ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវប្រគល់​ឲ្យ​អ្នកធ្វើ​យុទ្ធនា​ការប្រឆាំង​អំពើហិង្សា​ផ្លូវភេទ

វេជ្ជបណ្ឌិត​កុង​ហ្គោ​លោក Denis Mukwege និង​សកម្មជន​យ៉ា​ហ្ស៊ី​ឌី​លោកស្រី Nadia Murad បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៨​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ការងារ​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ផ្លូវភេទ​នៅក្នុង​ជម្លោះ​ជុំវិញ​ពិភពលោក​។

​ប្រធាន​គណៈកម្មាធិការ​ណូបែល​លោកស្រី Berit Reiss-Andersen បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា អ្នក​ទាំងពីរ​បានឈ្នះ​ពានរង្វាន់​នេះ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុង​ការបញ្ចប់​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​ផ្លូវភេទ​ជា​អាវុធ​សង្គ្រាម​និង​ជម្លោះ​ប្រដាប់អាវុធ​។​
​អ្នក​ដែល​ឈ្នះ​ទាំងពីរ​នេះ​គឺមាន​ម្នាក់​ជា​គ្រូពេទ្យ​និង​ម្នាក់ទៀត​ជា​អតីត​ទាសករ​ផ្លូវភេទ​របស់​ក្រុម​រដ្ឋ​ឥស្លាម​។

​ពានរង្វាន់​នេះ​ត្រូវបាន​ប្រកាស​ចំពេល​ចលនា #MeToo បាន​ប្រារព្ធ​ខួប​លើកទីមួយ​របស់ខ្លួន​ប​ន្ទា​ប់​ពី​រយៈពេល​មួយឆ្នាំ​ដែល​ក្នុងនោះ ការចោទប្រកាន់​អំពី​ការរំលោភបំពាន​ផ្លូវភេទ ការរំលោភ​សេពសន្ថវៈ​និង​ការ​ធ្វើទុក្ខបុកម្នេញ​បាន​ផ្តួលរំលំ​បុរស​ដែលមាន​អំណាច​រាប់សិប​នាក់​។

​ដោយ​ទទួលស្គាល់​ការងារ​របស់​អ្នក​ទាំងពីរ គណៈកម្មាធិការ​ណូបែល​បានដាក់​ការយកចិត្តទុកដាក់​លើ​ការប្រើ​អំពើហិង្សា​ផ្លូវភេទ​ក្នុង​សង្គ្រាម​ថា​ជា​បញ្ហា​សកល​មួយ​។

​លោក Mukwege ដែល​កំពុងធ្វើការ​វះកាត់​ក្នុង​មន្ទីរពេទ្យ​របស់គាត់​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​នៅពេលដែល​អ្នកឈ្នះ​ត្រូវបាន​ប្រកាស​គឺ​បាន​ឧទ្ទិស​រង្វាន់​របស់គាត់​ចំពោះ​ស្ត្រី​ទាំងអស់​ដែល​ទទួលរង​អំពើហិង្សា​ផ្លូវភេទ​ក្នុង​សង្គ្រាម​។

​ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ វេជ្ជបណ្ឌិត​វ័យ​៦៣​ឆ្នាំ​រូបនេះ​បាន​ជួយ​ស្ត្រី​ឲ្យ​ងើប​ចេញពី​អំពើហិង្សា​និង​ការឈឺចាប់​អំពី​ការរំលោភបំពាន​ផ្លូវភេទ​និង​ការរំលោភ​សេពសន្ថវៈ​នៅឯ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​ដែល​ញាំញី​ដោយ​សង្គ្រាម​។

​លោក Mukwege បាន​ព្យាបាល​ជនរងគ្រោះ​រាប់ពាន់នាក់​រួមទាំង​ស្ត្រី កុមារ​និង​សូម្បីតែ​ទារក​ទើបតែ​មាន​អាយុ​ប៉ុន្មាន​ខែ​ផងដែរ​នៅ​មន្ទីរពេទ្យ Panzi ដែល​គាត់​បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៩​ក្នុង​តំបន់ South Kivu ។ គាត់​គឺជា​អ្នក​រិះគន់​ឥត​សំចៃមាត់​អំពី​ការរំលោភបំពាន​លើ​ស្ត្រី​ក្នុងអំឡុង​សង្គ្រាម​ដោយ​ហៅ​ការរំលោភ​ថា​ជា “​អាវុធ​ប្រល័យ​លោក​”​។

​គណៈកម្មាធិការ​ពានរ​ង្វាន់​ណូបែល​ក៏បានផ្តល់​កិត្តិយស​ដល់​លោកស្រី Murad ជនជាតិ​អ៊ីរ៉ាក់​អាយុ​២៥​ឆ្នាំ​មកពី​សហគមន៍ យ៉ា​ហ្ស៊ី​ឌី ផងដែរ​ដែល​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចាប់ជំរិត​នៅ​ឆ្នាំ​២០១៤​ហើយ​បាន​ស៊ូទ្រាំ​រយៈពេល​៣​ខែ​ជា​ទាសករ​ផ្លូវភេទ​មុនពេល​រត់គេចខ្លួន​។

​បន្ទាប់ពី​ការរត់​គេចខ្លួន​ភ្លាម នាង​បាន​ក្លាយជា​មេដឹកនាំ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​សហគមន៍​យ៉ា​ហ្ស៊ី​ឌី​ហើយ​ក្រោយមក​ត្រូវបាន​គេ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​៕ AFP