី​នេះ លោក​នៃ ប៉េ​ណា នៅ​ទទួលបាន​គ្រឿង​ឥស្សរិយ​ស​លពី​ប្រទេស​ជា​មិត្ត​ផងដែរ​។

លោក​នៃ ប៉េ​ណា បានទទួល​មរណភាព​នៅ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៣និង០០ នាទី៕