ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អូស្ត្រាលី​បិទ​ជំរំ​ឃុំឃាំង​ជនអន្តោប្រវេសន៍​ដ៏​ល្បីល្បាញ

រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ជំរំ​ឃុំឃាំង​ជនអន្តោប្រវេសន៍​ដ៏​ល្បីល្បាញ​មួយ​នៅ​កោះ Christmas ដាច់ស្រយាល​ ត្រូវបាន​បិទ​ហើយ​។ រដ្ឋាភិបាល​បាន​សរសើរ​អំពី​ភាពជោគជ័យ​ក្នុង​គោលនយោបាយ​តឹងរ៉ឹង​របស់ខ្លួន​ដើម្បី​បញ្ចប់​នូវ​លំហូរ​នៃ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន។

ជំរំ​នៅលើ​ទឹកដី​មហាសមុទ្រ​ឥណ្ឌា​ដែលមាន​ចម្ងាយ​ប្រហែល​២,៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង Perth ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​មួយ​នេះ​គឺជា​ទីតាំង​នៃ​កុបកម្ម ការស្លាប់ ការចាប់រំលោភ​និង​ការ​ធ្វើបាប​រាងកាយ​ខ្លួនឯង​ចាប់តាំងពី​វា​ត្រូវបាន​បើក​នៅក្នុង​ឆ្នាំ​២០០៨​មក​។​

អ្នកនាំពាក្យ​ក្រសួងអន្តោប្រវេសន៍​លោក David Coleman បាន​ប្រាប់ AFP ថា “​មណ្ឌល​នេះ​ឥឡូវ​បាន​បិទទ្វារ​ហើយ​ខណៈ​អ្នក​ជាប់ឃុំ​ដែល​នៅ​សេសសល់​ប្រហែល​៣០​នាក់​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ឃុំឃាំង​ដីគោក​នៅ​ចុង​សប្តាហ៍​”​។​

មណ្ឌល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​កង់​បេ​រ៉ា​ដើម្បី​បិទ​ពាណិជ្ជកម្ម​រត់ពន្ធ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដោយ​អ្នក​មកដល់​ត្រូវបញ្ជូន​ទៅកាន់​កោះ Christmas ឬ​ជំរំ​ប៉ាស៊ីហ្វិក​ផ្សេងទៀត​នៅ​កោះ Papua New Guinea និង Nauru​។​

នៅ​ចំណុច​មួយ ទូក​ដែល​មកដល់​ស្ទើរតែ​រាល់ថ្ងៃ​ពី​កន្លែង​ចាកចេញ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​និង​ស្រីលង្កា​គឺ​បាន​ដឹក​ជនអន្តោប្រវេសន៍​អស់សង្ឃឹម​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដោយមាន​ទូក​ខ្លះ​បាន​លិច​ខណៈពេល​ធ្វើដំណើរ​។​

ក្រោម​គោលនយោបាយ​គ្មាន​ការអត់ឱន​ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​អភិរក្ស​ចាប់តាំងពី​ចុងឆ្នាំ ២០១៣​មក​, ទូក​ទាំងអស់​ត្រូវបាន​រុញច្រាន​ត្រឡប់​ទៅវិញ​ហើយ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ត្រូវបាន​ហាមឃាត់​ពី​ការតាំង​ទីលំនៅ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

លោក Coleman បាន​និយាយថា “​នៅ​ចំ​ណុច​កំពូល​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៣ មនុស្ស​ជាង​១០,០០០​នាក់​ត្រូវ​ឃុំខ្លួន​នៅក្នុង​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​រួមទាំង​កុមារ​២,០០០​នាក់​ផងដែរ​”​។​
លោក Coleman បាន​ស្តីបន្ទោស​គណបក្ស​ការងារ​ដែល​កាន់តំណែង​មុន​សម្រាប់​ការមកដល់​នេះ​៕ AFP