ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ផ្តាំ​ទៅ​ពួក​ពូកែ​លាប​ពណ៌​ថា បើ​អាច​ឈប់​បាន ឈប់​ទៅ

ភ្នំពេញ ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ បានចេញ​សារ​ព្រមាន​ដល់​ក្រុម​ទុច្ចរិត​មួយចំនួន ឲ្យ​បញ្ឈប់​ប្រើល្បិច​បង្កើត​រឿង ដើម្បី​លាប​ពណ៌​លោក​តទៅទៀត ដោយសារតែ​ល្បិច​អស់នេះ​ត្រូវ​បាន​គេ​ដឹង​រួច​អស់​ទៅហើយ​។

ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ទុច្ចរិត បាន​លួច​យក Facebook របស់​កញ្ញា យុង ខេមរា ដែល​ជា​មន្ត្រី​យោធា បម្រើ​ការងារ​នៅ​អង្គភាព កងពលតូច​លេខ​៧០ និង Facebook ផ្លូវការ​របស់​កងពល​តូច​លេខ​៧០ ហើយ​ប្រឌិត​ជា​វីដេអូ​មួយ ដើម្បី​បង្ខូច​កិត្តិយស​របស់លោក​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​នៅលើ​គណនី Facebook របស់លោក​យ៉ាង​ដូច្នេះ​ថា “​ត្រលប់​មកពី​ក្រៅប្រទេស​ភ្លាម ជួប​រឿង​ប្លែកៗ​ភ្លាម​។ ពួក​អស់លោក​ខ្លះ​រក​វិធី​ត្រឹមត្រូវ​បំបាក់​ខ្ញុំ​មិនបាន បែរជា​បង្កើត​រឿង​ប្លែកៗ​ដើម្បី​មក​បំផ្លាញ​កិត្តិយស​ខ្ញុំ​វិញ​។ ល្បិច​អស់នេះ​គេ​ដឹង​អស់ហើយ ហើយក៏​មិនមែន​ជា​លើកទីមួយ​ដែរ ដែល​ក្រុម​អស់លោក​ខំ​បង្កើត​រឿង​ប្លែកៗ ដើម្បី​យកមក​លាប​ពណ៌​ខ្ញុំ​បែបនេះ​។ ឈប់​បាន ឈប់​ទៅ​…”​។

ការ​លើក​ឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​បន្ទាប់ពី​កញ្ញា យុង ខេមរា បាន​ចេញមុខ​បកស្រាយ​ថា Facebook របស់​នាង​ត្រូវ​បាន​ក្រុម Hacker ចូល​គ្រប់គ្រង​តាំងពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​គិត​រហូតដល់​ពេលនេះ​។ កញ្ញា យុង ខេមរា ម្ចាស់ Facebook ឈ្មោះ Khemara Yung បាន​អះអាង​ថា ក្រោយពី Facebook របស់​នាង​ត្រូវ​បាន​ក្រុម​ជន​ងងឹត Hack ហើយ​ពួកគេ​បាន​កាន់កាប់​អស់​រយៈពេល​មួ​យស​ប្តា​ហ៍ និង​បាន​កែប្រែ Profile បុរស​ម្នាក់​ផ្សេង ទៅជា​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​បាន​កែប្រែ​ខ្លឹមសារ និង​រូបភាព​មួយចំនួន ដើម្បី​បំផ្លាញ​កិត្តិយស​របស់លោក និង​ក្រុម​គ្រួសារ​តែប៉ុណ្ណោះ ប៉ុន្តែ​ការពិត សារ​ដែល​មាន​ទំនាក់ទំនង​ឆ្លងឆ្លើយ​ក្នុង​លក្ខណៈ​ឯកជន គឺ​រវាង​រូបនាង ជាមួយ​បុគ្គល​ផ្សេង​ទេ មិនមែន​របស់លោក ហ៊ុន ម៉ា​ណែ​ត នោះទេ នាង​ជាម​ន្ត្រី​យោធា​ផ្តល់​ក្តី​គោរព​លោក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​របស់​ខ្លួន មិនមែន​ដូច​ក្នុង​វិ​ដេ​អូ​បែកធ្លាយ​នោះទេ​។

ជាមួយគ្នា​នោះ កញ្ញា យុង ខេមរា បាន​បដិសេធ​ទាំងស្រុង​នូវ​ការ​ប្រឌិត​រឿងរ៉ាវ​បង្ហោះ​វាយប្រហារ​ថ្មីៗ​នេះ ហើយ​បាន​អំពាវនាវ កុំ​គិតតែ​រិះរក​វិធី​វាយប្រហារ​លាប​ពណ៌ ដើម្បី​កេង​ចំណេញ​នយោបាយ ដើម្បី​បំបែកបំបាក់​មិត្តភាព សាមគ្គីភាព នៃ​ក្រុមការងារ និង​សាច់ញាតិ​គ្រួសារ ព្រោះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ត្រូវ​ងាក​ទៅធ្វើ​អ្វី ដែល​ចំណេញ​ដល់​ជាតិ​នោះ​វិញ​។

​តាម​ការ​ពិនិត្យមើល​យ៉ាង​លម្អិត លើ​វីដេអូ​បែកធ្លាយ​នោះ មាន​ចំណុច​កាត់ត​យ៉ាងច្រើន​កន្លែង ហើយ​ពួកគេ​ពិត​មាន ជំនាញ​កាត់ត​យ៉ាង​ស្ទាត់ជំនាញ ដើម្បី​បន្លំ​ភ្នែក​មហាជន​ទូទៅ​។ ចំពោះ Profile រូបភាព ខ្លឹមសារ និង​ថ្ងៃខែ គឺ​ងាយស្រួល​នឹង​ប្តូរ​តាមចិត្ត​ចង់​របស់​ក្រុម​គេ​ណាស់​៕