ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ស្ដីបន្ទោស​ការចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ដែល​ថា ក្រុង​ប៉េកាំង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត

ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ដែលថា ក្រុង​ប៉េកាំង​កំពុង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ដោយ​ហៅ​វា​ថា “​មិន​សមរម្យ​” និង “​គួរ​ឲ្យ​អស់សំណើច”។

នៅក្នុង​សុន្ទរកថា​ដ៏​ចម្រូងចម្រាស់​មួយ លោក Pence បាន​ចោទប្រកាន់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការឈ្លានពាន​យោធា ការ​លួច​ពាណិជ្ជកម្ម​និង​ការកើនឡើង​នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ខណៈដែល​លោក​បាន​អះអាងថា មហាអំណាច​អាស៊ី​មួយ​នេះ​កំពុង​ព្យាយាម​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សុន្ទរកថា​នោះបាន​ធ្វើការ​ចោទប្រកាន់​ដោយ​មិន​សមរម្យ​ប្រឆាំងនឹង​គោលនយោបាយ​ក្នុងស្រុក​និង​បរទេស​របស់​ចិន​និង​និយាយ​បង្កាច់បង្ខូច​ប្រទេស​ចិន​ដោយ​អះអាងថា ចិន​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​និង​ការបោះឆ្នោត​របស់​សហរ​ដ្ឋ​អាមេរិក​”​។​

លោកស្រី​បាន​និយាយទៀតថា “​នេះ​ជាការ​និយាយ​ដោយ​ផ្អែកលើ​ភស្តុតាង​ចចាមអារ៉ាម ការយល់ច្រឡំ​អំពី​ខុស​និង​ត្រូវ​និង​ជាការ​បង្កើត​រឿង​។ ចិន​សូម​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​វា​”​។​

ដោយ​ផ្នែក​លើ​ពាក្យបណ្តឹង​របស់លោក Donald Trump នៅ​អង្គការសហប្រជាជាតិ​កាលពី​សប្តាហ៍​មុន​, លោក Pence បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា កំពុង​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​ជះឥទ្ធិពល​លើ​ទស្សនៈ​សាធារណជន​របស់​អាមេរិក​មុន​ការបោះឆ្នោត​សភា​ដ៏​សំខាន់​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា​និង​ចង់បាន​ប្រធានាធិបតី​អាមេរិក​ខុសពី​នេះ​។​

រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ដ៏​ធំ​ទាំងពីរ​នេះ​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយសារតែ​លោក Trump បានដាក់​ពន្ធគយ​ក្នុង​ចំនួន​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន​។​

លោកស្រី Hua បាន​និយាយថា “​វា​គួរ​ឲ្យ​អស់សំណើច​ណាស់​សម្រាប់​ភាគី​អាមេរិក​ក្នុងការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផ្លាស់ប្តូរ​ជាធម្មតា​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​”​។​
លោកស្រី​បាន​បញ្ជាក់ថា “​ប្រទេស​ចិន​តែងតែ​គោរព​តាម​គោលការណ៍​នៃ​ការមិន​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ​ហើយ​យើង​មិន​ចាប់អារម្មណ៍​ក្នុងការ​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​និង​ការបោះឆ្នោត​របស់​អាមេរិក​ទេ​។ យើង​សូម​អំពាវនាវ​ឲ្យ​អាមេរិក​កែតម្រូវ​កំហុស​របស់ខ្លួន បញ្ឈប់​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​និង​និយាយ​បង្កាច់បង្ខូច​ប្រទេស​ចិន​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​និង​ទំនាក់ទំនង​ចិន – អាមេរិក​”៕ AFP