ព័ត៍មានទាន់​ហេតុការណ៏
Search

ខេ​មចាន់ និង ផាន ផាត់​យុទ្ធ រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​ខ្សែក្រវាត់​គូ​បូ​តា

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ ១ គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​សុក្រ​ទី​០៥​ តុលា​ ២០១៨ ដែលជា​ការប្រកួត​ជុំ​ទី​៣ នោះ ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ក្រោយពី​ពួកគេ​ទាំងពីរ​វាយ​ឈ្នះ​ឡាវ និង ថៃ​នោះ។

ខេ​ម ចាន់ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ឡាវ Wangngeun Rungrean អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ហើយ ផាន ផាត់​យុទ្ធ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Anuntasak Site Phukhorngyus ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។

ក្នុងការ​ប្រកួត​ទឹក​ទី​២​នោះ ខេ​មចាន់ បាន​ទាត់​ជើង​ស្តាំ​របស់ Wangngeun Rungrean អោយ​ឈឺ​ដួល​ក្រោក​លែងរួច ទោះបីជា​អាជ្ញាកណ្តាល​បាន​រាប់​អ្នក​ប្រដាល់​ឡាវ​នោះ​ដល់​ដប់​ហើយ​ក្តី ក៏​គេ​មិន​ក្រោក​បន្ត​ការប្រកួត​ទៀត​ដែរ​ដែល​ធ្វើ​ឲ្យ​ខេ​មចាន់​ទទួលបាន​ជ័យជម្នះ​។

ជាមួយនឹង​លទ្ធផល​នេះ ខេ​ម ចាន់​បាន​៧​ពិន្ទុ ក្នុង​បី​ប្រកួត​ដោយ​ឈ្នះ​២​ចាញ់​១​ប្រកួត ហើយ​អ្នក​ប្រដាល់​ឡាវ Wangngeun Rungrean គេ​បាន​៥​ពិន្ទុ ក្នុងការ​ប្រកួត​បី​ប្រកួត​ដូចគ្នា គឺ​ឈ្នះ​១​ចាញ់​២​ប្រកួត។

ចំពោះ​ការប្រកួត​របស់​ផាន ផាត់​យុទ្ធ វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដូច​ការប្រកួត​របស់​ខេ​ម ចាន់​ដែរ ។ ក្នុង​ទឹក​ទី​៤ ផាត់​យុទ្ធ បាន​ទាត់​ជើងឆ្វេង​របស់​អ្នក​ប្រដាល់​ថៃ Anuntasak​មួយ​ជើងខូច​ជំហរ​ប្រកួត ហើយ​គេ​បាន​ថែ​ង​មួយ​កែង​ស្តាំ​ចំ​សៀតផ្កា Anuntasak ធ្វើអោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួល​លែង​ក្រោក​តែម្តង ទោះបី​អាជ្ញាកណ្តាល​រាប់​ដល់​ដប់​ហើយ​ក្តី។

ផាន ផាត់​យុទ្ធ ក្រោយ​ឈ្នះ Anuntasak នេះ គេ​មានសង្ឃឹម​សឹងតែ​១០០% ថា​នឹង​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ ព្រោះ​គេ​វាយ​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​ទៅហើយ ក្នុងការ​ប្រកួត​ជម្រុះ​៣​ជុំ​នេះ ។ ចំណែក Anuntasak គេ​មានសង្ឃឹម​តិចតួច​បំផុត ក្នុងការ​ស្តារ​ពិន្ទុ​សម្រាប់​ជុំ​បន្តបន្ទាប់​ទៀត ដោយសារ​គេ​បាន​៥​ពិន្ទុ​ក្នុង​បី​ប្រកួត​ដូចគ្នា​នោះ ។

សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង​១០​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ។​

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៤ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អេ ហនុមាន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​ប្រកួត​ឈ្នះ​វិ​ន ដេវីត ដោយ​ពិន្ទុ ហើយ​សំណាង ចាន់​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ វាយ​ចាញ់​មិត្ត ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​ប៉េអឹម​ស្រុក​រុក្ខ​គិរី ក្នុង​ទឹក​ទី​៣៕