ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក អំពាវនាវ​ឲ្យពលរដ្ឋ​ប្រុងប្រយ័ត្ន ជំនន់​ទឹកភ្លៀង​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨”

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ “​ខណ្ឌ ស្រុក ក្រុង មួយចំនួន នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ប្រុង​ប្រយ័ត្ន ពី ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨”​។

សេចក្តីប្រកាស​នោះ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៨ ពោលគឺ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្លៀង​អាច​បន្ត​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ហើយ​ក្នុងនោះ រាជធានី​-​ខេត្ត ចំនួន ០៥ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួមមាន​ ៖ ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​០៨-១០ ខែតុលា ឆ្នាំ​២០១៨។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ក្នុងនោះ នៅ​តំបន់​ខ្ពង់រាប មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម និង​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​អក្សរ​ពណ៌​ក្រហម​ថា “​ខណ្ឌ ស្រុក ក្រុង មួយចំនួន នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨”៕ ​