ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖​ កំណែទម្រង់​អប់រំ​នៅតែ​ជា​ស្នូល​នៃ​យុត្តិសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កំណែទម្រង់​អប់រំ​នៅតែ​ជា​ស្នូល​នៃ​យុត្តិសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល គ្មាន​មនុ​ស្សគឺ​មិនអាច​ធ្វើ​អ្វី​បាន​នោះ​ទេ។ ជាមួយនេះ​សម្តេច​បាន​ឲ្យ​តម្លៃ​ទៅលើ​គុណភាព​គ្រូ​ថា ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ ការលើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ដើម្បី​ធ្វើ​ឲ្យ​គុណភាព​បង្រៀន​កាន់តែ​ល្អ​គឺ​នៅតែ​ជា​ចំណុច​ពិសេស​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ។

ជា​មួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​មានការ​បំផុស​វប្បធម៌​គោរព​ដឹងគុណ​គ្រូ ឲ្យ​ក្លាយ​ទៅ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​ ដែល​ជា​ផ្នែក​មួយ​នៃ​វប្ប​ធម៌​បង្រួបបង្រួម​ជាតិ​ផងដែរ​។ ការប្រមាថ​ចំពោះ​គ្រូ​គឺជា​អំពើ​អកតញ្ញូ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​បែបនេះ​នៅក្នុង “​ទិវា​គ្រូបង្រៀន ៥ តុលា​” ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​គុណភាព​គ្រូ ជា​គុណភាព​មូលធន​មនុស្ស សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​ការ​សប្បាយរីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ ទិវា​គ្រូបង្រៀន​នា​ពេល​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​តែងតែ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទ​គ្រូបង្រៀន​ជាប់​ជានិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​គឺជា​លើក​ទី ២១ ហើយ​តាមរយៈ​ប្រធានបទ​ឆ្នាំនេះ​គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​គ្រូបង្រៀន​ទាំងអស់​ក្នុង​ការ​បង្ហាញ​ពី​តម្លៃ​គ្រូ​បង្រៀន​ដែល​បាន​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ទិវា​គ្រូបង្រៀន​ដំបូង​នៅ​កម្ពុជា​ដើម្បី​ជា​ការ​រំឭក​គុណគ្រូ​តាមរយៈ​ការបង្កើត​ទិវា​គ្រូបង្រៀន​កាលពី​ថ្ងៃ ទី ៣ ខែ កញ្ញា ឆ្នាំ ១៩៩៧ ដោយ​កំណត់​យក​ថ្ងៃទី ៥ ខែ តុលា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទិវា​នេះ​គឺ​មាន​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំង​ឡាយ ឲ្យ​រំឭក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស ដែល​ពួកគាត់​ជា​រៀមច្បង​ក្នុង​ការងារ​អប់រំ បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់​ការពារ កសាង និង អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ ដែល​ពួកគាត់​បាន និង​កំពុង​បំពេញការងារ​ជា​អ្នក​អប់រំ​និង​ជា​សិល្បករ​ផ្ទេរ​ចំណេះដឹង​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ តាម​គំនិត​ថ្មី​នៃ​ការអប់រំ គឺ​រៀន​ដើម្បី​មាន​ចំណេះដឹង រៀន​ដើម្បី​មានចំណេះ​ធ្វើ​រៀន​ដើម្បី​មាន​សីលធម៌​ល្អ​និង​រៀន ​ដើម្បី​រួមរស់​នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុម។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ​រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល ២១ឆ្នាំ​ហើយ ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ផ្តល់​តម្លៃ​និង​សេចក្តី​ថ្លៃថ្នូរ​ជូន​គ្រូបង្រៀន​។ គ្រូបង្រៀន​នេះ​ហើយ​បាន​រួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ហើយ​រួមចំណែក​សំខាន់​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​បាន​ចាក​ផុតពី​ប្រទេស​ក្រីក្រ​និង​ឈាន​ទៅ​មុខ​ទៀត​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

ជា​រួម​ដោយ​បាន​មើល​ឃើញ​ថា ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​គ្រូ​បង្រៀន​ដែល​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ន័យ​នេះ​ ការ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​គ្រូបង្រៀន ជា​កិច្ចការ​ចំពោះមុខ​មួយ​របស់​កម្ពុជា។ លើស​នេះ​ទៀត​ក្នុង​រយៈពេល​កន្លងមក​នេះ​រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​គិតគូរ​ពី​បញ្ហា​តម្រូវការ​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​បាន​គិត​គូរ​អំពី​កា​រលើ​កម្ពស់​សមត្ថភាព​និង​គុណវុឌ្ឍិ​គ្រូ​ប​ង្រៀន​ថែម​ទៀតផង។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​រំលឹក​ផង​ដែរ​ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ យើង​បាន​អនុវត្ត​គោលការណ៍​សំខាន់​របស់​យើង​ក្នុង​វិស័យ​អប់រំ​នេះ គឺ ”​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​”។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ពិតណាស់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ការអប់រំ​នៅតែ​ជា​ឤទិភាព​មួយ​ក្នុងចំណោម​ឤ​ទិ​ភាព​ទាំងឡាយ សម្រាប់​អភិវឌ្ឍ​ជាតិ​ខណៈ​បច្ចុប្បន្ននេះ ទីផ្សារ​ការងារ​ក៏​កាន់តែ​ត្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ ចំណេះវិជ្ជា​ជ្រៅជ្រះ និង បំ​ណិ​ន​កម្រិត​ខ្ពស់ ​ហើយ​ការ​លើកកម្ពស់​វិស័យ​អប់រំ​នេះ​គឺ​នឹង​ធានា​បាន​នូវ​ការផលិត​ធនធានមនុស្ស​ឲ្យ​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់​។

​សម្តេច​តេ​ជោ​បន្ត​ថា ​ចំពោះមុខ​យើង​ក៏​នៅតែ​បន្ត​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​វិស័យ​អប់រំ​នេះ គឺ​ដើម្បី​ធានា​ឲ្យ​មាន​តុល្យភាព រវាង​ការ​ពង្រឹង​គុណភាព​អប់រំ និង ការពង្រីក​បរិមាណ​ព្រមទាំង​ជំរុញ​ឲ្យ​មាន​ការសិក្សា​រៀនសូត្រ​ពេញ​មួយ​ជីវិត ព្រោះ​ការសិក្សា​រៀនសូត្រ គឺជា​ការងារ​មួយ​គ្មាន​ទី​បញ្ចប់។

ជា​រួម​យើង​ឃើញថា​បរិមាណ​ក្នុង​វិស័យ​អប់រំ​ចេះតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​តម្រូវ​ឲ្យ​មានការ​បង្កើន​សាលារៀន គ្រូបង្រៀន (​ពិសេស​នៅតាម​តំបន់​ដាច់ស្រយាល​) និង ការ​បង្កើន​មូលដ្ឋាន​សម្ភារៈ​ថែមទៀត ដើម្បី​ដោះស្រាយ​កំណើន​សិស្ស​និស្សិត​នេះ ។ ក្នុង​ស្មារតី​នេះ​យើង​ពិតជា​ត្រូវការ​កម្លាំង​សរុប​របស់​ជាតិ​ទាំងមូល ដោយ​រួមគ្នា​ដោះស្រាយ​ដោយ​មិនត្រូវ​ទុក​ឲ្យ​កូនចៅ​យើង​ណា​ម្នាក់​ស្ថិតនៅ​ក្រៅ​សេវា​អប់រំ ឬ​ជាម​នុស្ស​ដែល​គ្មាន​ជំនាញ​ពិតប្រាកដ​នោះឡើយ ជាពិសេស ចំពោះ​ក្រុម​ងាយ​រងគ្រោះ ដែល​ត្រូវ​យកចិត្តទុកដាក់​ជាប​ឋ​ម​នោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា មានរឿង​ទី​២​ដែល​សម្តេច​បាន​ខិតខំ​ធ្វើ​នៅពេលនោះ ហើយ ឆ្នាំនេះ​បានកើត​ទៅជា​ទិវា​គ្រូបង្រៀន​ដែលមាន​រយៈពេល ២១ ឆ្នាំ នោះ​គឺ​ការបង្កើត​ទិវា​រំលឹក​គុណគ្រូ​។​សម្តេច​តេ​ជោ​បាន​បន្ត​សម្តេច​ចង់អោយ​ទិវា​គ្រូបង្រៀន​នេះ​ក្លាយទៅជា​ទិវា​ដែល​យើង​ត្រូវធ្វើ​ជាប្រចាំ ។ ទិវា​នេះ​យើង​បាន​ខិតខំ​បង្កើត​នៅចាំ​បាន​ថា​នៅក្នុង​ឆ្នាំ ១៩៩៧​។ ពេលនោះ ខ្ញុំ​បានធ្វើ​កិច្ចការ​ពីរ​ដែល​សំខាន់​។ កិច្ចការ​ទី ១. គឺ​លើក​កម្រិត​អាយុ​គ្រូបង្រៀន​ទាំងអស់​ដែល​កាល​មុននេះ ត្រូវដាក់​អោយចូល​និវត្តន៍​នៅក្នុង​អាយុ ៥៥ ឆ្នាំ ហើយ​ឡើងដល់ ៦០ ឆ្នាំ ។ វា​ជាការ​សោកស្តាយ​មួយ​របស់ខ្ញុំ​ប្រសិនជា​ពេលនោះ​ស្នើ​លើក​នូវ​អាយុ​(​ចូលនិវត្តន៍​)​អោយដល់ ៦៥ ឆ្នាំ​គឺជា​ការ​ល្អ​បំផុត​ហើយ​ ព្រោះ​នៅក្នុង​វ័យ ៦០ (​ឆ្នាំ​) និង ៦៥ ឆ្នាំ គឺជា​វ័យ​ដែល​កំពុង​ខ្លាំងក្លា​ខ្លាំង​ណាស់​ប៉ុន្តែ​បែរជា​វ័យ​ត្រូវ​ចូលនិវត្តន៍​។ បញ្ហា​នេះ ក៏​ជា​បញ្ហា​មួយ​ដែល​សម្តេច​ស្នើ​ឲ្យ​មានការ​ពិនិត្យ​វិនិច្ឆ័យ​នៅក្នុង​ក្របខណ្ឌ​គ្រូបង្រៀន តើ​យើង​អាច​គួរ​ធ្វើ​យ៉ាងម៉េច ដើម្បី​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​គ្រូបង្រៀន​ទៅបាន​? កាលពីមុន​ខ្ញុំ​បានត្រឹមតែ​លើក​ពី ៥៥ (​ឆ្នាំ​) មកដល់​ត្រឹម ៦០ (​ឆ្នាំ​) គ្រប់ៗ​គ្នា​។

​នៅក្នុង​ឱកាស​នេះ​ផង​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​នូវ​ពានរង្វាន់​លើកទឹកចិត្ត​សម្រាប់ លោកគ្រូ អ្នកគ្រូ ដែល​បានទទួល​ជ័យលាភី​ផ្នែក​ប្រឡង តែង​និពន្ធ និង សូត្រ​កំណាព្យ ដោយ​ផ្នែក​សូត្រ​កំណាព្យ​លេខ ១ ទទួលបាន​ថវិកា​ចំនួន​៥​លាន​រៀល , លេខ​២ ទទួលបាន​ថវិកា​៤​លាន​រៀល និង​លេខ ៣​ទទួលបាន​ថវិកា​៣​លាន​រៀល​។ ចំណែកឯ​ផ្នែក​តែង​និពន្ធ​វិញ​លេខ​១​ទទួលបាន ៥​លាន​រៀល , លេខ​២​ទទួលបាន​៤​លាន​រៀល និង​លេខ​៣ ទទួលបាន​៣​លាន​រៀល៕