ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte និយាយថា ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជំងឺមហារីក

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ថ្មីៗ​ថា​តើ​គាត់​មាន​ជំងឺមហារីក​ដែរ​ឬក៏​អត់។

លោក Duterte អាយុ​៧៣​ឆ្នាំ​គឺជា​មនុស្ស​ដែលមាន​វ័យចាស់​ជាងគេ​បំផុត​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅក្នុង​ប្រទេស​ហើយ​មានការ​រំពឹងទុក​កាន់តែខ្លាំង​អំពី​សុខភាព​របស់គាត់​ចាប់តាំងពី​គាត់​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦​មក។

នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​បាន​និយាយថា គាត់​បានទទួល​ការឆ្លុះ​ពិនិត្យ​សរីរាង្គកាយ​និង​ការឆ្លុះ​ពោះវៀន​កាលពី​បី​សប្តាហ៍​មុន​ប៉ុន្តែ​គាត់​ត្រូវបាន​ណែនាំ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ធ្វើការ​ពិនិត្យ​ម្តងទៀត​។​

លោក​បាន​និយាយថា “​ខ្ញុំ​មិនដឹងថា ខ្ញុំ​នៅ​កន្លែង​ណា​នោះទេ​។ ខ្ញុំ​ត្រូវ​រង់ចាំ​វា​ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​តើ​វា​ជា​ជំងឺមហារីក​មែនឬ​អត់​។ ហើយ​ប្រសិនបើ​វា​ស្ថិតនៅ​ដំណាក់កាល​ទី​បី​នោះ គ្មាន​ការព្យាបាល​ទៀត​ទេ ខ្ញុំ​នឹងមិន​ពន្យារ​ការឈឺចាប់​របស់ខ្ញុំ​នៅក្នុង​ការិយាល័យ​ឬ​កន្លែង​ណា​ទេ​”​។​

មានការ​រំពឹងទុក​យ៉ាងខ្លាំង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​បន្ទាប់ពី​លោក Duterte ខកខាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​និង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​ផ្សេងទៀត​។​

អ្នកនាំពាក្យ​លោក Harry Roque បាន​និយាយថា រដ្ឋាភិបាល​សូម​បដិសេធថា មេដឹកនាំ​រូបនេះ​មិនមាន​បញ្ហា​សុខភាព​ទេ​។ លោក Roque បាន​បន្ថែមថា “​ខ្ញុំ​សូម​អះអាង​ដល់​អ្នក​ថា ខ្ញុំ​មិន​ទទួលបាន​ព័ត៌មាន​ថា គាត់​ទៅ​មន្ទីរពេទ្យ​នោះទេ​”​។​

លោក Duterte ធ្លាប់បាន​និយាយថា គាត់​ឈឺក្បាល​ប្រកាំង​ជា​រៀងរាល់ថ្ងៃ​រួមទាំង​ជំងឺ Buerger ដែលជា​ជំងឺ​មួយ​ប៉ះពាល់​ដល់​សរសៃឈាម​និង​អវយវៈ​ជាទូទៅ​សារ​តែ​ការជក់បារី​ផងដែរ​។​

គាត់​បានលើកឡើង​ពី​បញ្ហា​សុខភាព​មិនល្អ​របស់គាត់​ថា​ជា​មូលហេតុ​នៃ​ការ​រំលង​ព្រឹ​ត្ដិ​ការណ៍​នានា​អំឡុង​កិច្ចប្រជុំ​កំពូល​នៅក្រៅ​ប្រទេស​៕ AFP


TAG